រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​ត្រៀម​ជួប​គ្នា​នៅ​ហ្វីលីពីន​ ដោះស្រាយ​ហានិភ័យ​នាំចូល​ប្រេង​ពី​មជ្ឈិម​បូព៌ា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​ត្រៀម​ជួប​គ្នា​នៅ​ហ្វីលីពីន​ ដោះស្រាយ​ហានិភ័យ​នាំចូល​ប្រេង​ពី​មជ្ឈិម​បូព៌ា​

រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​ត្រៀម​ជួប​គ្នា​នៅ​ហ្វីលីពីន​ ដោះស្រាយ​ហានិភ័យ​នាំចូល​ប្រេង​ពី​មជ្ឈិម​បូព៌ា​

បរទេស​៖​ ​រដ្ឋមន្ត្រី​ថាមពល​នៃ​បណ្តា​ប្រទេស​អាស៊ាន​នឹង​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​នៅ​ថ្ងៃ​ទី​៧​-​៨​ ​ខែ​តុលា ​ដើម្បី​ពិភាក្សា​អំពី​ភាព​ងាយរងគ្រោះ​របស់​តំបន់​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​ថាមពល ​និង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា។ ​នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​ ​CNA​។​

​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​ដែល​បន្ត​អូសបន្លាយ​ ​បាន​ជំរុញ​ឱ្យ​អាស៊ាន​ពន្លឿន​ការ​អនុវត្ត​ផែនការ​សន្តិសុខ​ថាមពល ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ពី​ការ​ឡើង​ថ្លៃ​ប្រេង​ភ្លាម​ៗ ​ដែល​អាច​បង្កឡើង​ដោយ​ការ​វាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ផ្លូវ​ដឹកជញ្ជូន​តាម​សមុទ្រ​នៅ​មជ្ឈិមបូព៌ា​។

​បច្ចុប្បន្ន​ អាស៊ាន​នាំចូល​ប្រេង​ឆៅ​ពី​មជ្ឈិម​បូព៌ា​លើស​ពី​ ​៥០ ​ភាគរយ ​សម្រាប់​រោងចក្រ​ចម្រាញ់​ប្រេង​ ខណៈ​តម្លៃ​ប្រេងឆៅ​បន្ត​ស្ថិត​ក្នុង​រង្វង់​ជាង​ ​១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។ ​ស្ថានភាព​នេះ​ធ្វើឱ្យ​ក្តី​បារម្ភ​អំពី​សន្តិសុខ​ថាមពល​កាន់តែ​ស្មុគស្មាញ ​បន្ទាប់ពី​រោងចក្រ​ចម្រាញ់​ប្រេង​របស់​ចិន​បាន​ផ្អាក​ការ​នាំចេញ​សម្រាប់​ខែ​តុលា​។

ការ​កើនឡើង​នៃ​តម្លៃ​ប្រេង​បាន​បង្កើន​ចំណាយ​សម្រាប់​គ្រួសារ​នៅក្នុង​តំបន់​ ​និង​កាត់បន្ថយ​ប្រាក់​ចំណូល​របស់​អ្នក​បើកបរ​ក្នុង​វិស័យ​ដឹកជញ្ជូន​។

​ក្នុង​បរិបទ​នេះ ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​ត្រូវ​បាន​រំពឹង​ថា​នឹង​ពិនិត្យ​ ​និង​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិសុខ​ប្រេង​អាស៊ាន ​(​APSA​) ​ដើម្បី​សម្របសម្រួល​ការ​ឆ្លើយតប​ក្នុង​គ្រាអាសន្ន​។ ​គំនិត​ផ្តួចផ្តើម​រយៈពេល​វែង ​រួម​មាន​បណ្តាញ​អគ្គិសនី​អាស៊ាន ​(​AS​EAN ​Power ​Grid​) ​និង​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ​ ​ក៏​ស្ថិត​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​នេះ​ផងដែរ​។

​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​ក៏​ត្រូវ​បាន​រំពឹង​ថា​នឹង​ពិភាក្សា​អំពី​វិធី​កាត់បន្ថយ​ការ​នាំចូល​ប្រេងឥន្ធនៈ​ក្នុង​រយៈពេល​វែង ​ដោយ​ថាមពល​ក​កើត​ឡើង​វិញ​ ​យានយន្ត​អគ្គិសនី ​និង​ប្រសិទ្ធភាព​ថាមពល ​នឹង​ក្លាយជា​ប្រធានបទ​សំខាន់​។

ទោះជា​យ៉ាងណា​ ​មជ្ឈមណ្ឌល​ថាមពល​អាស៊ាន​បាន​ព្រមាន​ក្នុង​ឯកសារ​គោលនយោបាយ​មួយ​ថា​ ​ការ​រំខាន​ធ្ងន់ធ្ងរ​ដល់​ការ​ផ្គត់ផ្គង់​ពី​មជ្ឈិមបូព៌ា​ ​អាច​ធ្វើឱ្យ​អាស៊ាន​ខ្វះខាត​ប្រេង​ដល់​ ​២៨ ​ភាគរយ​ ​ដែល​ជា​កម្រិត​ហានិភ័យ​ខ្ពស់​។ ការ​ខ្វះខាត​ប្រេង​ក្នុង​ស្តុក​ ក៏​នៅតែ​ជា​ឧបសគ្គ​ដល់​ការ​អនុវត្ត​ ​APSA ​ផងដែរ​។

​ជាមួយគ្នា​នេះ​ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ ​(​I​EA​)​ ប៉ាន់ប្រមាណ​ថា​ ​តម្លៃ​នាំចូល​ថាមពល​របស់​អាស៊ាន​អាច​កើនឡើង​ពី​ ៨០ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៤ ​ដល់​ ២​៤៥ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០៣៥ ​ប្រសិនបើ​គ្មាន​ការ​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​។

I​EA ​បង្ហាញ​ថា​ ​ប្រសិនបើ​អាស៊ាន​ពង្រីក​ការ​ប្រើប្រាស់​អគ្គិសនី ​និង​ប្រេង​ជីវឥន្ធនៈ​ឱ្យ​កាន់តែ​ទូលំទូលាយ នោះ​នឹង​ជួយ​កាត់បន្ថយ​តម្រូវការ​ប្រេង ​និង​កាត់បន្ថយ​ហានិភ័យ​ពី​ការ​ប្រែប្រួល​តម្លៃ​នាំចូល​ប្រេង​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា