អាស៊ាន​ ចុះ MOU ស្តីពី បណ្តាញអគ្គិសនី និងសេដ្ឋកិច្ចឌីជីថល ខណៈប្រទេសចំនួន ៥ ចាប់អារម្មណ៍លើការស្តុកប្រេងក្នុងតំបន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាស៊ាន​ ចុះ MOU ស្តីពី បណ្តាញអគ្គិសនី និងសេដ្ឋកិច្ចឌីជីថល ខណៈប្រទេសចំនួន ៥ ចាប់អារម្មណ៍លើការស្តុកប្រេងក្នុងតំបន់

អាស៊ាន​ ចុះ MOU ស្តីពី បណ្តាញអគ្គិសនី និងសេដ្ឋកិច្ចឌីជីថល ខណៈប្រទេសចំនួន ៥ ចាប់អារម្មណ៍លើការស្តុកប្រេងក្នុងតំបន់

បរទេស ៖ រដ្ឋាភិបាលបណ្តាប្រទេសជាសមាជិកអាស៊ានបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ខណៈដែលប្រទេសចំនួន ៥ បង្ហាញចំណាប់អារម្មណ៍លើការស្តុកប្រេងទុកក្នុងតំបន់។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន លោកស្រី Cristina Roque កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី ២៨។

លោកស្រី Cristina Roque បានបញ្ជាក់ថា បណ្តាញអគ្គិសនីនេះមានគោលបំណងតភ្ជាប់ប្រទេសអាស៊ានទាំងអស់ ដើម្បីពង្រឹងសន្តិសុខថាមពល តាមរយៈការបើកផ្លូវឱ្យមានការផ្គត់ផ្គង់អគ្គិសនីឆ្លងដែន។ បន្ថែមពីនេះ ក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្ន ហ្វីលីពីនបានដឹកនាំកិច្ចពិភាក្សាលើការស្តុកប្រេងទុកក្នុងតំបន់ ដើម្បីជួយរដ្ឋសមាជិកគ្រប់គ្រងភាពរអាក់រអួលនៃការផ្គត់ផ្គង់ និងកាត់បន្ថយហានិភ័យដល់អាជីវកម្ម ក៏ដូចជាអ្នកប្រើប្រាស់ ក្នុងអំឡុងពេលដែលពិភពលោកកំពុងជួបប្រទះភាពមិនប្រាកដប្រជា។

ប្រទេសចំនួន ៥ រួមមាន សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងអារ៉ាប់រួម ដែលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្តុកប្រេងទុកនៅតាមបណ្តាប្រទេសដែលមានទីតាំងស្តុកទុកសមស្រប។ នៅក្រោមការរៀបចំនេះ ប្រទេសដែលចូលរួមនឹងរក្សាទុនបម្រុងប្រេងនៅទូទាំងតំបន់ ដែលអនុញ្ញាតឱ្យសមាជិកអាចទាញយកការផ្គត់ផ្គង់ពីប្រទេសជិតខាងនៅពេលចាំបាច់ និងជួយកាត់បន្ថយថ្លៃដឹកជញ្ជូន និងភស្តុភារកម្មផងដែរ។ ការចូលរួមនេះគឺធ្វើឡើងដោយស្ម័គ្រចិត្ត ដោយប្រទេសនានាអាចចូលរួមក្នុងការរៀបចំនេះបាននៅពេលមានតម្រូវការកើតឡើង។

ពាក់ព័ន្ធនឹងសន្តិសុខស្បៀង លោកស្រី Cristina Roque លើកឡើងថា អាស៊ានបានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីពង្រឹងផលិតភាពកសិកម្ម ដែលរួមចំណែកដល់ការផ្គត់ផ្គង់ស្បៀងកាន់តែមានស្ថិរភាព និងពង្រឹងសន្តិសុខស្បៀងក្នុងតំបន់ឱ្យកាន់តែរឹងមាំ។ ទន្ទឹមនឹងនេះ អាស៊ានក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ដែលជាកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលទូទាំងតំបន់ដំបូងគេបង្អស់នៅលើពិភពលោក។

លោកស្រី Cristina Roque ថ្លែងថា «យើងកំពុងកសាងសេដ្ឋកិច្ចឌីជីថលដែលមានសមាហរណកម្មកាន់តែស៊ីជម្រៅសម្រាប់ប្រជាជនជិត ៦៨០ លាននាក់ ជាមួយនឹងសក្តានុពលក្នុងការបង្កើនទំហំសេដ្ឋកិច្ចទ្វេដង ដែលប៉ាន់ស្មានពី ១ ទ្រីលានដុល្លារ ទៅដល់ ២ ទ្រីលានដុល្លារនៅត្រឹមឆ្នាំ២០៣០»។

លោកស្រីគូសបញ្ជាក់បន្ថែមថា កិច្ចព្រមព្រៀង DEFA ផ្តល់នូវក្របខ័ណ្ឌរួមមួយសម្រាប់ទីផ្សារឌីជីថលអាស៊ានឲ្យកាន់តែរលូន មានសុវត្ថិភាព និងតភ្ជាប់គ្នាទៅវិញទៅមក ព្រមទាំងគ្របដណ្តប់លើវិស័យសហប្រតិបត្តិការសំខាន់ៗដូចជា ពាណិជ្ជកម្មឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែន ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួលដល់អាជីវកម្មនានាក្នុងការផ្តល់ទំនិញ និងសេវាកម្មនៅទូទាំងទីផ្សារក្នុងតំបន់៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា