អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

បរទេស​៖​ ​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​។ ​នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​ ​Asia​ ​News​ ​Network​។​

Advertisement

របាយការណ៍​របស់​ធនាគារ​ ​UOB​ ​ដែល​មាន​មូលដ្ឋាន​នៅ​សិង្ហបុរី​ ​បាន​បង្ហាញ​ថា​ ​ក្នុង​ចំណោម​ក្រុមហ៊ុន​ចិន​ចំនួន​ ​៣៨០​ ​ដែល​បាន​ចូលរួម​ក្នុង​ការ​ស្ទង់​មតិ ​មាន​ប្រមាណ​ ​៨០​ ​ភាគរយ​មាន​ផែនការ​ពង្រីក​អាជីវកម្ម​នៅ​ក្រៅ​ប្រទេស​ ​ខណៈ​បណ្ដា​ប្រទេស​អាស៊ាន​នៅតែ​ជា​គោលដៅ​ដែល​ត្រូវបាន​ជ្រើសរើស​ច្រើន​ជាង​គេ​។

​ការ​កើនឡើង​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ចិន​ ​និង​អាស៊ាន​ក៏​បាន​ជំរុញ​និន្នាការ​នេះ​ផងដែរ​។​ តម្លៃ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំង​ពីរ​បាន​កើនឡើង​ ​១៨,២​ ​ភាគរយ​ ​ដល់​ ​៤,៣៤​ ​ទ្រី​លាន​យ័ន ​ឬ​ប្រមាណ​ ​៦៤៣,២​ ​ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​ ​៦​ ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ​២០២៥​។

​ក្នុង​ចំណោម​ប្រទេស​គោលដៅ​សំខាន់​ៗ​របស់​ក្រុមហ៊ុន​ចិន​ ​ម៉ាឡេស៊ី ​សិង្ហបុរី​ និង​ថៃ​ ស្ថិត​នៅ​លំដាប់​កំពូល​ទាំង​បី​។

​ម៉ាឡេស៊ី​ទទួលបាន​ការ​ចាប់អារម្មណ៍​ខ្ពស់​បំផុត​ ​ដោយ​មាន​ ​៥៦​ ​ភាគរយ​នៃ​ក្រុមហ៊ុន​ដែល​បាន​ស្ទង់​មតិ​ជ្រើសរើស​ជា​គោលដៅ​។ ​ការ​ចាប់អារម្មណ៍​នេះ​ត្រូវបាន​ជំរុញ​ដោយ​តម្រូវការ​ថាមពល​កើនឡើង​ ​ឱកាស​ក្នុង​វិស័យ​ថាមពល​ស្អាត​ ​និង​ថាមពល​កកើត​ឡើងវិញ​ ​ព្រមទាំង​ការ​រីកចម្រើន​នៃ​មជ្ឈមណ្ឌល​ទិន្នន័យ​ ​ខណៈ​ក្រុមហ៊ុន​ទូរគមនាគមន៍​ និង​អេឡិចត្រូនិក​ចិន​ជាច្រើន​បាន​បង្កើត​វត្តមាន​នៅ​ទីនោះ​។

​សិង្ហបុរី​ឈរ​នៅ​លំដាប់​ទី​ពីរ ​ដោយ​ទទួលបាន​ការ​ចាប់អារម្មណ៍​ ​៥៤​ ​ភាគរយ​។ ​ប្រទេស​នេះ​មាន​ភាព​ទាក់ទាញ​ដោយសារ​ធនធាន​មនុស្ស​ និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​ ​(​R​&​D​) ​ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​ចិន​មាន​ទំនុកចិត្ត​ក្នុង​ការ​ជ្រើសរើស​សិង្ហបុរី​ជា​ទីតាំង​សម្រាប់​ការិយាល័យ​កណ្តាល​ប្រចាំ​តំបន់​។

​ថៃ​ស្ថិត​នៅ​លំដាប់​ទី​បី ​ដោយ​ទទួលបាន​ការ​ចាប់អារម្មណ៍​ ​៥១​ ​ភាគរយ​។ ​ប្រទេស​នេះ​មាន​ភាព​ទាក់ទាញ​ដោយសារ​ភាព​ងាយស្រួល​សម្រាប់​អាជីវកម្ម​លក់​រាយ ​និង​ជា​គោលដៅ​សំខាន់​សម្រាប់​ក្រុមហ៊ុន​ផលិត​យានយន្ត​អគ្គិសនី ​(​EV​) ​របស់​ចិន​ ​ក្នុង​ការ​សាងសង់​រោងចក្រ​។

​លោកស្រី​ ​Adaline​ ​Zheng​ ​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ ​UOB​ ​China​ ​Ltd​ ​បាន​លើកឡើង​ថា​ ​និន្នាការ​នេះ​បង្ហាញ​ពី​ការ​ធ្វើ​ពិពិធកម្ម​របស់​ក្រុមហ៊ុន​ចិន​នៅ​ក្រៅ​ប្រទេស​។ ​ក្រុមហ៊ុន​ទាំងនេះ​មិន​ត្រឹមតែ​នាំ​ផលិតផល​ទៅកាន់​ទីផ្សារ​ថ្មី​ៗ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ក៏​នាំយក​បច្ចេកវិទ្យា ​ជំនាញ​ សមត្ថភាព​ប្រតិបត្តិការ​ កម្មសិទ្ធិ​បញ្ញា ​និង​ពេល​ខ្លះ​ខ្សែ​សង្វាក់​ឧស្សាហកម្ម​ទាំងមូល​ទៅកាន់​ទីផ្សារ​ទាំងនោះ​ផងដែរ​។

​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​នៅ​ក្រៅ​ប្រទេស​ក៏​លែង​ផ្តោត​តែ​លើ​ទំនិញ​ទូទៅ​ដូច​កាលពី​មុន​ទៀត​។​ បច្ចុប្បន្ន ​ការ​វិនិយោគ​កាន់តែ​ផ្តោត​លើ​វិស័យ​បច្ចេកវិទ្យា​ខ្ពស់​ ​និង​ទំនើប​ ​ដូចជា​ ​ការ​ផលិត​កម្រិត​ខ្ពស់​ ​ថាមពល​ថ្មី ​យានយន្ត​អគ្គិសនី​ ​និង​វិស័យ​សុខាភិបាល​។

​កាលពី​មុន​ ​មាន​តែ​ក្រុមហ៊ុន​ធំ​ៗ​ដែល​មាន​ធនធាន​ហិរញ្ញវត្ថុ​ច្រើន​ប៉ុណ្ណោះ​ ​ដែល​អាច​ពង្រីក​អាជីវកម្ម​ទៅ​ក្រៅ​ប្រទេស​បាន​។ ​ប៉ុន្តែ​បច្ចុប្បន្ន​ ​ក្រុមហ៊ុន​ឯកជន​ខ្នាត​តូច​ និង​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​ ​ក៏​កំពុង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ពង្រីក​អាជីវកម្ម​ទៅ​ទីផ្សារ​អន្តរជាតិ​ផងដែរ​។

​ស្រប​ពេល​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​រវាង​ចិន​ ​និង​អាស៊ាន​កាន់តែ​ស៊ីជម្រៅ​ តម្រូវការ​ប្រើប្រាស់​ប្រាក់​យ័ន​ក៏​កើនឡើង​ តាមរយៈ​ប្រាក់​កម្ចី​ធនាគារ​ ​សញ្ញាប័ណ្ណ​ ​និង​ឧបករណ៍​ហិរញ្ញវត្ថុ​ផ្សេង​ៗ​។

​និន្នាការ​នេះ​មាន​ន័យ​ថា​ ​ប្រាក់​យ័ន​មិន​ត្រឹមតែ​ត្រូវបាន​ប្រើ​ជា​មធ្យោបាយ​ទូទាត់​ប្រាក់​ក្នុង​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ក៏​កំពុង​ត្រូវបាន​ប្រើប្រាស់​កាន់តែ​ច្រើន​ជា​ឧបករណ៍​ការពារ​ហានិភ័យ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម ​ខណៈ​កិច្ចសហប្រតិបត្តិការ​រវាង​ចិន​ ​និង​អាស៊ាន​បន្ត​ស៊ីជម្រៅ​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា