ប៊ុលហ្គារី ​និង​វៀតណាម ​​ប្តេជ្ញា​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​ការពារ​ជាតិ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៊ុលហ្គារី ​និង​វៀតណាម ​​ប្តេជ្ញា​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​ការពារ​ជាតិ​

ប៊ុលហ្គារី ​និង​វៀតណាម ​​ប្តេជ្ញា​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​ការពារ​ជាតិ​

ភ្នំពេញ​៖​ ប៊ុលហ្គារី ​និង​វៀតណាម ​បាន​ប្តេជ្ញា​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ ​តាមរយៈ​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច​ ​ការពារ​ជាតិ​ ការ​អប់រំ​ ​និង​បច្ចេកវិទ្យា​ខ្ពស់ ​ក្នុង​ជំនួប​ទ្វេ​ភាគី​រវាង​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ​នៅ​រាជធានី​ភ្នំពេញ​ ​ប្រទេស​កម្ពុជា​។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ ​Novinata ​លោក​ស្រី​ ​Iliana ​Yotova ​ប្រធានាធិបតី​ប៊ុលហ្គារី ​និង​លោក​ ​To ​L​am ​ប្រធាន​រដ្ឋ​វៀតណាម ​បាន​ជួប​ពិភាក្សា​ទ្វេ​ភាគី​នៅ​ក្រៅ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​លើក​ទី​២០ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។

​កិច្ច​ពិភាក្សា​ដែល​ផ្តួចផ្តើម​ឡើង​ដោយ​ភាគី​វៀតណាម​នេះ​ ​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្តេជ្ញាចិត្ត​របស់​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​ឱ្យ​កាន់តែ​រីកចម្រើន ​បន្ទាប់ពី​ទំនាក់ទំនង​ទ្វេ​ភាគី​ត្រូវ​បាន​លើកកម្ពស់​ដល់​កម្រិត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​កាលពី​ឆ្នាំ​២០២៥​។ ការ​ពង្រឹង​ទំនាក់ទំនង​នេះ​ ​ក៏​ស្រប​ពេលនឹង​ខួប​លើក​ទី​៧៥ ​នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ​និង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធាន​រដ្ឋ​ ​To ​Lam ​ទៅកាន់​ប្រទេស​ប៊ុលហ្គារី​ផងដែរ​។

​ក្នុង​ជំនួប​នេះ​ ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​លើកឡើង​ពី​សក្តានុពល​នៃ​ការ​ពង្រីក​ពាណិជ្ជកម្ម​ ​ការ​វិនិយោគ ​និង​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ​ ​ជាពិសេស​ការ​ស្វែងរក​ឱកាស​អនុវត្ត​គម្រោង​រួមគ្នា​ ​និង​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ក្នុង​វិស័យ​ការពារ​ជាតិ​។

​លោក​ស្រី​ប្រធានាធិបតី​ ​Yotova ​ក៏​បាន​បង្ហាញ​ពី​ភាព​ជឿនលឿន​របស់​ប៊ុលហ្គារី​ក្នុង​វិស័យ​បញ្ញា​សិប្បនិម្មិត ​(​AI​) ​ដោយ​លើកឡើង​ពី​ការ​ស្រាវជ្រាវ​សកម្ម​នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ ​បញ្ញា​សិប្បនិម្មិត ​និង​បច្ចេកវិទ្យា ​(​INSA​IT​)​ ​ថា​ជា​ឱកាស​ដ៏​មាន​សក្តានុពល​សម្រាប់​ពង្រីក​កិច្ច​សហប្រតិបត្តិការ​វិទ្យាសាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ​។

​ជាមួយគ្នា​នេះ​ ​លោក​ស្រី​បាន​សង្កត់ធ្ងន់​លើ​ឱកាស​ពង្រីក​ភាព​ជា​ដៃគូ ​ដោយ​អាច​ប្រើប្រាស់​អត្ថប្រយោជន៍​ពី​សមាជិកភាព​របស់​ប៊ុលហ្គារី​ក្នុង​សហ​ភាព​អឺរ៉ុប ​និង​តួនាទី​របស់​វៀតណាម​ក្នុង​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍​ ​(​អាស៊ាន​)​។

​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ទំនាក់ទំនង​នេះ​ ​លោក​ ​Alexander Pulev ​ឧប​នាយករដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ វិនិយោគ ​និង​ឧស្សាហកម្ម​ប៊ុលហ្គារី​ ​គ្រោង​នឹង​ដឹកនាំ​គណៈប្រតិភូ​ធុរ​កិច្ច​ប៊ុលហ្គារី​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​ក្នុង​ខែ​ធ្នូ​ខាង​មុខ​។ ​ដំណើរ​ទស្សនកិច្ច​នេះ​មាន​គោលបំណង​ប្រែក្លាយ​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​ឱ្យ​ទៅ​ជា​ការ​វិនិយោគ​ជាក់ស្តែង​ ​គំនិត​ផ្តួចផ្តើម​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​រួមគ្នា ​និង​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​។

​ដើម្បី​រក្សា​សន្ទុះ​នៃ​ទំនាក់ទំនង​ការទូត ​លោក​ប្រធាន​រដ្ឋ​ ​To ​Lam ​ក៏​បាន​អញ្ជើញ​លោក​ស្រី​ប្រធានាធិបតី​ ​Yotova ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ​២០២៧ ​ដោយ​ចាត់ទុកដំណើរ​ទស្សនកិច្ច​ដែល​បាន​ស្នើឡើង​នេះ​ថា​ ​ជា​ការ​ជំរុញ​ដ៏​សំខាន់​មួយ​សម្រាប់​ការ​អភិវឌ្ឍ​ទំនាក់ទំនង​ទ្វេ​ភាគី​នា​ពេល​អនាគត​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា