អាស៊ានចង់ពង្រឹងជំហររបស់តំបន់ឲ្យធំជាងមុននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែកម្រជាសកល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាស៊ានចង់ពង្រឹងជំហររបស់តំបន់ឲ្យធំជាងមុននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែកម្រជាសកល

អាស៊ានចង់ពង្រឹងជំហររបស់តំបន់ឲ្យធំជាងមុននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែកម្រជាសកល

បរទេស៖ អាស៊ានមានបំណងពង្រឹងគោលជំហររបស់ខ្លួនឲ្យធំជាងមុននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែកម្រជាសកល តាមរយៈការទាក់ទាញការវិនិយោគបន្ថែម និងការពង្រីកសមត្ថភាពផលិតកម្មក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Philippine Daily Inquirer ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានអនុម័តក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន មេដឹកនាំទាំងអស់បានប្តេជ្ញាបង្កើតយុទ្ធសាស្ត្ររ៉ែកម្រសំខាន់ៗរបស់អាស៊ាន ដើម្បីតម្រង់ទិសកិច្ចសហប្រតិបត្តិការនៅទូទាំងខ្សែច្រវាក់តម្លៃរ៉ែ។ យុទ្ធសាស្ត្រនេះគ្របដណ្តប់លើការរុករក និងការទាញយករ៉ែ ការកែច្នៃ ការចម្រាញ់ ការផលិត និងការកែច្នៃឡើងវិញ។ អាស៊ានទទួលស្គាល់ពីសក្តានុពលធនធានរ៉ែសំខាន់ៗដ៏ច្រើនសន្ធឹកសន្ធាប់របស់តំបន់ និងតួនាទីរបស់ខ្លួនដែលកំពុងរីកចម្រើនក្នុងនាមជាអ្នកផលិត អ្នកចម្រាញ់ និងអ្នកប្រើប្រាស់រ៉ែ ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍឧស្សាហកម្ម ការផ្លាស់ប្តូរថាមពលសកល បរិវត្តកម្មឌីជីថល និងបច្ចេកវិទ្យាទំនើបៗ។ សេចក្តីថ្លែងការណ៍នេះក៏បានលើកឡើងដែរថា ខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែកម្រសំខាន់ៗចាំបាច់ត្រូវតែមានសុវត្ថិភាព ភាពធន់ ពិពិធកម្ម និងនិរន្តរភាព ដើម្បីគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែង ភាពប្រកួតប្រជែង និងសន្តិសុខសេដ្ឋកិច្ចរបស់តំបន់។

ក្រោមយុទ្ធសាស្ត្រដែលបានស្នើឡើងនេះ អាស៊ានមានគោលបំណងកំណត់ខ្សែច្រវាក់តម្លៃអាទិភាពក្នុងតំបន់ និងឱកាសវិនិយោគនានា ដើម្បីពង្រឹងគោលជំហររបស់ខ្លួនក្នុងនាមជាមជ្ឈមណ្ឌលរ៉ែកម្រដែលមានភាពធន់ ការប្រកួតប្រជែង និងនិរន្តរភាពនៅក្នុងតំបន់។ ជាមួយគ្នានេះ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ អាស៊ាននឹងស្វែងរក​ការវិនិយោគ និងហិរញ្ញប្បទានប្រកបដោយការទទួលខុសត្រូវទាំងពីវិស័យសាធារណៈ និងឯកជន សម្រាប់ការអភិវឌ្ឍរ៉ែសំខាន់ៗតាមរយៈវេទិកាវិនិយោគរ៉ែអាស៊ាន និងបណ្តាញតភ្ជាប់រ៉ែអាស៊ាន។

លើសពីនេះ សេចក្តីថ្លែងការណ៍ក៏បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លាលើការស្រាវជ្រាវ និងការអភិវឌ្ឍ ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹងភូមិវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីលើកកម្ពស់សមត្ថភាពរបស់តំបន់។ អាស៊ានក៏បានប្តេជ្ញាជំរុញការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ការកែច្នៃឡើងវិញ ការទាញយករ៉ែបន្ទាប់បន្សំមកប្រើប្រាស់វិញ និងវិធីសាស្ត្រសេដ្ឋកិច្ចវិលជុំផ្សេងៗទៀត៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា