អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

បរទេស៖ ប្រតិភូប្រមាណ ៦០ រូប នឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត អែល នីញ៉ូ (El Niño) និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រក្នុងតំបន់អាស៊ាន នេះបើយោងតាមសេចក្ដីរាយការណ៍ពី Vietnam.VN ។

កិច្ចប្រជុំអនុគណៈកម្មាធិការអាស៊ានស្តីពីឧតុនិយម និងភូមិរូបវិទ្យា (SCMG/SC-EOSS)ប្រចាំឆ្នាំលើកទី ៤៧ បានប្រមូលផ្តុំស្ថាប័នឧតុនិយម និងជលសាស្ត្រជាតិមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន ដឹកនាំដោយវៀតណាម ដែលជាម្ចាស់ផ្ទះ។ ក្នុងចំណោមនោះ មានប្រតិភូអន្តរជាតិប្រមាណ ៤០ រូប តំណាងឱ្យលេខាធិការដ្ឋានអាស៊ាន, អ្នកជំនាញ, និងមន្ត្រីសម្របសម្រួលផ្នែកឧតុនិយម និងជលសាស្ត្រអាស៊ាន, អង្គការឧតុនិយមពិភពលោក (WMO), ភ្នាក់ងារឧតុនិយមមកពីប្រទេសជប៉ុន និងចិន។ នៅក្នុងកិច្ចប្រជុំនេះ ក៏មានតំណាងប្រទេសសមាជិកអាស៊ានធ្វើបច្ចុប្បន្នភាពការព្យាករណ៍ ចែករំលែកដំណោះស្រាយឆ្លើយតបទៅនឹងបញ្ហា និងពិភាក្សាលើការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងទិន្នន័យធំ Big Data ក្នុងវិស័យឧតុនិយមផងដែរ។

ផ្អែកតាមទិន្នន័យថ្មីៗរបស់អង្គការឧតុនិយមពិភពលោក (WMO) បានឲ្យដឹងថា បាតុភូត El Niño បង្កើនកម្លាំងខ្លាំងឡើងដែលអាចបន្តអូសបន្លាយយ៉ាងហោចណាស់ដល់ចុងខែកុម្ភៈ ឆ្នាំ២០២៧។ ផលប៉ះពាល់នៃ El Niño មានភាពខុសៗគ្នាតាមតំបន់ និងនៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ានដូចជា៖

  • កម្ពុជាប្រឈមនឹងការបញ្ចប់រដូវវស្សាលឿន រួមទាំងគ្រោះរាំងស្ងួត ប៉ះពាល់កសិកម្ម ដែលគំរាមកំហែងដល់សន្តិសុខស្បៀង ជីវភាពប្រជាជន និងធ្វើឱ្យកុមារជាង ១,៣ លាននាក់ប្រឈមនឹងកង្វះទឹកស្អាត។
  • ឡាវប្រឈមនឹងការស្រុតចុះនៃកម្រិតទឹកទន្លេមេគង្គ ប៉ះពាល់ដល់ការផលិតវារីអគ្គិសនីនាំចេញ ដែលនឹងរុញច្រានឱ្យអតិផរណាកើនឡើង និងជីវភាពរស់នៅឡើងថ្លៃជាងមុន។
  • អាស៊ីអាគ្នេយ៍ដែនកោះ (ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ប្រ៊ុយណេ) ប្រឈមនឹងការរាំងស្ងួតខ្លាំងដែលបង្កឱ្យមានអគ្គិភ័យឆេះព្រៃ និងវិបត្តិផ្សែងអ័ព្ទពុលឆ្លងដែន ប៉ះពាល់ដល់សុខភាព និងការធ្វើដំណើរ។
  • ថៃ និងវៀតណាម ប្រឈមនឹងរលកកម្ដៅខ្លាំង និងគ្រោះរាំងស្ងួតដោយសារការថយចុះនៃធនធានទឹកសាប បង្កឡើងដោយការជ្រៀតចូលនៃទឹកប្រៃទៅក្នុងតំបន់វាលទំនាបទន្លេមេគង្គយ៉ាងធ្ងន់ធ្ងរ ខណៈដែលបច្ចុប្បន្ន ថៃ កំពុងជួបការរីងស្ងួតយ៉ាងខ្លាំងនៃទឹកក្រោមដី និងអាងស្តុកទឹក ដែលបង្កជាការគំរាមកំហែងដល់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្ររហូតដល់ឆ្នាំ ២០២៧។
  • ហ្វ៊ីលីពីន ជួបប្រទះស្ថានភាពផ្ទុយគ្នាក្នុងពេលតែមួយ គឺគ្រោះរាំងស្ងួតនៅខេត្តមួយចំនួន និងភ្លៀងធ្លាក់ខ្លាំងខុសធម្មតានៅតំបន់មួយចំនួនទៀត៕
កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា