ប៊ុលហ្គារី​ ​អះអាង​ថា​​ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន ​គ្មាន​ភស្តុតាង​ទិញ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៊ុលហ្គារី​ ​អះអាង​ថា​​ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន ​គ្មាន​ភស្តុតាង​ទិញ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​

ប៊ុលហ្គារី​ ​អះអាង​ថា​​ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន ​គ្មាន​ភស្តុតាង​ទិញ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​

​បរទេស​៖​ ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​ប៊ុលហ្គារី ​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ​និង​មាន​របៀបរៀបរយ​ល្អ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​អាជ្ញាធរ​មិន​បាន​រកឃើញ​ភស្តុតាង​នៃ​សកម្មភាព​ទិញ​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ ​ឬ​ជា​ប្រព័ន្ធ​នោះ​ទេ​។ ​នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​កាសែត​ក្នុង​ស្រុក​ប៊ុលហ្គារី​ ​Novinata​។

​ក្រោយ​ការ​បិទ​បញ្ចប់​ការ​បោះឆ្នោត​ ​លោក​ ​I​van Demerdzhiev រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ​និង​លោក​ឧត្តមសេនីយ៍​ឯក ​L​yubomir ​Nikolov ​អគ្គ​លេខាធិការ​ស្តីទី​នៃ​ក្រសួង​មហាផ្ទៃ​ ​បាន​ធ្វើ​សេចក្តី​ប្រកាស​ព័ត៌មាន​រួមគ្នា​ ​ដោយ​បញ្ជាក់​ថា​ ​អាជ្ញាធរ​មិន​បាន​រកឃើញ​ភស្តុតាង​ណា​មួយ​បង្ហាញ​ពី​សកម្មភាព​ទិញ​ទឹកចិត្ត​អ្នក​បោះឆ្នោត​ក្នុង​ទ្រង់ទ្រាយ​ធំ​ ​ឬ​ជា​ប្រព័ន្ធ​ឡើយ​។

​ទោះជា​យ៉ាងណា ​ក៏​មាន​ឧប្បត្តិ​ហេតុ​មួយចំនួន​ ​និង​ការ​ឃាត់ខ្លួន​មនុស្ស​មួយចំនួន​ផងដែរ​។ ​តាម​ប្រភព​ដដែល​ ​ករណី​ទាំងនេះ​ភាគ​ច្រើន​កើតឡើង​នៅ​តំបន់​ជាក់លាក់​មួយ​ចំនួន​ ​ដែល​មាន​ការ​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​មូលដ្ឋាន​ស្រប​ពេល​ជាមួយ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​។

​ដើម្បី​ធានា​សន្តិសុខ​ ​និង​ការពារ​ដំណើរការ​បោះឆ្នោត​ ​ក្រសួង​មហាផ្ទៃ​បាន​ដាក់​ពង្រាយ​កងកម្លាំង​ចំនួន​ ១៧​,​០០០​ ​នាក់​ ​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ជាង​ ​១២​,​០០០ ​កន្លែង​ទូទាំង​ប្រទេស​។ ​កម្លាំង​នគរបាល​ពិសេស​ក៏​ត្រូវ​បាន​ត្រៀម​សម្រាប់​ការ​អន្តរាគមន៍​ ​ក្នុង​ករណី​មាន​ហេតុការណ៍​បន្ទាន់​ផងដែរ​។

​ក្នុង​រយៈពេល​មួយ​ខែ​មុន​ការ​បោះឆ្នោត​ កង​កម្លាំង​នគរបាល​បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ចំនួន​ ១៩២ លើក និង​ទទួល​បាន​សេចក្តី​រាយការណ៍​អំពី​ការ​រំលោភ​ច្បាប់​បោះឆ្នោត​ចំនួន​ ​២៤២​ ​ករណី​។

​លោក​ Demerdzhiev ​បាន​ថ្លែងអំណរគុណ​ដល់​មន្ត្រី​នគរបាល​ទាំងអស់​ ​ដែល​បាន​បំពេញ​ភារកិច្ច​ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​ ​ដើម្បី​ធានា​ថា​ ​ប្រជា​ពលរដ្ឋ​អាច​ទៅ​បោះឆ្នោត​ដោយ​សេរី ​ដោយ​គ្មាន​ការ​ភ័យខ្លាច ​ឬ​ការ​រំខាន​។

ទោះបីជា​ការ​បោះឆ្នោត​បាន​បញ្ចប់​ក៏​ដោយ​ ​ក្រសួង​មហាផ្ទៃ​នៅតែ​បន្ត​ការងារ​ការពារ​សន្តិសុខ​ ​ដោយ​កងកម្លាំង​នគរបាល​កំពុង​ការពារ​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​តាម​តំបន់​ ​និង​ធានា​សុវត្ថិ​ភាព​ក្នុង​ការ​ដឹកជញ្ជូន​ឯកសារ​បោះឆ្នោត​ ​សន្លឹក​ឆ្នោត ​និង​ម៉ាស៊ីន​បោះឆ្នោត​។​

​អាជ្ញាធរ​ប៊ុលហ្គារី​ក៏​កំពុង​រក្សា​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ផងដែរ​ ​ក្នុង​អំឡុងពេល​ត្រៀម​រៀបចំ​ការ​បោះឆ្នោត​ជុំ​ទី​ពីរ ​ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦​។ ​ក្រសួង​មហាផ្ទៃ​បាន​ប្តេជ្ញា​បន្ត​ទប់ស្កាត់​រាល់​ការ​ប៉ុនប៉ង​កែ​ប្រែ ​ឬ​បន្លំ​លទ្ធផល​បោះឆ្នោត​ក្នុង​អំឡុងពេល​រង់ចាំ​ការ​បោះឆ្នោត​ជុំ​បន្ទាប់​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា