កម្ពុជា - សិង្ហបុរី រួមគ្នាការពារកម្មសិទ្ធិឧស្សាហកម្ម​ និងកម្មសិទ្ធិបញ្ញានៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា - សិង្ហបុរី រួមគ្នាការពារកម្មសិទ្ធិឧស្សាហកម្ម​ និងកម្មសិទ្ធិបញ្ញានៅកម្ពុជា

កម្ពុជា - សិង្ហបុរី រួមគ្នាការពារកម្មសិទ្ធិឧស្សាហកម្ម​ និងកម្មសិទ្ធិបញ្ញានៅកម្ពុជា

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹងអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរី (IPOS) បានសហការរៀបចំសិក្ខាសាលាស្តីពី «ការចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម គំនូរឧស្សាហកម្ម និងកម្មសិទ្ធិបញ្ញា ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យា» ដើម្បីលើកកម្ពស់ការចុះបញ្ជី និងកិច្ចការពារកម្មសិទ្ធិឧស្សាហកម្មនៅកម្ពុជា។

Advertisement

សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអេឡិចត្រូនិក (E-filing) ដើម្បីកាត់បន្ថយពេលវេលា និងការចំណាយ, ចែករំលែកបទពិសោធន៍ល្អៗពីសិង្ហបុរី ក្នុងកិច្ចការពារ និងគ្រប់គ្រងកម្មសិទ្ធិបញ្ញាតាមស្តង់ដាអន្តរជាតិ ក៏ដូចជាពង្រឹងការយល់ដឹងផ្នែកអាជីវកម្ម និងនវានុវត្តន៍ករ ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់។

ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា កម្មសិទ្ធិបញ្ញាគឺជាឆ្អឹងខ្នងនៃនវានុវត្តន៍ និងការប្រកួតប្រជែងសេដ្ឋកិច្ច ហើយកិច្ចសហប្រតិបត្តិការជាមួយ IPOS នឹងជួយជំរុញកម្ពុជាទៅរកសេដ្ឋកិច្ចផ្អែកលើចំណេះដឹង​។​

ឯកឧត្តមបានបញ្ជាក់ថា​ ៖​

«កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែជួយសម្រួលដល់ធុរកិច្ចសិង្ហបុរីនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងប្រព័ន្ធការពារកម្មសិទ្ធិបញ្ញា បង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិ គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនវានុវត្តន៍ និងភាពប្រកួតប្រជែង»។

កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៥ បានទទួលលទ្ធផលសំខាន់ៗជាច្រើន រួមមាន ៖​ ការចុះអនុស្សរណៈនៃការយោគយល់ស្តីពីកម្មសិទ្ធិឧស្សាហកម្ម (២០១៥), ការបន្តសុពលភាពនៃការចុះអនុស្សរណៈនៃការយោគយល់ជាបន្តបន្ទាប់ (២០២០–២០២៥ និង ២០២៥–២០៣០), ការទទួលស្គាល់ទៅវិញទៅមកលើប្រកាសនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្ម, ការជ្រើសរើស IPOS ជាអាជ្ញាធរពិនិត្យ និងស្រាវជ្រាវ ព្រមទាំងការកសាងសមត្ថភាពមន្ត្រីតាមរយៈកម្មវិធីបណ្តុះបណ្តាល។

គួរជម្រាបផងដែរថា កាលពីថ្ងៃទី២៣ ខែមីនា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការិយាល័យកម្មសិទ្ធិបញ្ញាសិង្ហបុរី (IPOS) បានប្រជុំកម្រិតខ្ពស់លើកទី១២ ដោយបង្ហាញការប្តេជ្ញាចិត្តរួមក្នុងការអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញា និងបង្កើនភាពងាយស្រួលសម្រាប់ការចូលប្រើប្រព័ន្ធនេះដោយធុរជន និងនវានុវត្តន៍ករ។

កិច្ចប្រជុំបានពិនិត្យវឌ្ឍនភាពនៃផែនការសហប្រតិបត្តិការទ្វេភាគី រួមទាំងការចុះបញ្ជីប្រកាសនីយបត្រតក្កកម្មឡើងវិញ (Patent Re-registration) ការកសាងសមត្ថភាព និងការសហការរៀបចំសិក្ខាសាលាស្តីពីដំណើរការចុះបញ្ជីកម្មសិទ្ធិបញ្ញា និងឧបករណ៍ឌីជីថលសម្រាប់កម្ពុជា និងសិង្ហបុរី។

ជាមួយគ្នានេះ ភាគីទាំងពីរបានពិភាក្សាលើវិធានការជាក់ស្តែង ដើម្បីធ្វើសាមញ្ញកម្មដំណើរការដាក់ពាក្យសុំការចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម លើកកម្ពស់ការយល់ដឹងក្នុងចំណោមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា, ពង្រីកកិច្ចសហប្រតិបត្តិការបច្ចេកទេស រួមទាំងការបណ្តុះបណ្តាលអ្នកវាយតម្លៃតាមរយៈកម្មវិធី Singapore Patent Examiner Exchange & Development (SPEED)។

ក្រៅពីនេះ IPOS ក៏បានលើកឡើងពីទស្សនវិស័យក្នុងការប្រែក្លាយអាស៊ានជាគោលដៅដ៏ទាក់ទាញសម្រាប់ការវិនិ​យោគពីបរទេស ដោយសង្កត់ធ្ងន់ថា ប្រព័ន្ធកម្មសិទ្ធិបញ្ញាដែលរឹងមាំមានសារសំខាន់ក្នុងការកសាងទំនុកចិត្តអ្នកវិនិយោគ និងជំរុញកំណើនផ្អែកលើនវានុវត្តន៍។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងពីសារសំខាន់នៃការបង្កើនភាពងាយស្រួលក្នុងការចូលប្រើប្រព័ន្ធកម្មសិទ្ធិបញ្ញា ជាពិសេស​ សម្រាប់វិស្វករ អ្នកវិទ្យាសាស្ត្រ និងនវានុវត្តន៍ករកម្ពុជា ដែលនៅបន្តមានបញ្ហាប្រឈមក្នុងការចូលដំណើរការប្រព័ន្ធ។

ឯកឧត្តមបានស្នើឱ្យ IPOS ពង្រីកកម្មវិធីបណ្តុះបណ្តាល បង្កើនកិច្ចសហការជាមួយសាកលវិទ្យាល័យ និងមជ្ឈមណ្ឌលស្រាវជ្រាវ ព្រមទាំងពង្រឹងការតភ្ជាប់ជាមួយកម្មវិធីគាំទ្រសហគ្រាសធុនតូច និងមធ្យម រួមទាំងការផ្តល់ហិរញ្ញប្បទានសម្រាប់ការដាក់ពាក្យសុំប្រកាសនីយបត្រតក្កកម្ម។

ឯកឧត្តមក៏បានលើកឡើងពីចក្ខុវិស័យរយៈពេលវែង ក្នុងការបង្កើតប្រព័ន្ធឌីជីថល ដើម្បីបង្កើនការចូលប្រើព័ត៌មានកម្មសិទ្ធិបញ្ញា និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាដោយស្របច្បាប់៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា