កម្ពុជា​ ស្នើ​ ជប៉ុន​ ជួយជំរុញការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យភស្តុភារ​កម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា​ ស្នើ​ ជប៉ុន​ ជួយជំរុញការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យភស្តុភារ​កម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ​

កម្ពុជា​ ស្នើ​ ជប៉ុន​ ជួយជំរុញការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យភស្តុភារ​កម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ​

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម​ ស៊ុន ចាន់ថុល អនុប្រធាន​ទី​១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានស្នើដល់​សមាគម​ធុរកិច្ច​ជប៉ុននៅកម្ពុជា​ ( JBAC ) ដើរ​តួនាទីជាស្ពានចម្លង​ដ៏សំខាន់ក្នុងការជំរុញ​កិច្ចការងា​រតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ​និង​វិស័យភស្តុភារកម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ សំដៅលើកកម្ពស់​លំហូរពាណិជ្ជកម្ម​ ជំរុញវិស័យ​ទេសចរណ៍ និង​សម្រប​សម្រួល​ការធ្វើដំណើរ​ទៅមកដោយ​រលូន​រវាង​ប្រទេសទាំងពីរ​​ក្នុងតំបន់។

Advertisement

ចំពោះ​ការ​លើ​កឡើងនូវ​សំណើ​នេះ លោក​ឧកញ៉ា ស៊ិន ចន្ធី ប្រធាន​សមាគម​ភស្តុភារកម្ម​កម្ពុជា បានមានប្រសាសន៍ថា កន្លងមក តំបន់តាមបណ្ដោយព្រំដែនកម្ពុជា​-ឡាវ មិនសូវមានការ​ចាប់អារម្មណ៍​ប៉ុន្មានទេ​ ដោយសារតែការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និង​ឡាវមានចំនួនតិចតួចនៅឡើយ ។ ម្យ៉ាងវិញទៀត​ ពី​ព្រំដែនកម្ពុជា​-ឡាវ​ ទៅក្រុ​ងវៀងច័ន្ទ មិនសូវ​មានសកម្មភាពដឹកជញ្ជូន​ច្រើនទេ​ ប៉ុន្តែ​បើសិនជាមានការ​តភ្ជាប់ហេ​ដ្ឋា​រចនាសម្ព័ន្ធពី​ព្រំដែនកម្ពុជា​ ទៅកាន់ទី​ក្រុងវៀងច័ន្ទ​ ប្រទេសឡាវ វា​នឹង​អាច​បន្តទៅកាន់ក្រុង​គុន​មីង​ប្រទេស​ចិន ក៏ដូចជា​តំបន់​ផ្សេងទៀត​ក្នុងប្រទេស​ចិន​ផងដែរ ។​

លោកឧកញ៉ា​បានមានប្រសាសន៍បន្តឱ្យដឹងថា កាលពី​សប្ដាហ៍មុននេះ លោក​បាន​ទស្សនកិច្ចនៅក្រុងវៀងច័ន្ទ ប្រទេសឡាវ ដើម្បីសិក្សា​ពីចំណុច​ឆ្លងកាត់ ​និង​តម្លៃ​នៃការ​ដឹកជញ្ជូន​តាមផ្លូវរថភ្លើងពីទីក្រុង​វៀង​ច័ន្ទទៅក្រុង​គុនមីងប្រទេសចិន​​ និង​សិក្សាពីតម្លៃនៃការ​លើកដាក់ទំនិញ ឃើញថា ​ការ​តភ្ជាប់ពីកម្ពុជា​ចូលទៅក្រុងវៀងច័ន្ទ គឺជាចំណុច​ល្អខ្លាំងណាស់ ពីព្រោះវាអាច​តភ្ជាប់​ពីកម្ពុជា​ទៅដល់​តំបន់មួយចំនួនក្នុងប្រទេស​ចិន ដោយ​ឆ្លងកាត់តាមប្រទេស​ឡាវ ដូចជា​ ទៅគុនមីង ឆុងឈីង និងអាច​បន្ត​រហូតទៅដល់តំបន់​អឺរ៉ុប​ផងដែរ ដូច្នេះ បើសិនជា​កម្ពុជា​អាច​កសាង​ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាមួយប្រទេសឡាវ​បាន ​និងមានទំនាក់ទំនង​ល្អ គឺកាន់តែធ្វើការដឹកជញ្ជូន​របស់កម្ពុជា​ទៅកាន់ទីផ្សារ​អន្តរជាតិកាន់តែប្រសើរ និងអាច​ល្អជាងការ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក ។

លោកឧកញ៉ា​បន្ថែម តម្លៃនៃការ​ដឹកជញ្ជូន​តាមផ្លូវទឹក​បច្ចុប្បន្ននេះ បានហក់ឡើងថ្លៃខ្ពស់ ដោយសារតែមាន​បញ្ហា​មួយចំនួន បណ្តាលមកពីសង្គ្រាមនៅតំបន់​មជ្ឈិមបូព៌ា ធ្វើឱ្យកប៉ាល់​មួយចំនួនត្រូវ​រកផ្លូវ​វាង ហើយត្រូវ​ចំណាយវេលា និងធ្វើឱ្យ​ថ្លៃដឹកជញ្ជូន​អស់ច្រើនជាង​មុន ជាក់ស្ដែង​ការដឹកជញ្ជូនទំនិញពីកម្ពុជា​ទៅកាន់តំបន់អឺរ៉ុប​បច្ចុប្បន្ន​នេះ អាច​ប្រើ​ពេលរហូតដល់ជិត​២ខែ​ ។ យ៉ាងណា​មិញ បើសិនជាកម្ពុជា​អាច​តភ្ជាប់​ហេដ្ឋា​រច​នា​សម្ព័ន្ធ​ជា​មួយឡាវបាន​ ការ​ដឹកជញ្ជូនទំនិញពីកម្ពុជា​ឆ្លងកាត់ឡាវ​ចូលប្រទេស​ចិន និង​បន្តទៅប្រទេស​មួយចំនួនក្នុងតំបន់អឺរ៉ុប​អាច​ចំណាយពេល​ត្រឹមតែជាង​២០ថ្ងៃប៉ុណ្ណោះ ដែលអាច​កាត់បន្ថយ​ពេលវេលា​​បានច្រើន ។

លោក​ឧកញ៉ា​បានបន្ថែមថា បើទោះបីជា​ការ​ដឹកជញ្ជូន​តាមផ្លូវ​គោក​នេះ អាច​កាត់បន្ថយ​ពេលវេលា​ខ្លីជាងមុនក្ដី ប៉ុន្តែសម្រាប់តម្លៃនៃការ​ដឹកជញ្ជូននៅមិនទាន់​មានការប្រកួត​ប្រជែង​ជាមួយនឹងការដឹកជញ្ជូនតាមផ្លូវ​ទឹកទេ​​ ។ ម្យ៉ាង​វិញទៀត សម្ភារៈបច្ចេកទេស​ដូចជាទូរកុងតឺន័រ ឆ្លងកាត់​​តាមប្រទេសឡាវ ក៏មិនទាន់​ទំនើប​ និងសម្បូរ​បែប ដូច្នេះ បើសិនជា​មានការតភ្ជាប់រវាងកម្ពុជា និង​ឡាវ វាអាច​ធ្វើឱ្យ​ការដឹកជញ្ជូន​តាមផ្លូវ​គោករបស់កម្ពុជា​ទៅកាន់អន្តរជាតិ​មានភាពប្រសើរ​ខ្លាំង​ជាងមុន​។

សូមជម្រាបថា សំណើរបស់ឯកឧត្ត​ម​ឧបនាយករដ្ឋមន្ត្រី បានធ្វើឡើង​ក្នុងជំនួបជាមួយ​ឯកឧត្តម​ UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំកម្ពុជាចូលជួបមុនជម្រាបលា​ត្រលប់ទៅ​ប្រទេស​វិញក្រោយចប់​អាណត្តិ​បំពេញការងារ​នៅក្នុងប្រទេសកម្ពុជា។​

ក្នុងជំនួប​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំកម្ពុជា​ ​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ បានរំលេចជាពិសេសនៃការចូលរួមពីភាគីជប៉ុនលើគម្រោងអភិវឌ្ឍន៍ និងពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ ជាជំហានបន្តបន្ទាប់ ។ ដោយឡែកពាក់ព័ន្ធជាមួយនឹ​ងសំណើ​របស់​ឯកឧត្តម ស៊ុន ចាន់ថុល​ ខាងលើនេះ ឯកអគ្គរាជទូតជប៉ុន​ បានសម្តែងនូវការគាំទ្រ និងរីករាយក្នុងការពាំនាំទៅពិភាក្សាបន្ថែមជាមួយសមាគម JBAC ដើម្បីស្វែងរកលទ្ធភាពក្នុងការចូលរួមចំណែកជំរុញការអភិវឌ្ឍនៅតំបន់នោះឱ្យចេញជាលទ្ធផលជាក់ស្តែង ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា