អាស៊ាន​ស្រូប​ទាញ​ទុន​ជាង ​២៤៣ ​ពាន់​លាន​ដុល្លារ​ពី​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាស៊ាន​ស្រូប​ទាញ​ទុន​ជាង ​២៤៣ ​ពាន់​លាន​ដុល្លារ​ពី​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​

អាស៊ាន​ស្រូប​ទាញ​ទុន​ជាង ​២៤៣ ​ពាន់​លាន​ដុល្លារ​ពី​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​

បរទេស​៖​ ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​(​FDI​)​ ​ក្នុង​តំបន់​អាស៊ាន​បាន​កើនឡើង​ ​៩​,​៧ ភាគរយ ​ដល់​ ២​៤៣​,​៩ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០​២៥​ ​ពី​ ​២​២៦ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០២៤​ ​ដោយ​មាន​ការ​ជំរុញ​សំខាន់​ពី​កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម​កែច្នៃ ​និង​ផលិតកម្ម ​ជាពិសេស​គ្រឿង​អេឡិចត្រូនិក ​និង​បរិក្ខារ​អគ្គិសនី​។

យោង​តាម​របាយការណ៍​ស្តីពី​ការ​វិនិយោគ​អាស៊ាន ​ការ​វិនិយោគ​ក្នុង​ចំណោម​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​បាន​ឈានដល់​ជិត​ ៤០ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០​២៥ ​ដែល​បង្ហាញ​ពី​ការ​កើនឡើង​នៃ​សារៈសំខាន់​នៃ​ទុន​ក្នុង​តំបន់​ ​និង​ការ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​សមាជិក​អាស៊ាន​។

តួ​លេខ​នេះ​ត្រូវ​បាន​បង្ហាញ​ក្នុង​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​តំបន់​វិនិយោគ​អាស៊ាន​លើក​ទី​២៩ ​ដែល​រៀបចំឡើង​នៅ​ថ្ងៃ​ទី​១៩​ ​ខែ​កញ្ញា​ ​ដោយ​ប្រទេស​ហ្វីលីពីន ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៦​។

របាយការណ៍​បាន​បញ្ជាក់​ថា​ ​បច្ចេកវិទ្យា​ឌីជីថល នវានុវត្តន៍ ​និង​ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ ​កំពុង​ក្លាយជា​កត្តា​សំខាន់​សម្រាប់​ទស្សនវិស័យ​វិនិយោគ ​និង​ការ​អភិវឌ្ឍ​វិស័យ​ផលិតកម្ម​ក្នុង​តំបន់​។

​លោក​ ​Ceferino ​Rodolfo អនុ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ហ្វីលីពីន ​បាន​លើកឡើង​ថា​ ​កំណើន FDI ​បង្ហាញ​ពី​ទំនុកចិត្ត​របស់​វិនិយោគិន​លើ​អាស៊ាន ​ទោះបីជា​សេដ្ឋកិច្ច​ពិភពលោក​ប្រឈម​នឹង​ភាព​មិន​ប្រាកដប្រជា​ក៏​ដោយ​។

​លោក​បាន​បន្ថែម​ថា​ ​ការ​វិនិយោគ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ក៏​បន្ត​កើនឡើង​ ​ដែល​ជួយ​ពង្រឹង​បរិយាកាស​វិនិយោគ​ ​បង្កើត​ឱកាស​ទីផ្សារ​កាន់តែ​ទូលំទូលាយ ការងារ ​និង​ប្រាក់​ចំណូល​ ​ខណៈ​តំបន់​កំពុង​ជំរុញ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​។

​លោក​ Rodolfo ​បាន​សង្កត់ធ្ងន់​ថា​ ​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​មិន​ត្រឹមតែ​ជា​កិច្ចការ​ការទូត​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ជា​យន្តការ​សម្រាប់​ទាក់ទាញ​ការ​វិនិយោគ​ គាំទ្រ​អាជីវកម្ម​ ​បង្កើត​ការងារ​ ​និង​ពង្រឹង​ភាព​ធន់​សេដ្ឋកិច្ច​។

​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៦ ​ហ្វីលីពីន​កំពុង​ផ្តោត​លើ​ការ​ទាក់ទាញទុន​យុទ្ធសាស្ត្រ​ទៅកាន់​វិស័យ​តម្លៃ​ខ្ពស់​ ​និង​ផ្អែក​លើ​ចំណេះដឹង ​ដូចជា​ បន្ទះ​ឈីប ​ថាមពល​កកើត​ឡើង​វិញ​ ​បច្ចេកវិទ្យា​ឌីជីថល បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​និង​ការ​កែច្នៃ​រ៉ែ​សំខាន់​ៗ​។​

​ហ្វីលីពីន​ក៏​គ្រោង​បន្ត​ជំរុញ​កំណែទម្រង់​ការ​វិនិយោគ ​និង​វិធានការ​លើកទឹកចិត្ត​ផ្សេង​ៗ ​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ក្នុង​តំបន់​បន្ថែម​ទៀត ​ជាពិសេស​ទៅកាន់​វិស័យ​ឧស្សាហកម្ម​ដែល​កំពុង​រីកចម្រើន ​និង​មាន​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា