បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ស្ទឹងត្រែង ៖ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ។

Advertisement

ជាដែនដី​ប្រមូល​ផ្តុំដោយ​ប្រជុំកោះ តាមដងទន្លេមេគង្គ ជាប់នឹងព្រំដែនប្រទេសឡាវ ស្រុកបូរី​អូរស្វាយ គឺជា​កំណប់ប្រវត្តិសាស្ត្រមួយដែលចារឹក​លើជញ្ជាំងប្រទេសកម្ពុជា។ ផ្តើមចេញពី​ព្រះតម្រឹះ​របស់ព្រះបរមរតនកោដ្ឋ សម្ដេច នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បុរីអូស្វាយ ត្រូវបានរៀបចំជា​តំបន់ចក្ខុវិស័យអភិវឌ្ឍសេដ្ឋកិច្ច​ វប្បធម៌​ និងជាតំបន់ជួរមុខនៃយុទ្ធសាស្ត្រការពារអធិបតេយ្យភាពកម្ពុជាក្នុងជម្លោះដែនដី នៅភូមិភាគឦសាន្ត។ ប៉ុន្តែភាពឃោរឃៅ​នៃរបបខ្មែរក្រហម បាន​បំផ្លាញក្តីស្រមៃមួយនេះ ។ បុរី ដែលគ្របដណ្តប់​ដោយ​សម្រស់ធម្មជាតិ​ដងទន្លេមេគង្គ​ស្រស់បំព្រង ខៀវស្រងាត់ បាន​ក្លាយជា​តំបន់តស៊ូប្រដាប់អាវុធ និងជាទីតាំងរដ្ឋបាល​មួយ​របស់​ពួកខ្មែរក្រហម។​

លោក ឆាំង យុ នាយកមជ្ឈមណ្ឌ​លឯកសារកម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្ន បុរីអូរស្វាយ មិនមែនត្រឹមតែជាតំបន់ទេសចរណ៍ធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែជាបណ្ណាល័យប្រវត្តិសាស្ត្រផងដែរ។ ទីនេះមានផ្លូវលំដែលព្រះបរមរតនកោដ្ឋ និងហ្លួងម៉ែ ធ្លាប់បានយាងចូលក្នុងឆ្នាំ១៩៧៣ ដើម្បីតស៊ូទា​មទារឯករាជ្យ ដែលត្រូវបានគេស្គាល់ថាជាផ្នែកមួយនៃ “ផ្លូវលំហូជីមិញ”។ ក្រៅពីនេះ នៅមានស្តូបនិមិត្តរូបការពារព្រំដែនកម្ពុជា-ឡាវ ដែលជាកេរតំណែលតាំងពីសម័យសង្គមរាស្ត្រនិយមផងដែរ។ សព្វថ្ងៃ ទីតាំងនេះត្រូវបានរៀបចំឱ្យមានសោភ័ណភាព និងជីវភាពរស់នៅដ៏កក់ក្តៅ។​

យោងតាមមជ្ឈមណ្ឌលឯកសារកម្ពុជា ព្រះរាជបណ្ណាល័យហ្លួងម៉ែ និងសាលារៀន ត្រូវបានកសាងសម្រាប់កូនចៅអ្នកស្រុកសិក្សា ដោយមានទូកចម្លងដឹកសិស្សានុសិស្សឆ្លងទឹកដោយសុវត្ថិភាព។ ប្រជាជននៅក្នុងសហគមន៍នេះ មានប្រមាណជាង ១០ម៉ឺននាក់។

ស្រុកបុរីអូរស្វាយ ដើមឡើយគឺជាតំបន់សហគមន៍​តូចមួយប៉ុណ្ណោះ ដែលមានឈ្មោះដើម បុរីអូរស្វាយ។ បូរីនេះ បង្កើតឡើង​ដោយ​បរមរតនកោដ្ឋ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ នៅឆ្នាំ១៩៦៤ និងសម្ពោធជា​ផ្លូវការនៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ១៩៦៨។ លុះដល់ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន កាលនោះ​ជានាយករដ្ឋមន្ត្រីកម្ពុជា បាន​សម្រេចបង្កើតទៅជាស្រុកបូរីអូរស្វាយ សែនជ័យ ដោយ​កាត់​យក​ឃុំចំនួន៣ចេញពីស្រុកថាឡាបរិវ៉ាត់ របស់​ខេត្តស្ទឹងត្រែង គឺឃុំអូរស្វាយ ឃុំកោះស្នែង និងឃុំព្រះរំកិល។

ស្ថិតក្នុងសក្តានុពលធម្មជាតិដ៏អស្ចារ្យ​ ស្រុកបូរីអូរស្វាយ សែនជ័យ មានផ្ទៃដីជាង ៦០០ គីឡូម៉ែត្រការ៉េ អមដោយខ្សែទឹកទន្លេមេគង្គប្រវែង ៤៩ គីឡូម៉ែត្រ ប្រមូល​ផ្តុំ​ដោយ​កោះចំនួន ៩។ ក្នុងនោះ “កោះទន្សាយ” ដែលជាតំបន់លិចទឹកការពារដោយអនុសញ្ញាអន្តរជាតិ រាមសា (Ramsar)​ គឺជាចំណុចទាក់ទាញបំផុត ដែលរដូវវស្សាត្រូវលិចក្នុងទឹកទន្លេមេគង្គ តែរដូវប្រាំងប្រែជាកោះដ៏ស្រស់ស្អាត​។ ប្រជាជនដែលរស់នៅការពារព្រំដែនតាំងពីទសវត្សរ៍ ៦០ បាននាំគ្នាធ្វើចម្ការ ដាំម្នាស់ទឹកឃ្មុំ និងកែច្នៃជាបង្អែមដ៏ល្បី ដើម្បីស្វាគមន៍ភ្ញៀវទេសចរ ដែលបានទៅកម្សាន្តលេងនៅតំបន់នោះ។

លោក ឆាំង យុ បានឲ្យដឹងថា បុរីអូរស្វាយសែនជ័យ ធ្វើដំណើរត្រឹមតែ ៥០ នាទីប៉ុណ្ណោះពីទីរួមខេត្តស្ទឹងត្រែង។ ភ្ញៀវទេសចរអាចសម្រាកនៅផ្ទះសំណាក់បែបសហគមន៍ដ៏មានអនាម័យ គយគន់ហ្វូងសត្វស្លាប និងព្រៃប្រឹក្សាដែលដុះលើកោះទាំង ៩។ ទោះយ៉ាងណា ទីតាំងធម្មជាតិដ៏អស្ចារ្យនេះ មិនទាន់មានភ្ញៀវទេសចរស្គាល់ និងទៅកម្សាន្តច្រើននៅឡើយ។

បច្ចុប្បន្ន មជ្ឈមណ្ឌលឯកសារកម្ពុជា កំពុងស្វែងរកដៃគូសហការ និងវិនិយោគិនបរទេសបន្ថែម ដើម្បីកែលម្អតំបន់នេះឱ្យទៅជាគោលដៅទេសចរណ៍ស៊ីជម្រៅកម្រិតអាស៊ាន ដែលរួមបញ្ចូលទាំងការអភិរក្សទីតាំងបុរាណ និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតងផងដែរ។

កាលពីខែមីនា លោក ផាន់ យុត អភិបាលនៃគណៈភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានឈូសឆាយបើកផ្លូវថ្មើរជើងថ្មីមួយខ្សែ ដែលមានទទឹង ៣ ម៉ែត្រ និងបណ្ដោយ ៥៧០ ម៉ែត្រ ស្ថិតនៅតាមបណ្ដោយមាត់ទន្លេមេគង្គ ក្នុងភូមិសាស្ត្រភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដើម្បីបម្រើដល់ផលប្រយោជន៍សាធារណៈ និងទាក់ទាញភ្ញៀវទេសចរ៕ ដោយ ៖ ទួន សុផល AMS

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា