ប៊ុលហ្គារី​ចាប់ផ្តើម​ដាក់​ពង្រាយ​រថពាស​ដែក ​Stryker ​ក្នុង​គម្រោង​ទំនើបកម្ម​យោធា​ដ៏​ធំ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៊ុលហ្គារី​ចាប់ផ្តើម​ដាក់​ពង្រាយ​រថពាស​ដែក ​Stryker ​ក្នុង​គម្រោង​ទំនើបកម្ម​យោធា​ដ៏​ធំ​

ប៊ុលហ្គារី​ចាប់ផ្តើម​ដាក់​ពង្រាយ​រថពាស​ដែក ​Stryker ​ក្នុង​គម្រោង​ទំនើបកម្ម​យោធា​ដ៏​ធំ​

​បរទេស​៖​ កង​កម្លាំង​ជើង​គោក​ប៊ុលហ្គារី​បាន​ទទួល​រថពាស​ដែក​ទំនើប​ប្រភេទ​ Stryker ​ផលិត​នៅ​សហរដ្ឋ​អាម៉េរិក​ចំនួន​ ៥​គ្រឿង​ដំបូង ​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ទំនើប​កម្ម​វិស័យ​ការពារ​ជាតិ​ទ្រង់ទ្រាយ​ធំ​ ​ដោយ​មាន​ការ​បញ្ជាទិញ​យាន​យន្ត​ប្រយុទ្ធ ​និង​យានយន្ត​គាំទ្រ​ផ្នែក​ភស្តុភារ​សរុប​ចំនួន​ ​១៩៨​គ្រឿង​។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ ​Novinata ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប៊ុលហ្គារី ​លោក​ Dimitar ​Stoyanov ​និង​អគ្គ​មេបញ្ជាការ​ការពារ​ជាតិ​ ​លោក​ ​Emil ​Eftimov បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ ​និង​ទទួល​រថពាស​ដែក​ Stryker ​ចំនួន​ ៥​គ្រឿង​ដំបូង​ ​នៅ​រោងចក្រ​ T​ER​EM​-​Ivaylo ​ក្នុង​ទីក្រុង​ Veliko Tarnovo ​កាលពី​ដើម​សប្តាហ៍​នេះ​។​

​គម្រោង​លទ្ធកម្ម​ឧបករណ៍​ការពារ​ជាតិ​នេះ​ ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​គំនិត​ផ្តួចផ្តើម​បំពាក់​សម្ភារ​យោធា​ដ៏​ធំ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​យោធា​ប៊ុលហ្គារី​នា​ពេល​ថ្មី​ៗ​នេះ​ ​ដោយ​រួមមាន​យានយន្ត​ប្រយុទ្ធ​ ​និង​យានយន្ត​គាំទ្រ​ផ្នែក​ភស្តុភារ​សរុប​ចំនួន​ ​១៩៨​គ្រឿង​ ​ក្នុង​នោះ​មាន​រថ​ពាស​ដែក​ Stryker ​ចំនួន​ ១៨៣​គ្រឿង​។

​លោក​ Dimitar Stoyanov ​បាន​លើកឡើង​ថា​ ​យានយន្ត​ថ្មី​ទាំងនេះ​នឹង​ជួយ​បង្កើន​សមត្ថភាព​ចល័ត​ ​កម្លាំង​ប្រយុទ្ធ​ ​និង​ការ​ការពារ​របស់​កងទ័ព​ជើងគោក ​ព្រមទាំង​ជួយ​ឱ្យ​កងកម្លាំង​ប៊ុលហ្គារី​អាច​ធ្វើ​ប្រតិបត្តិការ​រួម​ជាមួយ​សម្ព័ន្ធមិត្ត​អង្គការ​ណា​តូ ​(​N​ATO​) ​បាន​កាន់​តែ​រលូន​។

​លោក​ក៏​បាន​បញ្ជាក់​ថា​ ​ការ​សម្រេចបាន​កិច្ចសន្យា​ទិញ​សម្ភារ​យោធា​នេះ​ ​គឺ​ជា​លទ្ធផល​នៃ​ការ​រៀបចំ​ផែនការ​ ​និង​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​ប៊ុលហ្ការី​ជា​បន្តបន្ទាប់​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​។ ​លោក​បាន​កោតសរសើរ​ចំពោះ​ឆន្ទៈ​នយោបាយ​ ​និង​ការ​សម្របសម្រួល​ផ្នែក​យោធា​ ​ដែល​បាន​ជួយ​ឱ្យ​គម្រោង​ដែល​រង់ចាំ​អស់​រយៈពេល​ជា​យូរ​មកហើយ​នេះ​អាច​ឈាន​ដល់​ការ​អនុវត្ត​ជាក់ស្តែង​។

​ក្រៅ​ពី​ការ​ពង្រឹង​សមត្ថភាព​យោធា​ ​គម្រោង​នេះ​ក៏​មាន​គោលដៅ​បង្កើត​ផលប្រយោជន៍​សេដ្ឋកិច្ច​យុទ្ធសាស្ត្រ​សម្រាប់​ឧស្សាហកម្ម​ការពារ​ជាតិ​ក្នុង​ស្រុក​របស់​ប៊ុលហ្គារី​ផងដែរ​។ ​ជាក់ស្តែង​ ​ក្រសួង​ការពារ​ជាតិ​មាន​ផែនការ​អភិវឌ្ឍ​រោងចក្រ​ T​ER​EM-​Ivaylo ​ឱ្យ​ក្លាយជា​មជ្ឈមណ្ឌល​ថែទាំ​ ​និង​ជួសជុល​ប្រព័ន្ធ​ Stryker ​ប្រចាំ​តំបន់ ​ដើម្បី​បម្រើ​ទាំង​កងកម្លាំង​ប៊ុលហ្គារី ​និង​ដៃគូ​អន្តរជាតិ​នានា​នៅ​តំបន់​ប៉ែក​ខាង​កើត​របស់​ NATO។

​ជាមួយគ្នា​នេះ​ ​លោក​ Emil ​Eftimov ​បាន​ថ្លែងអំណរគុណ​ដល់​អ្នក​ជំនាញ​មកពី​សហរដ្ឋ​អាម៉េរិក​ ​កាណាដា​ ​និង​ប៊ុលហ្គារី ​ដែល​បាន​ចូលរួម​សម្របសម្រួល​ដំណើរ​ការ​ផ្ទេរ​រថពាស​ដែក​ទាំងនេះ​។

​លោក​បាន​ចង្អុលបង្ហាញ​ថា​ ​ការ​ទទួល​បាន​រថពាស​ដែក Stryker ​រួម​ជាមួយ​កម្មវិធី​ទិញ​ ​និង​បំពាក់​យន្តហោះ​ចម្បាំង F-16 ​ដែល​កំពុង​បន្ត​ ​គឺ​ជា​ឧទាហរណ៍​នៃ​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ​យុទ្ធសាស្ត្រ​រវាង​ទីក្រុង​សូហ្វៀ ​និង​ទីក្រុង​វ៉ាស៊ីនតោន​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា