អាជីវកម្មចេញគណនីអ៊ីវ៉ាឡេត ត្រូវជូនដំណឹងដល់ធនាគារជាតិនៃកម្ពុជា ក្នុងរយៈពេល ៩០ថ្ងៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជីវកម្មចេញគណនីអ៊ីវ៉ាឡេត ត្រូវជូនដំណឹងដល់ធនាគារជាតិនៃកម្ពុជា ក្នុងរយៈពេល ៩០ថ្ងៃ

អាជីវកម្មចេញគណនីអ៊ីវ៉ាឡេត ត្រូវជូនដំណឹងដល់ធនាគារជាតិនៃកម្ពុជា ក្នុងរយៈពេល ៩០ថ្ងៃ

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានកំណត់រយៈពេល ៩០ថ្ងៃ ឱ្យម្ចាស់អាជីវកម្មដែលកំពុងចេញផ្សាយរូបិយវត្ថុអេឡិចត្រូនិក ឬគណនីអ៊ីវ៉ាឡេត សម្រាប់ទូទាត់ផលិតផល ឬសេវាកម្មក្នុងបណ្តាញតែមួយ មកបំពេញកាតព្វកិច្ចជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ NBC។

Advertisement

ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ NBC បានឱ្យដឹងថា បច្ចុប្បន្នមានអាជីវកម្មមួយចំនួន ដូចជា ហាងកាហ្វេ ភោជនីយដ្ឋាន ក្រុមហ៊ុនដឹកជញ្ជូន មជ្ឈមណ្ឌលកម្សាន្ត និងស្ថានីយប្រេងឥន្ធនៈ បានចេញផ្សាយរូបិយវត្ថុអេឡិចត្រូនិកតាមរយៈកម្មវិធីទូរសព្ទចល័ត ឬបណ្ណសមាជិករបស់ខ្លួន។

តាមរយៈប្រព័ន្ធទាំងនេះ អតិថិជនអាចបង្កើតគណនីអ៊ីវ៉ាឡេត និងបញ្ចូលសមតុល្យសម្រាប់ទូទាត់ទំនិញ ឬសេវាកម្មដែលផ្តល់ដោយអាជីវកម្មដែលបានចេញផ្សាយតែមួយប៉ុណ្ណោះ ដែល NBC ហៅថា «Single-Purpose E-Money»។

NBC បានបញ្ជាក់ថា តាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឆ្នាំ១៩៩៩ ការផ្តល់មធ្យោបាយទូទាត់សងប្រាក់ដល់អតិថិជន ជាផ្នែកមួយនៃប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលតម្រូវឱ្យមានការស្នើសុំអាជ្ញាបណ្ណពី NBC។

ជាមួយគ្នានេះ ប្រការ ២០ ចំណុច ១ នៃប្រកាសស្តីពី «ការគ្រប់គ្រងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ឆ្នាំ២០១៧» បានហាមឃាត់នីតិបុគ្គលក្រៅពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ មិនឱ្យចេញផ្សាយរូបិយវត្ថុអេឡិចត្រូនិក។

ទោះយ៉ាងណា ដើម្បីសម្រួលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងជំរុញនវានុវត្តន៍ ការចេញផ្សាយរូបិយវត្ថុអេឡិចត្រូនិកក្នុងករណីមួយចំនួន មិនតម្រូវឱ្យស្នើសុំអាជ្ញាបណ្ណទេ ប៉ុន្តែត្រូវជូនដំណឹងជាមុនជាលាយលក្ខណ៍អក្សរមក NBC។

ក្នុងចំណោមលក្ខខណ្ឌទាំងនោះ សមតុល្យអតិបរមានៃគណនីនីមួយៗមិនត្រូវលើសពី ២០០.០០០ រៀល ឬសមមូល ខណៈសមតុល្យគណនីសរុបមិនត្រូវលើសពី ៨០០.០០០.០០០ រៀល ឬសមមូល។ រូបិយវត្ថុអេឡិចត្រូនិកក៏ត្រូវប្រើសម្រាប់ទូទាត់ផលិតផល ឬសេវាកម្មដែលផ្តល់ដោយរូបវន្តបុគ្គលតែមួយ និងត្រូវគោរពតាមលក្ខខណ្ឌផ្សេងទៀតដែលកំណត់ដោយ NBC។

NBC បានស្នើឱ្យម្ចាស់អាជីវកម្មដែលមិនមែនជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឬគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហើយកំពុងចេញផ្សាយរូបិយវត្ថុអេឡិចត្រូនិក មកបំពេញកាតព្វកិច្ចជូនដំណឹងជាលាយលក្ខណ៍អក្សរតាមគំរូដែលបានកំណត់ ក្នុងរយៈពេលយ៉ាងយូរ ៩០ថ្ងៃ គិតចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។

ក្នុងករណីខកខានមិនបានជូនដំណឹងតាមពេលវេលាកំណត់ NBC នឹងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។

ទន្ទឹមនេះ NBC បានអំពាវនាវឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់នៅពេលចុះឈ្មោះបង្កើតគណនីអ៊ីវ៉ាឡេតនៅក្នុងកម្មវិធីទូរសព្ទរបស់អាជីវកម្ម ឬក្រុមហ៊ុនដែលមិនមែនជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងមិនមានអាជ្ញាបណ្ណត្រឹមត្រូវ។

NBC បានបញ្ជាក់ថា គណនីអ៊ីវ៉ាឡេតដែលអតិថិជនបង្កើតជាមួយអាជីវកម្មទាំងនេះ មិនមែនជាគណនីសម្រាប់ដាក់ប្រាក់សន្សំឡើយ ហើយអាជីវកម្មទាំងនោះត្រូវបានហាមឃាត់មិនឱ្យផ្តល់ការប្រាក់លើសមតុល្យទឹកប្រាក់ដែលរក្សាទុកក្នុងគណនីអ៊ីវ៉ាឡេត។

ដូច្នេះ អតិថិជនមិនគួររក្សាសមតុល្យក្នុងគណនីលើសពីកម្រិតដែលបានកំណត់ឡើយ និងត្រូវទទួលខុសត្រូវចំពោះហានិភ័យដែលអាចកើតមានពីការបើក និងប្រើប្រាស់គណនីអ៊ីវ៉ាឡេតទាំងនេះដោយខ្លួនឯង៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា