ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​

ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) នៅមជ្ឈ​មណ្ឌលសន្និបាត​ និងពិព័រណ៍កោះពេជ្រ​ កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោក​បណ្ឌិត កែ មុន្ធីវុធ​ បានមានប្រសាសន៍ថា​ បច្ចុប្បន្ន​នេះ ផលិ​ត​ផលកសិកម្ម​របស់កម្ពុជាបានសាយភាយស្ទើរតែពេញពិភពលោក​ទៅហើយ ជាក់ស្ដែង ​ទំនិញ​កសិផល​របស់កម្ពុជា​កំពុង​មានវត្តមាន​លើទីផ្សា​រប្រមាណ ១៧០​ប្រទេសរួចទៅហើយ។

លោក​ណ្ឌិត​បន្តថា តាមរយៈការពង្រីកទីផ្សារ​ផលិតផលកសិកម្ម​នៅក្រៅប្រទេស​ បានធ្វើឱ្យការ​នាំចេញទំនិញកសិផល​កម្ពុជាមានបរិមាណកើនឡើង ជាក់ស្ដែង​ ក្នុង​ឆ្នាំ២០២៥កន្លងទៅនេះ ការ​នាំចេញផលិតផលកសិ​កម្ម​​ជា​រុក្ខជាតិរបស់កម្ពុជា​សម្រេច​បានប្រមាណ១៥លានតោន​ ។

លោកថា ៖ « ការពង្រីកទីផ្សារ និង​បង្កើន​បរិមាណនាំចេញពីកម្ពុជា មិនមែន​យើង​ចេះតែ​បង្កើន​ និងពង្រីកដោយឯកឯងទេ ។ វាក៏អាស្រ័យលើ​គុណភាពផលិតផល​របស់​យើង ហើយមានការទទួលស្គាល់​ និងគាំទ្រពីទីផ្សារ​ប្រមាណ១៧០ទីផ្សារ​នោះផងដែរ »​ ។​

លោក​បណ្ឌិត​បន្ថែមថា ប្រព័ន្ធភូតគាមអនាម័យ​មានសារសំខាន់​ណាស់​ក្នុងការ​តភ្ជាប់តាំងពីកន្លែង​ផលិតរហូតដល់អ្នក​ប្រើប្រាស់​ ហើយ​តាមរយៈការ​នាំចេញ​ទៅកាន់ទីផ្សារ​បរទេស​កាន់តែមានចំនួន​ច្រើន​ដូច្នេះ បានបញ្ជាក់ឱ្យឃើញច្បាស់ថា ផលិតផលរបស់​កម្ពុជា​កាន់តែមានទំនុកចិត្ត​នៅលើទីផ្សារ​បរទេស ។​

ឯកឧត្ដម ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្ដង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ផលិតផល​ដែលអាច​នាំចេញទៅក្រៅប្រទេស​បាន​គឺផ្អែក​លើ​កត្តា​មួយចំនួន ក្នុងនោះរួមមាន​កត្តាស្តង់ដារ​ផលិត​ផល​ ។ ស្ដង់ដារ​ផលិតផល​ទាំង​នេះ រួមបញ្ចូលទាំងទំហំ​នៃផលិតផ​ល​ រសជាតិ​ និង​គុណភាពនៃផលិតផល​ ។

ឯកឧត្តម​បន្តថា ដើម្បី​អាច​នាំចេញផលិតផល​ចេញទៅកាន់ទីផ្សារ​ក្រៅប្រទេស​បាន ក៏អាស្រ័យទៅលើ​ប្រព័ន្ធគ្រប់គ្រង​នៃការផលិត​ផងដែរ ។ ជាឧទាហរណ៍ ក្នុង​រោងចក្រ​ ឬសិប្បកម្មមួយដែលមាន​បុគ្គលិក​ច្រើន ហើយក្នុងករណី​មានបុគ្គលិក​មួយចំនួនធ្វើធ្វេស​ប្រហែស​ មិនបាន​ត្រួតពិនិត្យប្រព័ន្ធ ឬក៏ធ្វើឱ្យផលិតផល​សម្រេចចេញមក​ខុសបច្ចេកទេស ក៏ផលិតផលទាំង​នោះមិន​អាចនាំចេញទៅតាមគោលដៅដែល​ចង់បាននោះដែរ ។​

គួររម្លឹកថា ក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើន​នៃការ​នាំចេញទំនិញកសិផល ក៏ដូចជា​ទំនិញផ្សេងៗទៀតពីកម្ពុជា​ទៅកាន់ទីផ្សារ​បរទេស​ហាក់​កើនឡើង​ខ្ពស់ ។ តាមរយៈកំណើននៃការ​នាំចេញនេះ ត្រូវបានគេដឹងថា ដោយសារតែ​កម្ពុជា​បាន​ស្វែងរកទីផ្សារ​ថ្មីៗ ក្នុងនោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ទាំងទ្វេភាគី និងពហុភាគីបានជំរុញឱ្យការនាំចេញរបស់កម្ពុជា​ទៅកាន់បរទេស​កាន់តែមានកំណើនខ្ពស់ ។​

លោក​ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានថ្លែង​កាលពីពេល​កន្លងទៅឱ្យដឹងថា ទោះបីជា​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីជាច្រើន​បានចូលជាធរមាន និងកំពុង​អនុវត្តន៍ ក៏កម្ពុជា​នៅតែបន្តស្វែងកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីជា​មួយបណ្ដា​ប្រទេសដែលមានទីផ្សារធំៗជាច្រើនទៀត ក្នុងគោលបំណងស្វែងរកទីផ្សារ​ឱ្យផលិតផល​របស់កម្ពុជា ជាពិសេសផលិតផល​កសិកម្ម​ដែល​ជាផលិតផល​យុទ្ធសាស្ត្រ​ឈានមុខ​មួយរបស់កម្ពុជា ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា