បង់ក្លាដែស​បើកចំហ​ទទួល​បច្ចេកវិទ្យា​បរមាណូ​អាមេរិក​ តែ​ដាក់​លក្ខខណ្ឌ​ការពារ​អធិបតេយ្យភាព​ជាតិ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បង់ក្លាដែស​បើកចំហ​ទទួល​បច្ចេកវិទ្យា​បរមាណូ​អាមេរិក​ តែ​ដាក់​លក្ខខណ្ឌ​ការពារ​អធិបតេយ្យភាព​ជាតិ​

បង់ក្លាដែស​បើកចំហ​ទទួល​បច្ចេកវិទ្យា​បរមាណូ​អាមេរិក​ តែ​ដាក់​លក្ខខណ្ឌ​ការពារ​អធិបតេយ្យភាព​ជាតិ​

បរទេស​៖ ​រដ្ឋាភិបាល​បង់ក្លាដែស​បាន​បង្ហាញ​ជំហរ​បើកចំហ​ចំពោះ​សំណើ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​ថាមពល​បរមាណូ ​ប៉ុន្តែ​បាន​បញ្ជាក់​ថា​ ​កិច្ចព្រមព្រៀង​ណាមួយ​នឹង​អាច​ទទួលយក​បាន​ ​លុះត្រាតែ​ស្រប​តាម​អាទិភាព​ជាតិ​ ​និង​ផ្តល់​ផលប្រយោជន៍​ជាក់ស្តែង​ដល់​សេដ្ឋកិច្ច​ ​និង​ប្រជាជន​របស់​ខ្លួន​។

Advertisement

​យោង​តាម​ការ​ចេញផ្សាយ​របស់​កាសែត​រុស្ស៊ី​ ​RT​ ​មន្ត្រី​ជាន់​ខ្ពស់​បង់​ក្លាដែស​បាន​សង្កត់ធ្ងន់​ថា​ ​រដ្ឋាភិបាល​នៅតែ​បើកចំហ​ក្នុង​ការ​ធ្វើជា​ដៃគូ​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​ ​ប៉ុន្តែ​នឹង​មិន​ឈាន​ទៅរក​កិច្ចព្រមព្រៀង​ណាមួយ​ឡើយ​ ​ប្រសិនបើ​មិន​អាច​ធានា​បាន​នូវ​ផលប្រយោជន៍​សេដ្ឋកិច្ច​ និង​ផលប្រយោជន៍​ជាតិ​ជា​អាទិភាព​។

​សំណើ​នេះ​ត្រូវបាន​លើកឡើង​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​របស់​បេសកជន​ពិសេស​អាមេរិក​ប្រចាំ​តំបន់​អាស៊ី​ខាងត្បូង​ ​និង​អាស៊ី​កណ្តាល​ លោក​ ​Sergio​ ​Gor​ ​ទៅកាន់​ទីក្រុង​ដាកា ​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ លោក​ ​Khalilur​ ​Rahman​។ ​ការ​ជំរុញ​របស់​អាមេរិក​ក៏​ស្រប​ពេល​ជាមួយ​កិច្ចខិតខំ​ឱ្យ​បង់ក្លាដែស​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅមក​ ​(​ART​) ​ដែល​បាន​ចរចា​ក្រោម​រដ្ឋាភិបាល​អន្តរកាល​មុន​។

​តាម​ប្រភព​ដដែល​ ការ​រៀបចំ​ពាណិជ្ជកម្ម​នេះ​រួមមាន​ផែនការ​ទិញ​យន្តហោះ​ ​Boeing​ ​ចំនួន​ ​១៤​ ​គ្រឿង​ ក្នុង​តម្លៃ​ប្រមាណ​ ​៣,៧​ ​ពាន់​លាន​ដុល្លារ​ ​ហើយក៏​បាន​កំណត់​លក្ខខណ្ឌ​មួយ​ចំនួន​ ​ដែល​មាន​គោលបំណង​កាត់បន្ថយ​ទំនាក់ទំនង​សេដ្ឋកិច្ច​ ​និង​ថាមពល​របស់​បង់​ក្លាដែស​ជាមួយ​បណ្តា​ប្រទេស​ដែល​ត្រូវបាន​ចាត់ទុក​ថា​ជា​សេដ្ឋកិច្ច​មិន​មែន​ទីផ្សារ​ ជាពិសេស​រុស្ស៊ី​ ​និង​ចិន​។​

ក្រោម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ ​ART​ ​បង់ក្លាដែស​អាច​ប្រឈម​នឹង​ការ​ពិន័យ​ពន្ធ​ ​ប្រសិនបើ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​ប្រទេស​មិន​មែន​ទីផ្សារ​ ​ហើយក៏​អាច​ប្រឈម​ការ​កម្រិត​លើ​ការ​ទិញ​ឡដុត​បរមាណូ ​ប្រេងឥន្ធនៈ​ ​ឬ​បច្ចេកវិទ្យា​ពី​បណ្តា​ប្រទេស​ដែល​ផ្ទុយ​នឹង​ផលប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក​។

​ទោះជា​យ៉ាងណា​ ​មន្ត្រី​បង់ក្លាដែស​បាន​បញ្ជាក់​ថា​ ​ប្រទេស​របស់​ខ្លួន​នឹង​មិន​ទទួលយក​លក្ខខណ្ឌ​ណា​មួយ​ដែល​ប៉ះពាល់​ដល់​គោលនយោបាយ​ការ​បរទេស​ឯករាជ្យ ​ឬ​ទំនាក់ទំនង​ដៃគូ​អន្តរជាតិ​ដែល​មាន​ស្រាប់​នោះ​ទេ​។

​ជំហរ​នេះ​ក៏​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​ជា​យូរ​មកហើយ​របស់​បង់​ក្លាដែស​ជាមួយ​ដៃគូ​សេដ្ឋកិច្ច​សំខាន់​ៗ​។ ​ប្រទេស​ចិន​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​បង់​ក្លាដែស ​ដោយ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​មាន​តម្លៃ​ប្រមាណ​ ​២២​ ​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក​មាន​ប្រមាណ​ ​១២​ ​ពាន់​លាន​ដុល្លារ​។

​ទន្ទឹមនឹង​នេះ​ ក្រុមហ៊ុន​រដ្ឋ​ ​Rosatom​ ​របស់​រុស្ស៊ី ​ក៏​ទើប​សាងសង់​រោងចក្រ​ថាមពល​បរមាណូ​ដំបូង​របស់​បង់​ក្លាដែស ​គឺ​រោងចក្រ​ ​Rooppur​ ​ដែល​មាន​តម្លៃ​ ​១២,៨​ ​ពាន់​លាន​ដុល្លារ​ និង​ត្រូវបាន​ចាត់ទុក​ជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​។

​រដ្ឋមន្ត្រី​ការ​បរទេស​ លោក​ ​Khalilur​ ​Rahman​ ​បាន​បញ្ជាក់​ថា​ ​បង់ក្លាដែស​នឹង​មិន​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​មួយ ​ដោយ​លះបង់​ទំនាក់ទំនង​ជាមួយ​ប្រទេស​មួយ​ទៀត​នោះ​ឡើយ​។​

​លោក​បាន​អះអាង​ថា​ ​រដ្ឋាភិបាល​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​អព្យាក្រឹតភាព​យុទ្ធសាស្ត្រ​ និង​ផលប្រយោជន៍​ជាតិ​ជា​អាទិភាព​ ​ហើយ​បាន​ណែនាំ​ឱ្យ​ក្រសួង​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​វាយតម្លៃ​សំណើ​របស់​សហរដ្ឋ​អាមេរិក​យ៉ាង​លម្អិត ​ដើម្បី​ធានា​ថា​ វា​ឆ្លើយតប​នឹង​លក្ខខណ្ឌ​ ​និង​ផលប្រយោជន៍​របស់​បង់​ក្លាដែស​ មុនពេល​ធ្វើ​ការ​សម្រេចចិត្ត​ណាមួយ​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា