បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កសិករ​អូស្ត្រាលី​កែសម្រួល​ប្រតិទិន​បង្កាត់​ពូជ​សត្វ​​ ដើម្បី​ទប់ទល់​នឹង​រលក​កម្ដៅ​មាន​រយៈពេល​យូរ​ជាង​មុន​

កសិករ​អូស្ត្រាលី​កែសម្រួល​ប្រតិទិន​បង្កាត់​ពូជ​សត្វ​​ ដើម្បី​ទប់ទល់​នឹង​រលក​កម្ដៅ​មាន​រយៈពេល​យូរ​ជាង​មុន​

បរទេស៖ កសិករ​ចិញ្ចឹម​សត្វ​នៅ​តំបន់​ដាច់ស្រយាល​ភាគ​ខាង​លិច​រដ្ឋ​ ​Queensland ​ប្រទេស​អូស្ត្រាលី ​កំពុង​សាកល្បង​កែសម្រួល​ប្រតិទិន​កសិកម្ម​ដែល​បាន​អនុវត្ត​តាម​ប្រពៃណី​ជា​ច្រើន​ជំនាន់ ជាពិសេស​ពេលវេលា​បង្កាត់​ពូជ ​និង​បង្កើត​កូន​របស់​សត្វ​ ​ដើម្បី​ឆ្លើយតប​នឹង​ការ​កើនឡើង​នៃ​សីតុណ្ហភាព​ ​និង​រលក​កម្ដៅ​ដែល​អូសបន្លាយ​យូរ​ជាង​មុន​។

ការ​ផ្លាស់ប្តូរ​នេះ​ធ្វើឡើង​បន្ទាប់ពី​ការ​វិភាគ​ទិន្នន័យ​អាកាសធាតុ​ផ្លូវការ​រយៈពេល​ ៥០ ​ឆ្នាំ​របស់​ការិយាល័យ​ឧតុនិយម​អូស្ត្រាលី ​នៅ​តាម​តំបន់​ចំនួន​ ៨ ​ក្នុង​ភាគ​ខាង​លិច​រដ្ឋ​ ​Queensland ​ដែល​ដឹកនាំ​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​ Southern ​Queensland ​ក្នុង​ទីក្រុង​ Toowoomba​។​

​លទ្ធផល​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ​សីតុណ្ហភាព​ខ្ពស់​បំផុត​នៅ​រដូវ​ក្តៅ​កំពុង​កើនឡើង​ ​ប៉ុន្តែ​ការ​ប្រែប្រួល​គួរឱ្យ​កត់សម្គាល់​បំផុត​កើតឡើង​នៅក្នុង​ខែ​អន្តរកាល​មុន ​និង​ក្រោយ​រដូវ​ក្តៅ​។ ​នៅ​តាម​ទីប្រជុំជន​ដាច់ស្រយាល​មួយចំនួន​ ចំនួន​ថ្ងៃ​ដែល​មាន​សីតុណ្ហភាព​លើស​ពី​ ​៣៥​ ​អង្សា​សេ ​ក្នុង​ខែ​តុលា ​បាន​កើនឡើង​ពី​ ៨ ​ទៅ​ ៩ ​ថ្ងៃ​ ​បើ​ធៀប​នឹង​រយៈពេល​ ៥០ ​ឆ្នាំ​មុន​។

​ជាមួយគ្នា​នេះ​ ​សីតុណ្ហភាព​អប្បបរមា​នៅ​ពេល​យប់​ក៏​កំពុង​កើនឡើង​ផងដែរ​ ​ដែល​ធ្វើឱ្យ​ចៀម ​និង​គោ​ក្របី​មាន​ពេលវេលា​តិច​ជាង​មុន​ក្នុង​ការ​សម្រាក​ ​និង​បន្ថយ​ភាព​តានតឹង​ដោយសារ​កម្ដៅ​នៅពេល​ថ្ងៃ​។​ ​កត្តា​នេះ​អាច​ប៉ះពាល់​ដល់​សមត្ថភាព​បន្ត​ពូជ ​និង​ការ​ឡើង​ទម្ងន់​របស់​សត្វ​ចិញ្ចឹម​។

​លោក​ ​Bruce ​Mc​Connell ​នាយក​មជ្ឈមណ្ឌល​គ្រោះ​រាំងស្ងួត​នៃ​សាកលវិទ្យាល័យ​ Southern ​Queensland ​និង​ភាគ​ខាង​ជើង​រដ្ឋ​ ​New ​South ​Wales ​ដែល​បាន​ត្រួតពិនិត្យ​ឧបករណ៍​វិភាគ​និន្នាការ​អាកាសធាតុ​ បាន​មានប្រសាសន៍​ថា​ ​អាកាសធាតុ​នៅ​តំបន់​នេះ​មិន​ត្រឹមតែ​ក្តៅ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​រយៈពេល​នៃ​អាកាសធាតុ​ក្តៅ​ក៏​កាន់តែ​យូរ ​ហើយ​សីតុណ្ហភាព​នៅ​ពេល​យប់​ក៏​កើនឡើង​ផងដែរ​។

​លោក​បាន​បញ្ជាក់​ថា​ ​ការ​ស្រាវជ្រាវ​នេះ​មាន​គោលបំណង​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ជាក់ស្តែង​របស់​កសិករ ​ដោយ​ប្រមូល​បញ្ហា​ប្រឈម​ពី​អ្នក​ចិញ្ចឹម​សត្វ​ ​និង​ផ្តល់​ទិន្នន័យ​វិទ្យាសាស្ត្រ​ដែល​អាច​ជួយ​ដល់​ការ​សម្រេចចិត្ត​ក្នុង​ការ​គ្រប់គ្រង​កសិដ្ឋាន​។

ការសាកល្បង​កែប្រែ​ពេលវេលា​បង្កើត​កូន​ចៀម

​នៅកសិដ្ឋាន ​Beaconsfield ​ដែល​មាន​ផ្ទៃដី​ ​២០​,​០០០​ ​ហិកតា​ ​ស្ថិត​នៅ​ក្បែរ​តំបន់​ Ilfracombe ​ចម្ងាយ​ប្រមាណ​ ​៣០ គីឡូម៉ែត្រ​ភាគ​ខាង​កើត​ទីក្រុង​ ​Longreach កសិករ Peter ​និង​ Kimble ​Thomas ​កំពុង​ចិញ្ចឹម​ចៀម​ពូជ​ ​Merino ​ចំនួន​ ​១២​,​០០០ ​ក្បាល​។

តាម​ទម្លាប់​ ​មេ​ចៀម​នៅកសិដ្ឋាន​នេះ​បង្កើត​កូន​នៅ​ចន្លោះ​ទិវា​ ​Anzac ​រហូតដល់​ខែ​ឧសភា​ ​ដោយ​ផ្អែក​លើ​ការ​រំពឹងទុក​ថា​ ​ភ្លៀង​រដូវ​ក្តៅ​នឹង​ជួយ​ឱ្យ​វាល​ស្មៅ​ដុះ​លូតលាស់​ល្អ ​និង​ផ្តល់​ចំណី​គ្រប់គ្រាន់​សម្រាប់​សត្វ​។ បន្ទាប់​មក​ ​កូន​ចៀម​ត្រូវ​បាន​កត់សម្គាល់​នៅ​ខែ​កក្កដា ​និង​ចៀម​ត្រូវ​បាន​កាត់រោម​នៅ​ខែ​សីហា​។​

​ទោះជា​យ៉ាងណា ​ដោយសារ​អត្រា​រស់រាន​របស់​កូនចៀម​មាន​កម្រិត​ទាប បន្ទាប់ពី​អាកាសធាតុ​ក្តៅ​ខ្លាំង​នៅ​ចុង​រដូវ​ក្តៅ​ ​ប្តី​ប្រពន្ធ​ទាំង​ពីរ​បាន​សាកល្បង​ពន្យារ​ពេល​បង្កាត់​ពូជ​សម្រាប់​មេ​ចៀមមួយ​ក្រុម​ ​ដើម្បីឱ្យ​ពួកវា​ពពោះ​ក្នុង​អំឡុង​រដូវ​រងា​ដែល​មាន​អាកាសធាតុ​ត្រជាក់​ជាង​មុន​ ​និង​បង្កើត​កូន​នៅ​ខែ​សីហា​។

​ការ​សាកល្បង​នេះ​ទទួល​បាន​លទ្ធផល​វិជ្ជមាន ​ដោយ​អត្រា​រស់រាន​របស់​កូន​ចៀម​កើនឡើង​ ​២០​ ​ភាគរយ​។ ទោះបី​ជា​លោក​ Peter ​Thomas ​ទទួល​ស្គាល់​ថា​ ​លទ្ធផល​ល្អ​នេះ​អាច​ជា​ឥទ្ធិពល​នៃ​រដូវ​កាល​អំណោយ​ផល​មួយ​ក៏​ដោយ​ ​ក៏​លោក​សម្រេច​ពង្រីក​ការ​សាកល្បង​ប្រតិទិន​បង្កាត់​ពូជ​ថ្មី​នៅ​ឆ្នាំ​នេះ​ ​ដើម្បី​តាមដាន​លទ្ធផល​បន្ថែម​។

ការ​កែប្រែ​នេះ​ក៏​មាន​បញ្ហា​ប្រឈម​ផងដែរ​ ​ដោយសារ​ការ​បង្កើត​កូន​ចៀម​នៅ​ខែ​សីហា ​អាច​ប្រឈម​នឹង​ស្ថានភាព​វាល​ស្មៅ​ស្ងួត​ជាង​ខែ​ឧសភា​។

សម្រាប់​កសិករ​នៅ​តំបន់​ដាច់ស្រយាល​នៃ​រដ្ឋ Queensland ការ​កែសម្រួល​ប្រតិទិន​កសិកម្ម ​និង​ការ​រៀបចំ​ផែនការ​ផ្អែក​លើ​ទិន្នន័យ​អាកាសធាតុ​រយៈពេល​វែង​ ​កំពុង​ក្លាយជា​ផ្នែក​មួយ​នៃ​ការ​ឆ្លើយតប​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ ​និង​ការ​រក្សា​និរន្តរភាព​នៃ​ការ​ចិញ្ចឹម​សត្វ​៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា