ក្រោយ​បង្កើត​ចរន្ដសេដ្ឋកិច្ចប្រមាណ ១,៨ លានដុល្លារ CAFE26 គ្រោង​ធ្វើ​នៅឆ្នាំ​២០២៧ ទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រោយ​បង្កើត​ចរន្ដសេដ្ឋកិច្ចប្រមាណ ១,៨ លានដុល្លារ CAFE26 គ្រោង​ធ្វើ​នៅឆ្នាំ​២០២៧ ទៀត

ក្រោយ​បង្កើត​ចរន្ដសេដ្ឋកិច្ចប្រមាណ ១,៨ លានដុល្លារ CAFE26 គ្រោង​ធ្វើ​នៅឆ្នាំ​២០២៧ ទៀត

ភ្នំពេញ ៖ វេទិការ និង​ពិព័រណ៍​កសិកម្ម​ឆ្នាំ​២០២៦ ដែល​ហៅ​កាត់​ថា CAFE26 បាន​បិទបញ្ចប់​ទៅ​ដោយ​រលូន និង​ទទួល​បាន​ផ្លែផ្កា​គួរជា​ទីមោទន​​ កាល​ពី​ល្ងា​ចថ្ងៃ​ទី២៥ ខែតុលា ឆ្នាំ២០២៦។ ប៉ុន្ដែ​រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ បាន​បញ្ជាក់​ថា ទំនាក់ទំនង ភាពជាដៃគូ និងឱកាសដែលភាគីពាក់ព័ន្ធ​បានបង្កើតឡើងនៅក្នុង​ព្រឹត្ដិកាណ៍នេះ នៅតែបន្តទៅមុខជាមួយនឹងកិច្ចព្រមព្រៀង ការវិនិយោគ និងដំណោះស្រាយថ្មីៗ។

ថ្លែង​ក្នុង​ពិធី​បិទ​កាល​ពី​ល្ងាច​ថ្ងៃ​ទី២៥ ខែតុលា នៅ​សាលសន្និសីទ និង​ពិព័រណ៍​កោះ​ពេជ្រ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ថ្លែង​អំណរគុណ​ដល់​បងប្អូន​ប្រជា​កសិករ​ដែល​បាន​ចំណាយពេលចូលរួម​យ៉ាង​ច្រើន​កុះករ បង្កើត​ទៅ​ជាព្រឹត្តិការណ៍ដ៏ធំលើស​ពី​ឆ្នាំ​២០២៥ ដែល​​រៀបចំ​ឡើង​​​ជា​លើក​ដំបូងទៅ​ទៀត។ ឯកឧត្ដមសង្ឃឹម​ថា ព្រឹត្តិការណ៍ CAFE26 នឹង​ធ្វើ​​នៅ​ឆ្នាំ​២០២៧ បន្ដទៀត ដើម្បី​នាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់កសិករ ដូច​ជា ទទួលបានចំណេះដឹងថ្មីៗ ការសាកល្បងដោយផ្ទាល់ជាមួយបច្ចេកវិទ្យាកសិកម្មទំនើបៗ ផ្សាភ្ជាប់ទៅទីផ្សារ ជួបអ្នកផ្តល់សេវាកម្ម និងធុរជននានា។

 ជាមួយគ្នា​នេះ​ តំណាង​អង្គការស្បៀង និង​កសិកម្ម នៃសហប្រជាជាតិ​ ហៅ​កាត់​ថា FAO ប្រចាំកម្ពុជា អ្នកស្រី Rebekah Bell បានមាន​ប្រសាសន៍ទទួល​ស្គាល់​​ថា CAFE26 ពិត​ជា​បាន​បើក​ឱកាសជួបគ្នា និងបង្កើន​ចំណេះដឹង​កសិកម្ម​​ថ្មីៗ ​រវាង​អ្នក​ធ្វើ​គោលនយោបាយ អ្នក​វិនិយោគ និងត​ភ្ជាប់​ទៅ​កសិករ​ដោយ​ផ្ទាល់។

អ្នកស្រី​បញ្ជាក់​ថា ចំពោះ​អង្គការ​ FAO បាន​មើល​ឃើញ​ថា CAFE26​​ គឺជាស្មារតី​បង្កើត​គំនិតផ្ដួចផ្ដើមរួមក្នុង​ការធ្វើ​ការងារ​ជាធ្លុង​មួយ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដៃគូអភិវឌ្ឍន៍ អ្នក​វិនិយោគ និង​សហគមន៍​កសិកម្ម ដើម្បី​ពន្លឿន​បដិវដ្ដកម្ម​កសិចំណីអាហារ។ ទន្ទឹម​គ្នា​នេះ​ FAO ក៏​បន្ដជួយ​រាជរដ្ឋាភិបាល​ តាម​រយៈ​ក្រសួង​កសិកម្ម​ ដើម្បី​បង្កើត​ភាព​ធន់​លើ​វិស័យ​កសិកម្ម​កម្ពុជា និង​សុវត្ថិភាព​ស្បៀង​អាហារ​ពិភព​លោក​នៅ​កម្ពុជា។

យោង​តាម​របាយការណ៍​របស់ឯកឧត្ដម ប្រាក់ ដាវីដ ​​ប្រធាន​គណៈកម្មការ​រៀបចំ​ព្រឹត្ដិកាណ៍ CAFE26 ឱ្យដឹង​ថា រយៈ​ពេល​ ៣ថ្ងៃ នៃ​ព្រឹត្ដិការណ៍ CAFE26 មាន​​អ្នក​ចូល​​ទស្សនា​ស្ដង់ និង​ជាវ​សម្ភារៈ​ផ្សេងៗចំនួន ៣៥ ០០០​នាក់។ តួលេខ​នេះ​ បានកើន​ឡើង ១០ ០០០នាក់ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ នៃ​ព្រឹត្ដិការ​លើក​ទី១ ឆ្នាំ​២០២៥។ តាម​រយៈ​សកម្មភាពចូល​​ទស្សនាស្ដង់ និង​ទិញម្ហូបអាហារ សម្ភារៈ​កសិកម្ម​ផ្សេងៗ​ សរុប​ទាំង ៤៤៦ស្ដង់​ បានបង្កើតជា​ចរន្ដសេដ្ឋកិច្ច​ប្រមាណ ១,៨​ លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ដោយ​ឡែក​ វេទិកា CAFE26 ត្រូវ​បាន​ឯកឧត្ដម​រាយការណ៍​ថា មាន​អ្នកចូល​រួមចំនួន ២ ៥០០នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​អន្ដរជាតិ​ដែល​ត្រូវបាន​អញ្ជើញ​មក​​​ពីប្រទេស​ចំនួន​​ ១០​​ ដោយ​មិន​រាប់​បញ្ចូល​ចំនួន​ធុរជន និង​គណៈប្រតិភូ​អន្ដរជាតិ​ដែល​កំពុង​ស្ថិតនៅ​ក្នុង​ប្រទេស​កម្ពុជាស្រាប់។ ក្នុង​នោះ​មាន​វាគ្មិន​ជាតិ អន្ដរជាតិ​សរុប ១៤១រូប បាន​ចូល​រួម​ធ្វើ​បទបង្ហាញ​ស្ដី​ពីការ​វិនិយោគកសិកម្ម នវានុវត្ដន៍ដល់​យុវជន កសិករជាស្ដ្រី និង​ការចែករំលែក​បទពិសោធន៍ ចំណេះដឹង​សហគមន៍​កសិកម្ម​​ទំនើបជាច្រើនវគ្គ។

សូម​រំលឹក​ជូន​ថា វេទិកា និង​ពិព័រណ៍​កសិកម្ម​ឆ្នាំ​២០២៦ បាន​រៀបចំឡើង​រយៈ​ពេល​ ៣​ថ្ងៃ​ពេញ ចាប់​ពី​ថ្ងៃ​ទី២៣ ដល់​២៥ ខែ​តុលា ឆ្នាំ​២០២៦ ដែល​រៀបចំ​ឡើងដោយ​ក្រសួង​កសិកម្ម អង្គការ FAO និងអង្គការ Hand in Hand ​ដោយ​សហការគាំទ្រពី​ក្រសួង​ ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ធនាគារ និងដៃគូក្នុងវិស័យឯកជនចំនួន ៣៩​ ​ស្ថាប័ន​៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា