ដាំ​ឈូក​លើ​ដី​ជួល​​ ១០ ​ហិកតា​ ​កសិករ​ម្នាក់​អាច​នៅសល់​ចំណូល​សុទ្ធ​ជាង ​៣ ​លាន​រៀល​ក្នុង​មួយ​វគ្គ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដាំ​ឈូក​លើ​ដី​ជួល​​ ១០ ​ហិកតា​ ​កសិករ​ម្នាក់​អាច​នៅសល់​ចំណូល​សុទ្ធ​ជាង ​៣ ​លាន​រៀល​ក្នុង​មួយ​វគ្គ​

ដាំ​ឈូក​លើ​ដី​ជួល​​ ១០ ​ហិកតា​ ​កសិករ​ម្នាក់​អាច​នៅសល់​ចំណូល​សុទ្ធ​ជាង ​៣ ​លាន​រៀល​ក្នុង​មួយ​វគ្គ​

កណ្ដាល​៖ ពី​ម្ចាស់​ដី​ស្រែ ​និង​ដី​ចម្ការ​ផ្ទាល់ខ្លួន​មក​ជា​អ្នក​ជួល​ដី​គេ​ដើម្បី​បន្ត​មុខរបរ​កសិកម្ម ​លោក​ ​ជ្រឹន​ ​ឡួត កសិករ​អាយុ​ ៤៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​អ្នក​ម្ចាស់​ ​ឃុំ​វិហារ​សួគ៌ ​ខេត្ត​កណ្ដាល​ ​បាន​ងាក​មក​ប្រកបរបរ​ដាំ​ឈូក​ជាង​ ​១០​ឆ្នាំ​មកហើយ​ ​ដោយសារ​មើល​ឃើញ​ថា​ ​ដំណាំ​នេះ​អាច​ផ្តល់​ផល​ច្រើន​ដង​ ​និង​មាន​លទ្ធភាព​បង្កើត​ចំណូល​ប្រសើរ​ជាង​ការ​ធ្វើ​ស្រែ​ដែល​តម្លៃ​ស្រូវ​មាន​ការ​ប្រែប្រួល​ ​និង​ទទួល​បាន​ប្រាក់​ចំណេញ​តិច​។

​បច្ចុប្បន្ន​ ​លោក​បាន​ជួល​ដី​គេ​ចំនួន​ ​១០​ហិកតា​ ​សម្រាប់​ដាំ​ឈូក​នៅ​ម្ដុំ​ភូមិ​ដួន​ហែម​ ​ស្រុក​ខ្សាច់​កណ្ដាល​ ​ខេត្ត​កណ្ដាល​ ​ដោយ​បង់​ថ្លៃ​ជួល​ ​១០០​ដុល្លារ​ក្នុង​មួយ​ហិកតា​។ ​លោក​បាន​ចាប់ផ្តើម​ជួល​ដី​នៅ​តំបន់​នេះ​តាំងពី​ឆ្នាំ​២០២៤ ​បន្ទាប់ពី​គ្រួសារ​បាន​លក់​ដី​ស្រែ​ ​និង​ដី​ចម្ការ​ផ្ទាល់ខ្លួន ​ដើម្បី​យក​ប្រាក់​ទៅ​ព្យាបាល​ជំងឺ​កូនប្រុស​ច្បង​។

​លោក​ ​ជ្រឹន ឡួត ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ជ្រើសរើស​ដំណាំ​ឈូក​ជាមុខរបរ​ចម្បង​ ​គឺ​ដោយសារ​ដំណាំ​នេះ​អាច​ប្រមូល​ផល​បាន​ពី​ ​៣ ​ទៅ​ ៤​ដង​ ​បន្ទាប់ពី​ដាំដុះ​ ​ខណៈ​ការ​ធ្វើ​ស្រែ​ពឹងផ្អែក​ខ្លាំង​លើ​តម្លៃ​ស្រូវ​នៅ​ទីផ្សារ​។ ​ទោះជា​យ៉ាងណា ​ការ​ដាំ​ឈូក​ក៏​ទាមទារ​ការ​ថែទាំ​ច្រើន​ជាង​ស្រូវ​ ​មាន​បញ្ហា​ជំងឺ ​និង​ត្រូវ​យកចិត្តទុកដាក់​លើ​ការ​គ្រប់គ្រង​ទឹក​ ​និង​សត្វ​ល្អិត​ផងដែរ​។

​លោក​បាន​មានប្រសាសន៍​ថា ​កាលពី​មុន​គ្រួសារ​មាន​ដី​ស្រែ ​និង​ដី​ចម្ការ​ផ្ទាល់ខ្លួន ប៉ុន្តែ​ត្រូវ​លក់​ដើម្បី​យក​ប្រាក់​ទៅ​ព្យាបាល​កូន​។ ​ចាប់​តាំងពី​ពេល​នោះ​មក​ ​លោក​និង​ភរិយា​ត្រូវ​បន្ត​ជួល​ដី​ពី​គេ​ដើម្បី​ធ្វើ​កសិកម្ម​ ​ហើយ​នៅពេល​ម្ចាស់​ដី​ឈប់​ឱ្យ​ជួល​ ​ក៏​ត្រូវ​ស្វែងរក​ដី​ថ្មី​ដើម្បី​បន្ត​មុខរបរ​។

​ចំពោះ​ការ​ចំណាយ​ដើមទុន​ កសិករ​រូប​នេះ​បាន​ឱ្យ​ដឹង​ថា​ ​ជា​ទូទៅ​ក្នុង​មួយ​ហិកតា​ ​លោក​ប្រើ​កូនឈូក​ប្រមាណ​ ៧​.​០០០​ដើម​ ​ខណៈ​ការ​ដាំដុះ​តាម​ការ​អនុវត្ត​ទូទៅ​អាច​ប្រើ​រហូតដល់​ ១០​.​០០០​ដើម​ក្នុង​មួយ​ហិកតា​។​ ​កូន​ឈូក​ ​១០០​ដើម​មាន​តម្លៃ​ប្រមាណ​ ​១០​.​០០០​រៀល ​ហើយ​ថ្លៃ​ពលកម្ម​សម្រាប់​ដក ​និង​ដាំ​ក៏​ត្រូវ​ចំណាយ​ប្រមាណ​ ១០​.​០០០​រៀល​បន្ថែម​ទៀត​ ​ក្នុង​ ១០០​ដើម​។

​ដូច្នេះ ​សម្រាប់​ការ​ប្រើ​កូន​ឈូក​ ​៧​.​០០០​ដើម​ក្នុង​មួយ​ហិកតា​ ​ថ្លៃ​កូន​ឈូក​ ​និង​ពលកម្ម​ដក​ដាំ​អាច​មាន​ចំនួន​ប្រមាណ ​១​,​៤​លាន​រៀល​។ ​ទោះជា​យ៉ាងណា ​លោក​មិន​ចាំបាច់​ជួល​កម្មករ​ទាំងស្រុង​នោះ​ទេ ​ដោយ​លោក​បាន​ដាំ​ដោយ​ខ្លួនឯង​ប្រមាណ​ ៥​ហិកតា ​ដើម្បី​កាត់បន្ថយ​ចំណាយ​លើ​កម្លាំង​ពលកម្ម​។

តាម​បទ​ពិសោធន៍​របស់​លោក​ ​ក្នុង​មួយ​ហិកតា​អាច​ប្រមូល​ផល​បាន​ជា​មធ្យម​ចាប់​ពី​ ១​តោន ​ដល់​ជាង​ ​១​,​៣​តោន​។ ​បន្ទាប់ពី​កាត់​កង​ចំណាយ​លើ​ជី ​ថ្នាំ​ ​និង​កម្លាំង​ពលកម្ម​ផ្សេង​ៗ​ ប្រាក់​ចំណេញ​អាច​នៅសល់​ប្រមាណ​ ៥០​ម៉ឺន ​ទៅ​ ៦០​ម៉ឺន​រៀល​ក្នុង​មួយ​ហិកតា​។

​សម្រាប់​ការ​ចាប់ផ្តើម​ដាំដុះ​ក្នុង​មួយ​វគ្គ​ ​លោក​តែង​ត្រូវការ​ដើមទុន​ខ្ចី​ពី​ខាង​ក្រៅ​ប្រមាណ ៦​លាន​ ​ទៅ​ ៧​លានរៀល​ ​ហើយ​ពេល​ខ្លះ​អាច​ឡើង​ដល់​ ១០​លាន​រៀល​។ ប្រភព​ទុន​មួយ​ផ្នែក​បាន​មកពី​អ្នក​ទទួល​ទិញ​ផលិតផល​ពី​លោក​ផ្ទាល់ ​ដោយ​មាន​ការប្រាក់​ ៣​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ​សម្រាប់​ប្រាក់​កម្ចី​ ១​លាន​រៀល​។ ​ក្រោយ​ប្រមូល​ផល ​និង​សង​ប្រាក់​កម្ចី​រួច​ ​គ្រួសារ​អាច​នៅសល់​ប្រាក់​ចំណូល​សុទ្ធ​ជាង​ ៣​លាន​រៀល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​។

​ចំពោះ​ទីផ្សារ​ ​គ្រាប់​ឈូក​ដែល​ហាល​ស្ងួត​អាច​លក់​បាន​ក្នុង​តម្លៃ​ ៤​.​០០០ ​ទៅ​ ៥​.​០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​ខណៈ​គ្រាប់​ឈូក​សើម​ដែល​នៅ​មាន​សំបក​មាន​តម្លៃ​ប្រមាណ​ ២​.​៥០០ ​ទៅ​ ​៣​.​០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ ​ចំណែក​រយៈពេល​ដាំដុះ​ ​ប្រភេទ​ពូជ​លូតលាស់​លឿន​អាច​ចាប់ផ្តើម​ប្រមូល​ផល​ក្រោយ​ដាំ​បាន​ប្រមាណ​ ​៣​ខែ ​ហើយ​ពូជ​ខ្លះ​ទៀត​ត្រូវការ​ពេល​យូរ​ជាង​នេះ​បន្តិច​។

​អ្វី​ដែល​ជួយ​កាត់បន្ថយ​ថ្លៃ​ដើម​ក្នុង​ការ​ដាំ​ឈូក​ ​គឺ​ក្រោយ​ប្រមូល​ផល​លើក​ដំបូង​ ​កសិករ​អាច​ប្រើ​វិធី​ព្យួរ​ ​ដើម្បីឱ្យ​ដើមឈូក​បង្កើត​ពន្លក​ ​និង​ឫស​ថ្មី ​រួច​បន្ត​ប្រមូល​ផល​បាន​ច្រើន​ដង​ ​ដោយ​មិន​ចាំបាច់​ទិញ​កូន​ឈូក​ថ្មី​រាល់​វគ្គ​។ ​ប៉ុន្តែ​ការ​ប្រើ​ពន្លក​ចាស់​បន្ត​អាច​ធ្វើឱ្យ​ទិន្នផល​ ​និង​គុណភាព​ថយចុះ​ បើ​ធៀប​នឹង​ការ​ដាំ​ឡើង​វិញ​ដោយ​ប្រើ​កូនឈូក​ថ្មី​។​

​ទោះ​មាន​លទ្ធភាព​បង្កើត​ចំណូល​ពី​ដំណាំ​ឈូក​ក៏​ដោយ​ កសិករ​រូប​នេះ​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ពី​អាកាសធាតុ ​ដូចជា​ទឹកជំនន់ ​និង​ការ​ខូចខាត​ដំណាំ​ ​ព្រមទាំង​តម្រូវការ​ថែទាំ​ជា​ប្រចាំ​ទាំង​យប់​ទាំង​ថ្ងៃ​។​ ​ការ​ចំណាយ​លើ​ការ​ស្រោច​ទឹក​ ការ​ការពារ​សត្វ​ល្អិត ​និង​ការ​បាញ់​ថ្នាំ​ ​គឺ​ជា​កត្តា​ដែល​ត្រូវ​គិតគូរ​ដើម្បី​រក្សា​ទិន្នផល ​និង​ប្រាក់​ចំណេញ​។

​សម្រាប់​រដូវកាល​ខាង​មុខ ​លោក​មាន​គម្រោង​ផ្អាក​ការ​ដាំ​ឈូក​ជា​បណ្តោះអាសន្ន​លើ​ផ្ទៃដី​ភាគ​ច្រើន​ ​ដោយ​ងាក​មក​ដាំ​ស្រូវ​វិញ ​ដើម្បី​ធានា​ស្បៀង​សម្រាប់​គ្រួសារ​ ​និង​សម្រប​តាម​ស្ថានភាព​ទីផ្សារ ​និង​អាកាសធាតុ​។ ​លោក​នឹង​ទុក​ដំណាំ​ឈូក​ប្រមាណ​កន្លះ​ហិកតា​ ​ទៅ​មួយ​ហិកតា​ ​នៅ​កន្លែង​ដែល​មាន​ប្រភព​ទឹក​គ្រប់គ្រាន់​ ​ហើយ​មាន​គម្រោង​រៀបចំ​ដាំ​ឈូក​ឡើង​វិញ​នៅ​ខែ​មីនា​។

​លោក​បាន​ឱ្យ​ដឹង​ថា​ ​ទោះបីជា​បាន​បាត់បង់​ដី​ស្រែ​ផ្ទាល់ខ្លួន ​និង​ត្រូវ​ពឹងផ្អែក​លើ​ការជួល​ដី​គេ​ក៏​ដោយ​ ​ក៏​លោក​នៅតែ​ចង់​បន្ត​មុខរបរ​ដាំ​ឈូក​នេះ​នៅ​ថ្ងៃ​អនាគត ​ដោយសារតែ​មាន​បទពិសោធន៍​ ​និង​ស្រឡាញ់​ការងារ​កសិកម្ម​ដែល​បាន​ប្រឡូក​តាំងពី​វ័យ​ក្មេង​៕

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា