អាស៊ានបញ្ចប់កិច្ចប្រជុំកំពូលលើកទី៤៩ ជាមួយលទ្ធផលសំខាន់ៗជាង ១០០ និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាស៊ានបញ្ចប់កិច្ចប្រជុំកំពូលលើកទី៤៩ ជាមួយលទ្ធផលសំខាន់ៗជាង ១០០ និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល

អាស៊ានបញ្ចប់កិច្ចប្រជុំកំពូលលើកទី៤៩ ជាមួយលទ្ធផលសំខាន់ៗជាង ១០០ និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល

បរទេស៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា បានបញ្ចប់នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយសម្រេចបានឯកសារលទ្ធផលជាង ១០០ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ឌីជីថល និងសន្តិសុខតំបន់ ព្រមទាំងបានបញ្ចប់អាណត្តិប្រធានអាស៊ានរបស់ហ្វីលីពីន និងផ្ទេរតំណែងជាផ្លូវការទៅឱ្យសិង្ហបុរីសម្រាប់ឆ្នាំ២០២៧។ នេះបើយោងតាមវេទិកាផ្លូវការរបស់អាស៊ាន។

កិច្ចប្រជុំរយៈពេល ៣ ថ្ងៃនេះ បានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជាមួយដៃគូសន្ទនាអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀង និងក្របខ័ណ្ឌថ្មីៗជាច្រើន។ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ មេដឹកនាំអាស៊ានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ដែលជាសន្ធិសញ្ញាសេដ្ឋកិច្ចឌីជីថលថ្នាក់តំបន់ដំបូងគេបង្អស់ក្នុងពិភពលោក។ កិច្ចព្រមព្រៀងនេះកំណត់វិធានការរួមសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន ការទូទាត់ឌីជីថល និងលំហូរទិន្នន័យ ដោយមានគោលដៅជំរុញទំហំសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ឱ្យឈានដល់ ២ ទ្រីលានដុល្លារនៅឆ្នាំ២០៣០។

ជាមួយគ្នានេះ អាស៊ានបានសម្ពោធទង់ជាតិ និងនិមិត្តសញ្ញាអាស៊ានថ្មី ដើម្បីឆ្លុះបញ្ចាំងពីការចូលជាសមាជិកទី១១ របស់ទីម័រខាងកើត។ ប្រទេសនេះក៏ត្រូវបានកំណត់ឱ្យឡើងកាន់តំណែងជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២៩ ផងដែរ។

ចំពោះវិស័យអភិបាលកិច្ចដែនសមុទ្រ និងសន្តិសុខ សមាជិកអាស៊ានទាំងអស់បានអនុម័តលក្ខខណ្ឌប្រតិបត្តិសម្រាប់មជ្ឈមណ្ឌលដែនសមុទ្រអាស៊ានថ្មី ដើម្បីបម្រើជាមជ្ឈមណ្ឌលគោលនយោបាយក្នុងតំបន់។ ចំណែកការចរចាលើក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) បានឈានដល់កម្រិតជាង ៨០ ភាគរយ ដោយនៅសល់តែចំណុចរសើប និងពិបាកចរចាមួយចំនួនទៀត ដែលគ្រោងដោះស្រាយឱ្យបានបញ្ចប់នៅឆ្នាំ២០២៧។

សម្រាប់វិបត្តិនៅមីយ៉ាន់ម៉ា មេដឹកនាំអាស៊ានបានបន្តរក្សាជំហរមិនអនុញ្ញាតឱ្យថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំកំពូល ដរាបណាមិនទាន់មានវឌ្ឍនភាពជាក់ស្តែងក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច។ ក្នុងន័យនេះ អាស៊ានអនុញ្ញាតឱ្យតំណាងមិនមែននយោបាយរបស់មីយ៉ាន់ម៉ាចូលរួមប៉ុណ្ណោះ ឬទុកកៅអីឱ្យនៅទំនេរ។

ក្រៅពីនេះ ឯកសារលទ្ធផលជាង ១០០ ផ្សេងទៀត ក៏បានគ្របដណ្តប់លើការជំរុញសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) តាមរយៈការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ការចល័តធនធានមនុស្សផ្នែកឌីជីថលឆ្លងដែន កិច្ចសហប្រតិបត្តិការលើរ៉ែសំខាន់ៗ វិទ្យាសាស្ត្រអវកាស ការការពារកុមារពីការកេងប្រវ័ញ្ចតាមអ៊ីនធឺណិត និងគំនិតផ្តួចផ្តើមដាំដើមឈើមួយពាន់លានដើម។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី២១ (EAS) ដែលមានការចូលរួមពីអាស៊ាន និងប្រទេសដៃគូ រួមមាន អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន នូវែលសេឡង់ រុស្ស៊ី កូរ៉េខាងត្បូង និងអាម៉េរិក ភាគីទាំងអស់បានអនុម័តសេចក្តីថ្លែងការណ៍ស្តីពី «ការរួមគ្នាត្រួសត្រាយអនាគត៖ ស្ថិរភាព និងការបង្កើតថ្មី» ដោយសង្កត់ធ្ងន់លើការដោះស្រាយជម្លោះដោយសន្តិវិធី និងការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់។

កិច្ចប្រជុំនេះក៏បានចេញសេចក្តីថ្លែងការណ៍រួមប្រឆាំងនឹងការឆបោកតាមអនឡាញ ដោយប្តេជ្ញាសម្របសម្រួលការអនុវត្តច្បាប់ និងចែករំលែកព័ត៌មានសម្ងាត់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអ៊ីនធឺណិតឆ្លងដែន ព្រមទាំងដាក់ចេញគំនិតផ្តួចផ្តើមថ្មីៗពាក់ព័ន្ធនឹងសុវត្ថិភាពអ្នកធ្វើការលើនាវា និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។

ដោយឡែក កិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២៩ ជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង បានអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីភស្តុភារកម្មដែនសមុទ្រ និងការការពារសន្តិសុខស្បៀងអាហារ និងថាមពលក្នុងតំបន់ពីវិបត្តិសកល ដូចជាជម្លោះនៅមជ្ឈិមបូព៌ាជាដើម។ ភាគីពាក់ព័ន្ធក៏បានពិភាក្សាអំពីការបង្កើតយន្តការស្តុកប្រេងបម្រុងបន្ទាន់រួមគ្នាក្នុងតំបន់ ដើម្បីជួយរក្សាស្ថិរភាពតម្លៃប្រេងនៅទូទាំងអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍។

ចំពោះកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក ភាគីទាំងពីរបានអនុម័តផែនការការងារគ្រប់ជ្រុងជ្រោយឆ្នាំ២០២៦-២០៣០ ដែលជាផែនទីបង្ហាញផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេល ៥ ឆ្នាំ។ កិច្ចប្រជុំនេះក៏បានដាក់ចេញគោលការណ៍ភាពជាដៃគូរដ្ឋ និងឯកជនចំនួន ១០ ចំណុច ដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើរ៉ែកម្រសំខាន់ៗ ការអភិវឌ្ឍបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ និងការនាំចេញឧស្ម័នធម្មជាតិរាវ (LNG) របស់អាម៉េរិក។

ក្នុងឱកាសនោះ លោក ដូណាល់ ត្រាំ បានកោតសរសើរភាពជាអ្នកដឹកនាំរបស់លោក ម៉ាកូស ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៦ និងតួនាទីសកម្មរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។ លោក ត្រាំ បានបញ្ជាក់ថា អាម៉េរិកនឹងបន្តគាំទ្រការអនុវត្តកិច្ចព្រមព្រៀងនេះឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ស្របតាមការឯកភាពគ្នាកាលពីឆ្នាំ២០២៥។ ក្រៅពីនេះ លោក ត្រាំ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយជាមួយនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល ផងដែរ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២៣ មេដឹកនាំបានអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងដាក់ឱ្យដំណើរការផែនការសហប្រតិបត្តិការដែនសមុទ្ររយៈពេលវែង។ ឥណ្ឌាក៏បានប្រកាសផ្តល់ទិដ្ឋាការអេឡិចត្រូនិក (e-visa) ដោយឥតគិតថ្លៃសម្រាប់ភ្ញៀវទេសចរមកពីប្រទេសអាស៊ានទាំងអស់ ព្រមទាំងផ្តល់ការបណ្តុះបណ្តាលរួមលើការធ្វើកោសល្យវិច័យតាមអ៊ីនធឺណិត ការផ្លាស់ប្តូរបច្ចេកទេសថាមពលនុយក្លេអ៊ែរ ការបង្កើតកម្មវិធីអវកាស និងការបន្តចរចាពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា (AITIGA)។

ជាមួយគ្នានេះ កិច្ចប្រជុំកំពូលអាស៊ាន-កាណាដា បានប្រកាសពីការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACAFTA) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំបូងរបស់អាស៊ានជាមួយដៃគូនៅអាម៉េរិកខាងជើង។ ចំណែកកិច្ចប្រជុំកំពូលអាស៊ាន-ចិន បានប្រកាសថា កិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានកម្រិត ៣.០ (CAFTA 3.0) នឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៦ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង ព្រមទាំងកិច្ចសហប្រតិបត្តិការលើអភិបាលកិច្ចគ្រោះមហន្តរាយ។

ដោយឡែក កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៩ បានដាក់ឱ្យដំណើរការគំនិតផ្តួចផ្តើម POWERR Asia ដើម្បីពង្រឹងភាពធន់ផ្នែកថាមពល និងរ៉ែសំខាន់ៗ ព្រមទាំងបង្កើតភាពជាដៃគូស្តីពីសុវត្ថិភាព និងសន្តិសុខបញ្ញាសិប្បនិម្មិតរវាងជប៉ុន និងអាស៊ាន។ ជប៉ុនក៏បានផ្តល់ជូនអាស៊ាននូវសិទ្ធិប្រើប្រាស់សមត្ថភាពស្តុកប្រេងឆៅដែលមិនទាន់ប្រើប្រាស់របស់ខ្លួនផងដែរ។

លទ្ធផលទាំងនេះបានបង្ហាញពីវិសាលភាពនៃកិច្ចសហប្រតិបត្តិការរបស់អាស៊ានជាមួយដៃគូសន្ទនានានា ដោយគ្របដណ្តប់លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យា សន្តិសុខ និងការតភ្ជាប់ក្នុងតំបន់ ខណៈដែលសិង្ហបុរីនឹងទទួលតំណែងជាប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នាំ២០២៧ បន្តពីហ្វីលីពីន៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចអន្តរជាតិពីវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP)

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា