បរទេស៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបានព្រមព្រៀងពន្លឿនការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) ដែលបានកែលម្អថ្មី ឱ្យចូលជាធរមានមុនកាលកំណត់ ដើម្បីសម្រួលដល់ការធ្វើចរាចរទំនិញ និងសកម្មភាពធុរកិច្ចឆ្លងកាត់ព្រំដែនក្នុងតំបន់។
យោងតាមការរាយការណ៍របស់ The Jakarta Post ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Gan Kim Yong បានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកថា រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបានយល់ព្រមកែលម្អ និងអនុវត្ត ATIGA មុនកាលកំណត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់។
លោកបានចាត់ទុកការសម្រេចចិត្តនេះជាលទ្ធផលសំខាន់មួយពីកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន។ ATIGA គឺជាក្របខ័ណ្ឌសម្រាប់គ្រប់គ្រងពាណិជ្ជកម្មទំនិញក្នុងតំបន់ ដោយផ្តោតលើការកាត់បន្ថយរបាំងពាណិជ្ជកម្ម និងសម្រួលដល់ការដាក់លក់ផលិតផលរបស់អាជីវកម្មនៅតាមទីផ្សារប្រទេសអាស៊ាន។
កិច្ចព្រមព្រៀងដែលបានកែលម្អនេះ ដើមឡើយគ្រោងចូលជាធរមាននៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៧ ប៉ុន្តែអាស៊ានកំពុងជំរុញឱ្យការអនុវត្តត្រូវបានពន្លឿនមកត្រឹមចុងឆ្នាំ២០២៦។
លោក Gan Kim Yong បានលើកឡើងថា ការអនុវត្តមុនកាលកំណត់នឹងជួយឱ្យទំនិញចរាចរឆ្លងកាត់ព្រំដែនបានកាន់តែងាយស្រួល និងផ្តល់ឱកាសដល់ធុរកិច្ចទទួលបានទីផ្សារធំទូលាយជាងមុននៅទូទាំងតំបន់។
ការកែលម្អ ATIGA មានគោលបំណងបន្តកាត់បន្ថយរបាំងពាណិជ្ជកម្ម និងធ្វើឱ្យការដឹកជញ្ជូនទំនិញនៅទូទាំងអាស៊ីអាគ្នេយ៍កាន់តែមានប្រសិទ្ធភាព តាមរយៈការកែសម្រួលបទប្បញ្ញត្តិ និងនីតិវិធីគយ ខ្សែច្រវាក់ផ្គត់ផ្គង់ និងវិធានការពាក់ព័ន្ធនឹងពាណិជ្ជកម្មផ្សេងទៀត។
លោក Gan Kim Yong បានបញ្ជាក់ថា អាស៊ាននឹងបន្តរួមគ្នាធ្វើសមាហរណកម្មក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ និងពង្រឹងភាពជាដៃគូជាមួយពិភពខាងក្រៅ ស្របពេលតំបន់កំពុងស្វែងរកការពង្រឹងពាណិជ្ជកម្មក្នុងតំបន់ចំពេលសេដ្ឋកិច្ចពិភពលោកមានភាពមិនប្រាកដប្រជា។
ក្រៅពី ATIGA រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានក៏បានត្រួសត្រាយផ្លូវសម្រាប់ការពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ដោយផ្តោតលើការធានាថាបទប្បញ្ញត្តិគ្រប់គ្រងពាណិជ្ជកម្មសេវាកម្មអាចឆ្លើយតបទៅនឹងការវិវត្តន៍នៃសេដ្ឋកិច្ច។
បន្ថែមពីនេះ រដ្ឋមន្ត្រីក៏បានពិភាក្សាអំពីការអនុវត្តក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ដែលគ្រោងនឹងចុះហត្ថលេខានៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងខែវិច្ឆិកាខាងមុខ។
DEFA មានគោលដៅសម្រួលដល់ប្រតិបត្តិការសេដ្ឋកិច្ចរបស់អាជីវកម្ម និងអ្នកប្រើប្រាស់នៅទូទាំងអាស៊ីអាគ្នេយ៍ ដោយគ្របដណ្តប់លើពាណិជ្ជកម្មអេឡិចត្រូនិក ការទូទាត់ឌីជីថល ការបញ្ជូនទិន្នន័យឆ្លងព្រំដែន និងសន្តិសុខស៊ីនធឺណិត។
លោក Gan Kim Yong បានលើកឡើងថា ភារកិច្ចបច្ចុប្បន្នរបស់អាស៊ាន គឺការបំប្លែងមហិច្ឆតាឌីជីថលរបស់តំបន់ទៅជាលទ្ធផលជាក់ស្តែងសម្រាប់ធុរកិច្ច និងអ្នកប្រើប្រាស់ទូទាំងអាស៊ីអាគ្នេយ៍៕























