សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ភ្នំពេញ​៖​ ​តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ​។

​លោក​ ស៊្រុន​ ពៅ​ ​ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​ ​បាន​ឱ្យ​ដឹង​ថា​ ​នាពេល​ឈានចូលដល់​ពិធី​សែន​ក្បាល​ទឹក​ ​និង​ពិធី​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​តម្រូវការ​សាច់​នៅលើ​ទីផ្សារ​តែងតែ​កើនឡើង​ខ្ពស់​។ ​ទោះជា​យ៉ាងណា ​ស្ថានភាព​តម្លៃ​សាច់​មាន់ ​នៅ​ឆ្នាំ​នេះ​មាន​ភាព​ល្អ​ប្រសើរ ​ដោយសារ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​បរិមាណ​ច្រើន​។

​លោក​បាន​បញ្ជាក់​ថា​ ​បរិមាណ​ផ្គត់ផ្គង់​ច្រើន​រហូត​មាន​ការ​បារម្ភ​អំពី​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​ ​ដែល​អាច​ធ្វើឱ្យ​តម្លៃ​សាច់​សត្វ​មួយចំនួន​មាន​ការ​ប្រែប្រួល​ចុះ​ថ្លៃ​បន្ថែម​ទៀត​។

​លោក​ ស៊្រុន ពៅ ​បាន​ប៉ាន់ប្រមាណ​ថា​ ​ក្នុង​រដូវ​បុណ្យ​ទាន ​ជា​ពិសេស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ ការ​ចរាចរណ៍​មាន់​នៅលើ​ទីផ្សារ​ទូទាំង​ប្រទេស រួម​មាន​មាន់​កសិកម្ម​ ​មាន់​បីសាសន៍​ ​និង​មាន់​ស្រែ ​មាន​ចំនួន​ប្រមាណ​ ​២០​ ​ទៅ​ ​២៣ ម៉ឺន​ក្បាល​ក្នុង​មួយ​ថ្ងៃ​ ​ហើយ​ពេល​ខ្លះ​អាច​កើនឡើង​ដល់​ ២៣ ​ទៅ​ ​២៥​ ​ម៉ឺន​ក្បាល​ក្នុង​មួយ​ថ្ងៃ​។

​ទោះ​បី​ការ​ផ្គត់ផ្គង់​មាន់​សរុប​មាន​ភាព​សម្បូរ​បែប​ក្តី​ ​ក៏​មាន់​ស្រែ​ដែល​ជា​ប្រភេទ​សាច់​មាន់​ទទួល​បាន​ការ​និយម​ខ្ពស់​ក្នុង​ពិធី​សែន​ព្រេន ​នៅតែ​ប្រឈម​នឹង​ការ​ខ្វះ​ការ​ផ្គត់ផ្គង់​នៅ​តាម​តំបន់​មួយចំនួន​។

​លោក​ បូរ៉ា ​អាជីវករ​លក់​មាន់​ស្រែ​ដែល​មាន​ទីតាំង​នៅ​ភូមិ​ដំណាក់ ​សង្កាត់​ភ្នំពេញ​ថ្មី ​ក្រោយ​ផ្សារ​ឈូក​មាស​ ​បាន​ឱ្យ​ដឹង​ថា​ ​អតិថិជន​បាន​បន្ត​កុម្ម៉ង់​ទិញ​មាន់​ស្រែ​ ​ប៉ុន្តែ​ការ​ផ្គត់ផ្គង់​ជួប​ការ​លំបាក​ ​ដោយសារ​ប្រភព​ទិញ​មាន់​ស្រែ​ពី​ខេត្ត​កំពង់ធំ​មាន​កម្រិត​ ​និង​មិន​ទាន់​អាច​ឆ្លើយតប​បាន​ពេញលេញ​តាម​តម្រូវការ​។

​លោក​ បូរ៉ា ​បាន​បញ្ជាក់​ថា​ ការ​លក់​ប្រចាំ​ថ្ងៃ​មាន​ប្រមាណ​ ​១០០ ​ក្បាល​ ​ប៉ុន្តែ​ថ្ងៃ​ខ្លះ​លក់​បាន​ត្រឹមប្រមាណ​ ៥០​ក្បាល​ ​ដោយសារ​រក​ប្រភព​មាន់​ស្រែ​មិន​បាន​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ដែល​កំពុង​មាន​តម្រូវការ​កើនឡើង​។

​លោក​បាន​ឱ្យ​ដឹង​ថា​ ​មាន់​ញី​រស់​មួយ​ក្បាល​មាន​តម្លៃ​ ២៤​,​០០០​រៀល ​ខណៈ​មាន់​ឈ្មោល​រស់​មាន​តម្លៃ​ ២២​,​០០០​រៀល ​ដោយ​មាន់​ទាំង​នេះ​មាន​ទម្ងន់​ប្រមាណ​ ១​.​៥ ​គីឡូក្រាម​ក្នុង​មួយ​ក្បាល​។

​ជាមួយគ្នា​នេះ​ ​អ្នក​ស្រី​ រិទ្ធ ​ចន្ថា​ ​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សហគមន៍​កសិកម្ម​ទឹក​ហូត​មាន​ជ័យក្តី​សង្ឃឹម​ ​បាន​ឱ្យ​ដឹង​ថា​ ​សហគមន៍​មាន​សមាជិក​ ១៣ ​គ្រួសារ​ ​និង​ចិញ្ចឹម​មាន់​ប្រមាណ​ជាង​ ១​,​០០០​ ​ក្បាល​។ ​បច្ចុប្បន្ន​ ​សហគមន៍​មិន​មាន​ផែនការ​ចិញ្ចឹម​ក្នុង​ទ្រង់ទ្រាយ​ធំ​នោះ​ទេ​ ​ប៉ុន្តែ​នៅពេល​មាន​បុណ្យ​ទាន​ ​សហគមន៍​នឹង​បញ្ចេញ​មាន់​ទៅកាន់​ទីផ្សារ​នៅ​តាម​ខេត្ត​គោលដៅ​ ស្រប​តាម​ការ​បញ្ជាទិញ​។

​អ្នក​ស្រី​ រិទ្ធ ​ចន្ថា​ ​បាន​បញ្ជាក់​ថា​៖​ ​«​សហគមន៍​មាន​សមាជិក​ ១៣​គ្រួសារ​ ​ចិញ្ចឹម​មាន់​ប្រមាណ​ជាង​ ១​,​០០០​ក្បាល​។ ទោះបីជា​គ្មាន​ផែនការ​ចិញ្ចឹម​ទ្រង់ទ្រាយ​ធំ​ ​ប៉ុន្តែ​សហគមន៍​តែងតែ​បញ្ចេញ​មាន់​លក់​ទៅកាន់​ខេត្ត​គោលដៅ​តាម​ការ​បញ្ជាទិញ​ក្នុង​រដូវ​បុណ្យ​ទាន​»​។

​អ្នក​ស្រី​បាន​បន្ថែម​ថា​ ​បច្ចុប្បន្ន​ មាន់​ស្រែ​រស់​ញី ​និង​ឈ្មោល​របស់​សហគមន៍​មាន​តម្លៃ​ ២៧​,​០០០​ រៀល​ក្នុង​មួយ​ក្បាល​ ​ខណៈ​មាន់​ខ្លាញ់​មាន​តម្លៃ​ ៣០​,​០០០​ រៀល​ក្នុង​មួយ​គីឡូក្រាម​។

​សរុប​មក​ ទីផ្សារ​សាច់​សត្វ​សម្រាប់​រដូវ​បុណ្យ​ទាន​ឆ្នាំ​នេះ​ ​មាន​ស្ថិរ​ភាព​ល្អ​លើ​ផ្នែក​បរិមាណ​ផ្គត់ផ្គង់​ ​ដែល​ជួយ​ទប់ទល់​មិន​ឱ្យ​តម្លៃ​សាច់​សត្វ​ឡើង​ថ្លៃ​ហួស​ហេតុ​ ​ខណៈ​កសិករ​ក្នុង​ស្រុក​បន្ត​ជំរុញ​ការ​ផលិត ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ក្នុង​រដូវ​បុណ្យ​៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា