តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ភ្នំពេញ ៖ ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ និងបង្កើនការចិញ្ចឹមដើម្បីអាចផ្គត់ផ្គង់តម្រូវការ។

Advertisement

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា តម្លៃសាច់គោចាប់ផ្តើមងើបឡើងសន្សឹមៗចាប់តាំងពីខែតុលា ឆ្នាំ២០២៥ រហូតដល់ខែមិថុនាឆ្នាំ២០២៦នេះ ដោយសាច់គោស្រស់លក់រាយនៅតាមទីផ្សារមានតម្លៃចន្លោះពី ៣៥ ០០០រៀល ទៅ ៣៨ ០០០រៀលក្នុងមួយគីឡូក្រាម ខណៈដែលកាលពីឆ្នាំមុនមានតម្លៃស្មើ ឬក្រោម ៣០ ០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ ដោយឡែក សម្រាប់គោរស់ នៅពេលដែលមានការនាំចូលពីប្រទេសថៃកាលពីឆ្នាំមុន បានធ្លាក់ចុះយ៉ាងគំហុកនៅត្រឹម ៧០០០រៀលក្នុងមួយគីឡូក្រាម ដែលធ្វើឱ្យកសិករមួយចំនួនបាក់ទឹកចិត្តរហូតបោះបង់មុខរបរចិញ្ចឹមគោទៀតផង ប៉ុន្តែក្រោយបិទព្រំដែនដោយឯកតោភាគីថៃ និងមានតម្រូវការក្នុងស្រុក ក៏ដូចជាតម្រូវការនាំចេញទៅប្រទេសវៀតណាមផងដែរនោះ បច្ចុប្បន្ននេះ បានធ្វើឱ្យតម្លៃគោរស់ឡើងថ្លៃទ្វេដង ស្មើនឹង ១៣០០០រៀលក្នុងមួយគីឡូក្រាម។

ប្រធានសមាគមរូបនេះបានបញ្ជាក់ថា ៖

«នេះជាចលនាគាំទ្រផលិតផលក្នុងស្រុករបស់ពលរដ្ឋខ្មែរ ដែលជួយឱ្យកសិករអ្នកចិញ្ចឹមគោ អាចរកប្រាក់ចំណេញបានច្រើនគួរសម។ ករណីនេះវានឹងជំរុញឱ្យកសិករមានទឹកចិត្តចាប់ផ្តើមមុខរបរចិញ្ចឹមគោឡើងវិញ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុកផង និងនាំចេញទៅក្រៅប្រទេសផង​ ជាមួយការទទួលបានតម្លៃសមរម្យដែលអាចទទួលយកបាន»។

លោក ឆុង ផាត ឈ្មួញទិញ-លក់គោរស់ នៅឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត បានទទួលស្គាល់ថា តម្លៃសាច់គោក្នុងប្រទេសកម្ពុជាពិតជាបានកើនឡើងគួរកត់សម្គាល់ពិតប្រាកដមែន ដោយកាលពីឆ្នាំមុន គោរស់ទិញចូលក្នុងតម្លៃ ១០ ០០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែបច្ចុប្បន្នបានឡើងថ្លៃចន្លោះពី ១២ ០០០រៀល ទៅដល់ ១២ ៥០០រៀល ក្នុងមួយគីឡូក្រាម។

លោកថា​ ប្រសិនបើតម្លៃសាច់គោស្រស់លក់រាយនៅលើទីផ្សារបន្តឡើងថ្លៃទៀតអាចនឹងប៉ះពាល់ទៅដល់អ្នកដែលមានចំណូលទាប ជាពិសេសអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រពន្ធមិនមានលទ្ធភាពក្នុងការទិញសាច់គោស្រស់ធ្វើម្ហូបប្រចាំថ្ងៃ ហើយងាកទៅរកសាច់សត្វផ្សេងដែលមានតម្លៃទាបជំនួសជាមិនខាន។

លោក សេង គឹមហ៊ាង ម្ចាស់ទីតាំងសត្តឃាតផ្សារថ្នល់បត់ ខេត្តតាកែវ បានត្អូញត្អែរពីលំបាកក្នុងការរកទិញគោរស់សម្រាប់ធ្វើអាជីវកម្មកាប់សាច់ ដើម្បីផ្គង់ផ្គង់ឱ្យអតិថិជន ឬទិញចូលក្នុងតម្លៃខ្ពស់ជាងពេលមុន។

លោកបាននិយាយថា ៖

«តម្លៃបោះដុំកាលពីឆ្នាំមុន សាច់គោលក់ចេញចន្លោះពី ២៦ ០០០រៀល ទៅ ២៧ ០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ប៉ុន្តែ បច្ចុប្បន្នដាក់ឱ្យម៉ូយថ្លៃជាងមុន បោះដុំក្នុងតម្លៃ ៣៥ ០០០រៀល ទៅ ៣៦ ០០០រៀល ដោយសារទិញមកថ្លៃ ចឹងទៅពេលលក់ចេញទៅវិញត្រូវតែឡើងថ្លៃដូចគ្នា ម្យ៉ាងទៀត ពេលទៅទិញគោមានតម្លៃថ្លៃ ហើយជួបផលលំបាកទៀត ហើយបើយើងមិនទិញ គឺមានគេទិញ»។  

យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំ កម្ពុជាមានតម្រូវការសាច់សត្វសម្រាប់បរិភោគកើនឡើងជាប្រចាំ រហូតដល់ប្រមាណជាង ៣៣០ពាន់តោនក្នុងមួយឆ្នាំ ក្នុងនោះប្រភេទសាច់ដែលមានតម្រូវការខ្ពស់ជាងគេរួមមាន សាច់ជ្រូកដែលក្នុងស្រុកអាចផលិតបានប្រមាណ ១៥២ពាន់តោន (ជាង ៣លានក្បាល)។ សាច់គោ និងសាច់ក្របី៖ មានតម្រូវការប្រមាណ ៨៩ពាន់តោន (ជាង ៨សែនក្បាល)។ សាច់បក្សី (មាន់ ទា)៖ មានតម្រូវការប្រមាណ ៦៤ពាន់តោន (ជាង ៥៣លានក្បាល) ហើយក្រៅពីនេះជាប្រភេទសាច់សត្វបន្ទាប់បន្សំចម្រុះ៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា