ទីផ្សារ​ភាគហ៊ុន​អាស៊ីធ្លាក់ចុះ​ខ្លាំង ​ខណៈ​អ្នកវិនិយោគ​បារម្ភ​​ចំពោះ​អនាគត​ ​AI​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទីផ្សារ​ភាគហ៊ុន​អាស៊ីធ្លាក់ចុះ​ខ្លាំង ​ខណៈ​អ្នកវិនិយោគ​បារម្ភ​​ចំពោះ​អនាគត​ ​AI​

ទីផ្សារ​ភាគហ៊ុន​អាស៊ីធ្លាក់ចុះ​ខ្លាំង ​ខណៈ​អ្នកវិនិយោគ​បារម្ភ​​ចំពោះ​អនាគត​ ​AI​

បរទេស​៖ ​ទីផ្សារ​ភាគហ៊ុន​នៅ​ទូទាំង​តំបន់​អាស៊ី​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ ​ជាពិសេស​នៅ​ទីក្រុង​សេអ៊ូល ​និង​ទីក្រុង​តូក្យូ ​ដោយសារ​ការ​ធ្លាក់ចុះ​យ៉ាង​គំហុក​នៃ​ភាគហ៊ុន​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ​និង​បន្ទះ​ឈីប ​ខណៈ​អ្នកវិនិយោគ​កំពុង​បង្ហាញ​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ចំពោះ​អនាគត​នៃ​វិស័យ​បញ្ញា​សិប្បនិម្មិត​ ​(​AI​)​។ ​នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​ ​CNA​។

Advertisement

​ការ​ធ្លាក់ចុះ​នេះ​កើតឡើង​ បន្ទាប់ពី​មាន​ព័ត៌មាន​ថា​ ​ក្រុមហ៊ុន​ចិន​ ​Shanghai​ ​Yuliangsheng​ ​បាន​ចាប់ផ្តើម​ផលិត​បច្ចេកវិទ្យា​ឈីប​ក្នុង​ទ្រង់ទ្រាយ​ធំ ​ដែល​កាលពី​មុន​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​បច្ចេកវិទ្យា​ផ្តាច់​មុខ​របស់​ក្រុមហ៊ុន​ហូឡង់​ ​ASML​។

​នៅ​កូរ៉េ​ខាងត្បូង​ សន្ទស្សន៍​ផ្សារ​ហ៊ុន​ ​KOSPI​ ​បាន​ធ្លាក់ចុះ​ជិត​ ​១០​ ​ភាគរយ ​ខណៈ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ ​SK​ ​hynix​ ​និង​ ​Samsung​ ​បាន​ធ្លាក់ចុះ​ប្រហែល​ ​១៣​ ​ភាគរយ​។ ​ចំណែក​នៅ​ជប៉ុន​ សន្ទស្សន៍​ផ្សារ​ហ៊ុន​ ​Nikkei​ ​បាន​ធ្លាក់ចុះ​ជាង​ ​៤​ ​ភាគរយ​។​ ក្នុង​នោះ​ តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ ​Kioxia​ ​បាន​ធ្លាក់ចុះ​ ​១៨​ ​ភាគរយ ​ខណៈ​ ​Advantest​ ​និង​ ​Tokyo​ ​Electron​ ​បាន​ធ្លាក់ចុះ​ ​១១​ ​ភាគរយ​។

​សម្រាប់​ទីផ្សារ​ភាគហ៊ុន​តៃវ៉ាន់​វិញ​ សន្ទស្សន៍​ផ្សារ​ហ៊ុន​បាន​ធ្លាក់ចុះ​ជាង​ ​៣​ ​ភាគរយ ​ដោយសារ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​ ​TSMC​។

​លោក​ ​Stephen​ ​Innes​ ​អ្នកជំនាញ​ខាង​ទីផ្សារ​ហិរញ្ញវត្ថុ​ ​និង​ជា​ដៃគូ​គ្រប់គ្រង​នៅ​ក្រុមហ៊ុន​ ​SPI​ ​Asset​ ​Management​ ​បាន​លើកឡើង​ថា​ ​មូលដ្ឋានគ្រឹះ​នៃ​វិស័យ​បន្ទះ​ឈីប​មិន​ទាន់​ដួលរលំ​ទាំងស្រុង​នោះ​ទេ ​ដោយសារ​តម្រូវការ​សម្រាប់​អង្គ​ចងចាំ​កម្រិត​ខ្ពស់​ ​(​HBM​) ​នៅតែ​មាន​ភាព​រឹងមាំ​។

​លោក​បាន​បញ្ជាក់​ថា​ ​អ្វី​ដែល​បាន​ផ្លាស់ប្តូរ​នោះ​គឺ​ចិត្តសាស្ត្រ​របស់​ទីផ្សារ ​ដោយ​អ្នកវិនិយោគ​លែង​មាន​ឆន្ទៈ​បោះ​ទុន​ទិញ​ភាគហ៊ុន​ក្នុង​តម្លៃ​ណាមួយ​ដូច​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ទៀត​ហើយ​។

​កាលពី​មុន​ ​រាល់​ពេល​ដែល​ក្រុមហ៊ុន​ណាមួយ​ប្រកាស​គម្រោង​ ​ឬ​សន្យា​ថា​នឹង​អភិវឌ្ឍ​អ្វី​មួយ​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ ​AI​ ​អ្នកវិនិយោគ​តែង​ប្រញាប់​ទិញ​ភាគហ៊ុន ​ដោយ​មិន​សូវ​ខ្វល់​ពី​តម្លៃ​ ​ដោយសារ​រំពឹង​ថា​នឹង​ទទួលបាន​ផលចំណេញ​ខ្ពស់​។

​ប៉ុន្តែ​បច្ចុប្បន្ន ​ទីផ្សារ​កំពុង​ចាប់ផ្តើម​មាន​ការ​ប្រុងប្រយ័ត្ន​ជាង​មុន​ ​មុននឹង​សម្រេចចិត្ត​បោះ​ទុន ​ដោយ​អ្នកវិនិយោគ​កំពុង​ផ្តោត​សំខាន់​លើ​សមត្ថភាព​របស់​ក្រុមហ៊ុន​ក្នុង​ការ​បង្កើត​ផល​ចំណេញ​ពិតប្រាកដ ​ជាជាង​ការ​រំពឹងទុក​ពី​សក្តានុពល​នៃ​បច្ចេកវិទ្យា​ ​AI​ ​តែ​មួយ​មុខ​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា