ប៊ុល​ហ្ការី​-​អាល្លឺម៉ង់​ ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត​ ​និង​មនុស្ស​យន្ត​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៊ុល​ហ្ការី​-​អាល្លឺម៉ង់​ ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត​ ​និង​មនុស្ស​យន្ត​

ប៊ុល​ហ្ការី​-​អាល្លឺម៉ង់​ ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត​ ​និង​មនុស្ស​យន្ត​

​​លោក​នាយក​រដ្ឋមន្ត្រី​ប៊ុលហ្ការី​  ​លោក​ ​Rumen​ ​Radev​ ​នៅសប្តាហ៍​នេះ​ ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ធំ​ៗ​របស់​ប្រទេស​អាល្លឺម៉ង់​ ​នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ ​ដើម្បី​ពិភាក្សា​អំពី​ការ​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី​លើ​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់​ខ្ពស់​ ន​វានុវត្តន៍​ និង​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​។

Advertisement

​យោង​តាម​ការ​ចេញផ្សាយ​របស់​កាសែត​ប៊ុលហ្ការី​ ​Novinata​ ​បាន​ឱ្យដឹង​ថា​ ​របៀបវារៈ​ចម្បង​របស់​រដ្ឋាភិបាល​ ​គឺ​ការ​ធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​វិទ្យាសាស្ត្រ​របស់​ប្រទេស​ប៊ុលហ្ការី ​ដែល​ជា​ជំហាន​យុទ្ធសាស្ត្រ​មួយ​ក្នុង​គោលបំណង​រក្សា​ធនធាន​មនុស្ស​វ័យ​ក្មេង​ដែល​មាន​ទេពកោសល្យ​ ​និង​ផ្តល់​ឱកាស​ការងារ​ប្រកួតប្រជែង​ខ្ពស់​នៅក្នុង​ប្រទេស​។

​នៅក្នុង​ជំនួប​នេះ​ ​ធ្វើឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សមាគម​សហព័ន្ធ​អាល្លឺម៉ង់ ​ដើម្បី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ ​ដោយ​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្លាំង​លើ​ការ​ផ្សារ​ភ្ជាប់​គម្លាត​រវាង​សាកលវិទ្យាល័យ​ប៊ុលហ្ការី ​និង​អាល្លឺម៉ង់​។

​លោក​នាយក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា​ ​កិច្ចសហប្រតិបត្តិការ​រឹងមាំ​លើ​វិស័យ​អប់រំ ​គឺជា​គ្រឹះ​ដ៏​សំខាន់​ក្នុង​ការ​កសាង​សេដ្ឋកិច្ច​ប្រកួតប្រជែង​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់​។​

​លោក​នាយក​រដ្ឋមន្ត្រី​ ​បន្ត​ថា​ តាមរយៈ​ភាព​ជាដៃគូ​វិទ្យាស្ថាន​និង​សាកលវិទ្យាល័យ​ទាំងនេះ​ ​ប្រទេស​ទាំង​ពីរ​មាន​គោលបំណង​ជំរុញ​ការ​ផ្ទេរ​បច្ចេកវិទ្យា​និង​ជំនាញ​វិទ្យាសាស្ត្រ​ ​បណ្តុះបណ្តាល​អ្នកជំនាញ​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​កម្លាំង​ពលកម្ម​នា​ពេល​អនាគត​ ​ព្រមទាំង​ពន្លឿន​ការ​បំប្លែង​លទ្ធផល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ពី​ក្នុង​មន្ទីរពិសោធន៍​ទៅកាន់​ទីផ្សារ​ពាណិជ្ជកម្ម​។

​ផ្នែក​ដ៏​សំខាន់​មួយ​ទៀត​នៃ​កិច្ចពិភាក្សា​ ​គឺ​ការ​ផ្ដោត​លើ​ការ​បញ្ចូល​បច្ចេកវិទ្យា​ផលិតកម្ម​កម្រិត​ខ្ពស់​ទៅក្នុង​វិស័យ​ឧស្សាហកម្ម​របស់​ប៊ុល​ហ្ការី ​ផងដែរ​។

​គណៈប្រតិភូ​ទាំង​ពីរ​បាន​កំណត់​យក​វិស័យ​អាទិភាព​ខ្ពស់​មួយចំនួន​សម្រាប់​គំនិត​ផ្ដួច​ផ្ដើម​រួមគ្នា​ ​ដោយ​ផ្តោត​ជាពិសេស​លើ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​នៅក្នុង​វិស័យ​ឧស្សាហកម្ម ​ការ​សហការ​លើ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​នៃ​មនុស្ស​យន្ត​កម្រិត​ខ្ពស់​ និង​ការ​អភិវឌ្ឍ​ចង្វាក់​ផលិតកម្ម​ប្រកបដោយ​ចីរភាព​ ​និង​សន្សំ​សំចៃ​ធនធាន​ផងដែរ​។

​តាមរយៈ​ការ​ជំរុញ​គម្រោង​រួមគ្នា​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឈាន​មុខ​ទាំងនេះ​ រដ្ឋាភិបាល​មាន​គោលដៅ​ពន្លឿន​ការ​ធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា​នៃ​សេដ្ឋកិច្ច​ប៊ុល​ហ្ការី ​ព្រមទាំង​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​រីកចម្រើន​មួយ​ ​ដែល​អាច​ឱ្យ​អ្នកវិទ្យាសាស្ត្រ​វ័យ​ក្មេង​ ​និង​អ្នកជំនាញ​បច្ចេកវិទ្យា ​អាច​អភិវឌ្ឍ​ខ្លួន​ និង​ជោគជ័យ​នៅក្នុង​ប្រទេសជាតិ​ផ្ទាល់​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា