កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

​ភ្នំពេញ​៖​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍​។

​ឯកឧត្តម​ ស៊ីន ​ចាន់​សិរី​វត្ថា​ ​រដ្ឋលេខាធិការ​ ​និង​ជា​អ្នក​នាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ​ខែ​តុលា ​ឆ្នាំ​២០២៦​ ថា​ ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​ស្វាគមន៍​ចំពោះ​សេវា​ហោះហើរ​ថ្មី​ទាំងនេះ​ ​ដែល​នឹង​ជួយ​ពង្រឹង​ការ​តភ្ជាប់​របស់​កម្ពុជា​ជាមួយ​ទីផ្សារ​ទេសចរណ៍​សំខាន់​ៗ​នៅ​តំបន់​អាស៊ី​ឦសាន​។

​តាម​ប្រភព​ដដែល​ ​ក្រុមហ៊ុន​អាកាសចរណ៍​ Trinity ​Airways ​នឹង​ចាប់ផ្តើម​សេវា​ហោះហើរ​តាម​រដូវលើ​ផ្លូវ​សេអ៊ូល​-​អ៊ីន​ឈន់ ​និង​សៀមរាប ​ចាប់​ពី​ថ្ងៃ​ទី​២៤​ ​ខែ​ធ្នូ ​ឆ្នាំ​២០២៦ ​ដល់​ថ្ងៃ​ទី​៣ ​ខែ​មីនា ​ឆ្នាំ​២០២៧​។​ ​ក្រុមហ៊ុន​នឹង​ដំណើរការ​ជើងហោះហើរ​ជា​រៀងរាល់​ថ្ងៃ ​ដោយ​ប្រើប្រាស់​យន្តហោះ​ប្រភេទ​ ​Boeing 737-800 ​ដែល​ស្រប​ពេល​នឹង​រដូវ​កាល​ទេសចរណ៍​កំពូល​របស់​កម្ពុជា​។

​ជាមួយគ្នា​នេះ​ ​ក្រុមហ៊ុន​អាកាសចរណ៍​ ​China ​Eastern ​Airlines ​បាន​បង្កើន​ជើង​ហោះហើរ​លើ​ផ្លូវគុន​មីង​-​សៀមរាប​ ​ពី​ ​៣ ​ជើង​ ​ដល់​ ៤ ​ជើង​ក្នុង​មួយ​សប្តាហ៍ ចាប់​ពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០២៦​។ ​ជើង​ហោះហើរ​នេះ​ដំណើរការ​នៅ​ថ្ងៃ​អង្គារ​ ​ថ្ងៃ​ព្រហស្បតិ៍​ ​ថ្ងៃ​សៅរ៍​ ​និង​ថ្ងៃ​អាទិត្យ​ ​ដោយ​ប្រើប្រាស់​យន្តហោះ​ប្រភេទ​ ​Boeing 737-800​។​

ការ​បន្ថែម​ជើង​ហោះហើរ​ពី​គុន​មីង ​ដែល​ស្ថិត​នៅ​ភាគ​និរតី​នៃ​ប្រទេស​ចិន ​នឹង​ជួយ​បង្កើន​ជម្រើស​ធ្វើដំណើរ​របស់​អ្នក​ដំណើរ ​ខណៈ​សេវា​ហោះហើរ​តាម​រដូវ​ពី​កូរ៉េ​ខាង​ត្បូង​នឹង​បន្ថែម​ការ​តភ្ជាប់​តាម​ផ្លូវ​អាកាស​ជាមួយ​ទីផ្សារ​ទេសចរណ៍​សំខាន់​មួយ​ទៀត​ក្នុង​តំបន់​។

​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​លើកឡើង​ថា​ ​ការ​ពង្រីក​សេវា​ហោះហើរ​ទាំង​នេះ​នឹង​រួមចំណែក​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ​និង​បង្កើត​ឱកាស​សេដ្ឋកិច្ច​សម្រាប់​ខេត្ត​សៀមរាប​ ​ព្រមទាំង​ពង្រឹង​ជំហរ​របស់​ខេត្ត​ក្នុងនាម​ជា​គោលដៅ​ទេសចរណ៍​វប្បធម៌​ ​និង​បេតិកភណ្ឌ​។

​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​បន្ត​សម្រួល​ដល់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ ​លើកកម្ពស់​ការ​ចូល​ទីផ្សារ ​និង​ពង្រឹង​កិច្ច​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ក្នុង​វិស័យ​អាកាសចរណ៍​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​ការ​តភ្ជាប់​ផ្លូវ​អាកាស ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា