នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

​បរទេស​៖ ​នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​។

​ក្នុង​បទសម្ភាសន៍​ជាមួយ​ស្ថាប័ន​ព័ត៌មាន​ក្នុង​ស្រុក​ ​ដែល​ត្រូវ​បាន​សារព័ត៌មាន​ RT ​ដក​ស្រង់​ផ្សាយ ​ក្នុង​ឱកាស​ខួប​ ​១០​ឆ្នាំ​នៃ​ការ​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប ​ឬ​ ​Brexit ​នៅ​ឆ្នាំ​២០១៦ ​លោក​ ​Burnham ​បាន​អះអាង​ថា​ ​ការ​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប​បាន​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​ច្រើន​ជាង​ផល​ចំណេញ​។

​លោក​បាន​លើកឡើង​ថា​ Brexit ​មិន​បាន​សម្រេច​ការ​កើនឡើង​សេដ្ឋកិច្ច​តាម​ការ​សន្យា ​ហើយ​ក៏​មិន​បាន​ផ្តល់​ការ​គ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព​លើ​បញ្ហា​អន្តោប្រវេសន៍​ដូច​ដែល​បាន​រំពឹងទុក​នោះ​ទេ​។

​រដ្ឋាភិបាល​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន ​ចាប់​ពី​ការ​រក្សា​ស្ថានភាព​ទំនាក់ទំនង​បច្ចុប្បន្ន​ ការ​ចូលរួម​ក្នុង​សម្ព័ន្ធ​ពន្ធ​គយ ​ឬ​ទីផ្សារ​រួម ​រហូតដល់​ការ​ស្វែងរក​ការ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​សហ​ភាព​អឺរ៉ុប​ឡើង​វិញ​។

​ការ​ពិចារណា​លើ​សមាជិកភាព​ឡើង​វិញ​នេះ​ ​ត្រូវ​បាន​លើកឡើង​ចំពេល​មាន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​របាំង​ពាណិជ្ជកម្ម​ដែល​នៅតែ​បន្ត​កើតមាន​។ ​ការិយាល័យ​ទទួល​បន្ទុក​ថវិកា​របស់​ព្រីត​ថេន ​ឬ​ Office for ​Budget Responsibility ​បាន​ប៉ាន់ប្រមាណ​ក្នុង​រយៈពេល​វែង​ថា​ Brexit ​នឹង​បន្ត​កាត់បន្ថយ​កម្រិត​ពាណិជ្ជកម្ម​របស់​សេដ្ឋកិច្ច​ព្រីត​ថេន​ប្រមាណ​ ​១៥​ ​ភាគរយ​ ​និង​ផលិតភាព​សរុប​ប្រមាណ ៤​ ​ភាគរយ​។

ទោះបី​ព្រីត​ថេន​ទទួល​បាន​នយោបាយ​ពាណិជ្ជកម្ម​ឯករាជ្យ​ ​និង​បាន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ថ្មី​ៗ ​ដូចជា​ ​CPTPP ​ក៏​ដោយ​ ​ក៏​ផល​ចំណេញ​ទាំងនេះ​នៅតែ​មាន​កម្រិត​តូច ​បើ​ប្រៀបធៀប​ទៅ​នឹង​ឧបសគ្គ​ដែល​កើត​មាន​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​សហ​ភាព​អឺរ៉ុប ​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​គ្របដណ្តប់​ជិត​ពាក់កណ្តាល​នៃ​ការ​នាំចេញ​ ​និង​នាំចូល​សរុប​របស់​ព្រីត​ថេន​។

​ចំពោះ​បញ្ហា​អន្តោប្រវេសន៍​ ប្រភព​បាន​លើកឡើង​ថា​ ​ទោះ​បី Brexit ​បាន​បញ្ចប់​ការ​ធ្វើដំណើរ​ដោយ​សេរី​របស់​ពលរដ្ឋ​អឺរ៉ុប​ក៏​ដោយ​ ​ក៏​ចំនួន​អន្តោប្រវេសន៍​សរុប​បាន​កើនឡើង​ដល់​កម្រិត​កំណត់​ត្រា​ ​ដោយសារ​ការ​កើនឡើង​នៃ​ជន​អន្តោប្រវេសន៍​មក​ពី​ក្រៅ​តំបន់​អឺរ៉ុប​។

​ជាមួយគ្នា​នេះ​ របាំង​បទប្បញ្ញត្តិ​ ​និង​ការ​ថយចុះ​នៃ​កិច្ច​សហប្រតិបត្តិការ​ឆ្លង​ដែន ​ក៏​បាន​ធ្វើឱ្យ​កិច្ច​ខិតខំប្រឹងប្រែង​គ្រប់គ្រង​ការ​ឆ្លង​ដែន​ខុស​ច្បាប់​កាន់តែ​មាន​ភាព​ស្មុគស្មាញ​។

​ប្រសិនបើ​ព្រីត​ថេន​សម្រេច​ស្វែងរក​ការ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​សហ​ភាព​អឺរ៉ុប​ឡើង​វិញ​ ​ដំណើរការ​នេះ​នឹង​មិន​មែន​ជា​ការ​ត្រឡប់​ទៅ​រក​លក្ខខណ្ឌ​ ​ឬ​ការ​លើកលែង​ពិសេស​ដែល​ព្រីត​ថេន​ធ្លាប់​មាន​មុន​ ​Brexit ​ដោយ​ស្វ័យប្រវត្តិ​នោះ​ឡើយ​។

​ព្រីតថេន​នឹង​ត្រូវ​ឆ្លងកាត់​ដំណើរការ​ចូល​ជា​សមាជិក​ផ្លូវការ​របស់​សហ​ភាព​អឺរ៉ុប ​ដែល​ទាមទារ​ឱ្យ​មាន​ការ​យល់ព្រម​ជា​ឯកច្ឆន្ទ​ពី​បណ្តា​ប្រទេស​ជា​សមាជិក​ទាំងអស់​ ​និង​ការ​អនុម័ត​ពីសភា​អឺរ៉ុប​។​

​ទោះជា​យ៉ាងណា ​មន្ត្រី​ជាន់ខ្ពស់​អឺរ៉ុប​បាន​បង្ហាញ​សញ្ញា​ថា​ ​ទីក្រុង​ប្រ៊ូសែល​នៅតែ​បើក​ទ្វារ​ចំហ​ចំពោះ​ការ​ទទួល​ពាក្យសុំ​ផ្លូវ​ការ​ពី​ទីក្រុង​ឡុងដ៍​ ​ដរាប​ណា​ព្រីត​ថេន​យល់ព្រម​ទទួល​យក​កាតព្វកិច្ច​ស្តង់ដារ​នៃ​សមាជិកភាព​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា