កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ ​៤​១៩ ​ក្នុង​រយៈពេល​ ​១០​ ខែ​ ​បង្កើត​ការងារ​ជាង​ ២៣ ​ម៉ឺន​កន្លែង​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ ​៤​១៩ ​ក្នុង​រយៈពេល​ ​១០​ ខែ​ ​បង្កើត​ការងារ​ជាង​ ២៣ ​ម៉ឺន​កន្លែង​

កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ ​៤​១៩ ​ក្នុង​រយៈពេល​ ​១០​ ខែ​ ​បង្កើត​ការងារ​ជាង​ ២៣ ​ម៉ឺន​កន្លែង​

​ភ្នំពេញ​៖​ ​ក្នុង​រយៈពេល​ ​១០ ​ខែ​ដំបូង​ឆ្នាំ ​២០២៦ ​កម្ពុជា​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​ចំនួន​ ៤​១៩ ​ដែល​មាន​ទុន​វិនិយោគ​​សរុប​ចំនួន​ ៦​,​១៦ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​និង​អាច​បង្កើត​ឱកាស​ការងារ​ប្រមាណ​ ​២៣៦​.​០០០​កន្លែង​។ ​នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)។​

ទោះជា​យ៉ាងណា​ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​ជំរុញ​ឱ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ដាក់​ចេញ​សូច​នាករ​ជាក់លាក់ ​ដើម្បី​វាស់វែង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​គម្រោង​វិនិយោគ​នីមួយ​ៗ និង​ធានា​ថា​កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ជាក់ស្តែង​។

​អ្នក​ជំនាញ​សេដ្ឋកិច្ច​សាទរ​ចំពោះ​លទ្ធផល​នៃ​ការ​ទាក់ទាញ​វិនិយោគិន​បរទេស​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដែល​បាន​នាំមក​នូវ​ទុន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ដ៏​ច្រើន ​និង​បង្កើត​ឱកាស​ការងារ​រាប់​ម៉ឺន​កន្លែង​។ ការ​លើកឡើង​នេះ​ធ្វើឡើង​បន្ទាប់ពី CDC​​ ​បាន​ចេញ​របាយការណ៍​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​វិនិយោគ​ក្នុង​រយៈពេល​ ​១០ ​ខែ​ដំបូង​ឆ្នាំ​២០២៦​។

​លោក​បណ្ឌិត​ ជ័យ​ តិច ​អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម ​និង​សេដ្ឋកិច្ច​ ​មានប្រសាសន៍​ថា​ ​ក្រោយពី​គម្រោង​វិនិយោគ​ទាំងនេះ​ទទួល​បាន​ការ​អនុម័ត ​និង​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ ​ក្រសួង​-​ស្ថាប័ន​ជំនាញ​ដែល​ជា​សេនាធិការ​របស់​រាជ​រដ្ឋាភិបាល​ ​គួរ​ដាក់​ចេញ​សូចនាករ​មួយ​ចំនួន​ ​ដើម្បី​តាមដាន​ ​និង​វាយតម្លៃ​ប្រសិទ្ធភាព​នៃ​ដំណើរការ​អនុវត្ត​គម្រោង​។

​សូចនាករ​ដែល​គួរ​តាមដាន​រួម​មាន​ ​ការ​ផ្តល់​ប្រាក់​បៀវត្ស​សមរម្យ​ ​ស្ថិរ​ភាព​ការងារ​ ​សុវត្ថិ​ភាព​ការងារ​ ​និង​ការ​ជ្រើសរើស​កម្លាំង​ពលកម្ម​ខ្មែរ​ឱ្យ​បាន​គ្រប់​ចំនួន​តាម​ការ​កំណត់​ក្នុង​កិច្ចសន្យា​ ​មុនពេល​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​វិនិយោគ​។

​លោក​បណ្ឌិត​ក៏​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​ផ្ទេរ​ចំណេះដឹង​ ​ជំនាញ ​និង​បច្ចេកវិទ្យា​ដល់​បុគ្គលិក​ខ្មែរ ​ដើម្បីឱ្យ​ពួកគេ​អាច​ដំណើរការ​ខ្សែ​ច្រវាក់​ផលិតកម្ម​គ្រឿង​បង្គំ​រថយន្ត​ ​ផលិត​សម្ភារៈ​អគ្គិសនី ​និង​បញ្ជា​ម៉ាស៊ីន​ធំ​ៗ​ក្នុង​វិស័យ​ឧស្សាហកម្ម​ដោយ​ខ្លួនឯង​បាន​។

​លោក​បណ្ឌិត​ពន្យល់​ថា​ ​វិស័យ​វាយនភណ្ឌ​ ​កាត់ដេរ​សម្លៀកបំពាក់​ ​និង​ផលិត​សម្ភារៈ​ធ្វើដំណើរ ​មាន​លក្ខណៈ​ខុសពី​វិស័យ​បច្ចេកវិទ្យា​ ​និង​ឧស្សាហកម្ម​ដែល​ត្រូវការ​ជំនាញ​ខ្ពស់​។ ​ដូច្នេះ​ ​ការ​ផ្ទេរ​ជំនាញ​ដល់​មន្ត្រី ​និង​បុគ្គលិក​ខ្មែរ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ​និង​ឧស្សាហកម្ម ​គឺ​ជា​កត្តា​ចាំបាច់​ ​ដើម្បីឱ្យ​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​អាច​បំពេញ​ការងារ​បច្ចេកទេស​ដោយ​ខ្លួនឯង​។

​ដោយឡែក​ ​ចំពោះ​គម្រោង​វិនិយោគ​ដែល​មាន​ភាព​លេចធ្លោ​ក្នុង​ខែ​តុលា ​ឆ្នាំ​២០២៦ ​CD​C ​បាន​រំលេច​វិស័យ​សំខាន់​ៗ​ចំនួន​ ៣ ​រួម​មាន​ វិស័យ​កសិកម្ម ​និង​កសិ​-​ឧស្សាហកម្ម ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​វិស័យ​ឧស្សាហកម្ម​។

​ក្នុង​វិស័យ​កសិកម្ម ​និង​កសិ​-​ឧស្សាហកម្ម ​មាន​គម្រោង​សាងសង់​រោងចក្រ​ផលិត​ចំណី​សត្វ​ខ្នាត​ធំ​មួយ​នៅ​ស្រុក​ព្រៃ​នប់​ ​ខេត្ត​ព្រះសីហនុ ​ដោយ​ប្រើ​ទុន​វិនិយោគ​ចំនួន​ ​២០​លាន​ដុល្លារ​អាម៉េរិក​ ​និង​អាច​បង្កើត​ឱកាស​ការងារ​ចំនួន​ ៨០៩​កន្លែង​។

​ចំណែក​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ​មាន​គម្រោង​វិនិយោគ​លើ​ការ​ផលិត​អគ្គិសនី​ដោយ​ប្រើ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​មួយ ​នៅ​ស្រុក​ទឹក​ផុស ​ខេត្ត​កំពង់ឆ្នាំង​។ ​គម្រោង​នេះ​មាន​ទុន​វិនិយោគ​ចំនួន​ ៤២​លាន​ដុល្លារ​អាម៉េរិក​ ​និង​អនុភាព​ផលិត​អគ្គិសនី​ ​១០០​មេហ្គាវ៉ាត់ ​ព្រម​ទាំង​អាច​បង្កើត​ការងារ​ជំនាញ​ចំនួន​ ៩១​កន្លែង​។

ដោយឡែក ​ក្នុង​វិស័យ​ឧស្សាហកម្ម ​CD​C ​បាន​លើកឡើង​ពី​គម្រោង​រោងចក្រ​ផលិត​ផលិតផល​វាយនភណ្ឌ​មួយ ​ដែល​មាន​ទីតាំង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ​ជីន ឆឹង​ ​ខេត្ត​កំពង់ស្ពឺ​។​ ​គម្រោង​នេះ​ប្រើ​ទុន​វិនិយោគ​ចំនួន​ ​២២​លាន​ដុល្លារ​អាម៉េរិក​ ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ៨១​កន្លែង​។

​ជុំវិញ​ការ​កើនឡើង​នៃ​ការ​វិនិយោគ​បរទេស​ ​សម្តេ​ចធិបតី​ ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ​ធ្លាប់​បាន​លើកឡើង​ថា​ ភាព​ជោគជ័យ​នៃ​សកម្មភាព​សេដ្ឋកិច្ច​ ​មិន​អាច​វាស់វែង​ត្រឹមតែ​តួលេខ​ ​ឬ​ចំនួន​ក្រុមហ៊ុន​ដែល​បាន​បង្កើតឡើង​ក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ត្រូវ​បង្កើត​បរិយាកាស​អំណោយ​ផល ​និង​សម្រួល​ដល់​វិនិយោគិន ​ព្រមទាំង​ជួយ​ជ្រោមជ្រែង​ឱ្យ​រោងចក្រ​ ​និង​សហគ្រាស​អាច​ដំណើរការ​បាន​ដោយ​រលូន​។​

​សម្តេច​ធិបតី​បាន​មានប្រសាសន៍​ថា​៖​ ​«​ថ្ងៃ​នេះ​យើង​បង្កើត​មួយ​នៅ​ទីនេះ ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​ក្រុមហ៊ុន​ដដែល​នេះ​ ​នឹង​រីក​ទៅ​មួយ​កន្លែង​ទៀត​ ​យើង​ចង់​ឃើញ​បែបនេះ​»​។

​ក្រៅ​ពី​ការ​បង្កើត​ឱកាស​ការងារ​សម្រាប់​ប្រជា​ពលរដ្ឋ​ ​និង​ចំណូល​ពន្ធ​ជូន​ជាតិ​ ​អ្នក​ជំនាញ​ក៏​បាន​មើលឃើញ​អត្ថប្រយោជន៍​សំខាន់​ៗ​ចំនួន​ ៤​ទៀត​ ​ដែល​គម្រោង​វិនិយោគ​អាច​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​។ អត្ថប្រយោជន៍​ទាំងនោះ​រួម​មាន​ ​ការ​ផ្ទេរ​បច្ចេកវិទ្យា​ ​និង​ជំនាញ​ ការ​បង្កើត​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ក្នុង​ស្រុក​ ​និង​ក្រៅ​ស្រុក​ ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ ​ព្រមទាំង​ការ​លើកកម្ពស់​ការ​គោរព​ស្ដង់​ដា​បរិស្ថាន ​និង​សង្គម​៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា