កម្ពុជា-អូស្ត្រាលី ជំរុញការវិនិយោគក្នុងវិស័យកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-អូស្ត្រាលី ជំរុញការវិនិយោគក្នុងវិស័យកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

កម្ពុជា-អូស្ត្រាលី ជំរុញការវិនិយោគក្នុងវិស័យកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

កម្ពុជា និងអូស្រ្តាលី បានបន្តជំរុញទំនាក់ទំនង និងពង្រឹងនូវភាពជាដៃគូ ជាពិសេសការវិនិយោគក្នុងវិស័យកសិ-ពាណិជ្ជកម្មបន្ថែមទៀត តាមរយៈវេទិកាតភ្ជាប់កសិ-ចំណីអាហារអូស្ត្រាលី-កម្ពុជា “Australia-Cambodia Agrifood Connection Forum” ដើម្បីផ្គូផ្គងដៃគូកម្ពុជា-អូស្រ្តាលី សំដៅទទួលបានផលចំណេញទាំងអស់គ្នា។

Advertisement

ក្នុងវេទិកាតភ្ជាប់កសិ-ចំណីអាហារអូស្ត្រាលី-កម្ពុជា កាលពីល្ងាចថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា កម្ពុជា និងអូស្ត្រាលី​ មានកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អ និងយូរអង្វែង ប្រកបដោយភាពរឹងមាំ ហើយកម្មវិធីនាពេលនេះគឺជាការពង្រឹងនូវភាពជាដៃគូបន្ថែមទៀត ជាពិសេសការវិនិយោគក្នុងវិស័យកសិ-ពាណិជ្ជកម្ម។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម ជូនដល់វិនិយោគិនអូស្រ្តាលី ក្នុងការចូលរួមសហការជាមួយសហគមន៍កសិកម្មទំនើប ដែលមានប្រព័ន្ធការងារជាក់លាក់ មានខ្សែច្រវាក់ផលិតកម្ម មានធនធានមនុស្សសម្រាប់ផលិតកម្មទំហំធំ និងមានស្តង់ដារបច្ចេកទេសត្រឹមត្រូវ។

ឯកឧត្តមរដ្ឋមន្រ្តី ស្វាគមន៍ដល់រាល់វិនិយោគិនទាំងអស់ ដែលមានបំណងក្នុងការវិនិយោគលើតភ្ជាប់ខ្សែច្រវាក់តម្លៃទាំងមូល ពោលគឺចាប់ពីការផលិត កែច្នៃវេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈកម្ពុជាមានកសិផលសក្តានុពលជាច្រើនប្រភេទ ដែលមានគុណភាពល្អប្រណិត និងមានតម្លៃបន្ថែមខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា និងបណ្តាពាណិជ្ជករអូស្រ្តាលី ដែលបានរៀបចំកម្មវិធីនេះឡើងដើម្បីផ្គូផ្គងដៃគូកម្ពុជា-អូស្រ្តាលី សំដៅទទួលបានផលចំណេញទាំងអស់គ្នា។

លោកឧកញ៉ា សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន​អេ​ម​រុ​រា​យស៍​ (Amru Rice ) បានថ្លែងឱ្យដឹងនៅក្រោយកិច្ចប្រជុំជាមួយវិនិយោគិនអូស្រ្តាលីនៅព្រឹកថ្ងៃទី ១៧ ខែមិនា ឆ្នាំ២០២៦ ថា នេះគឺជាឱកាសថ្មីបន្ថែមទៀត ចំពោះវិស័យកសិកម្មនៅកម្ពុជា សម្រាប់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ​តាមរយៈការកែច្នៃផលិតផលកសិកម្ម ឱ្យកាន់តែមានលក្ខណៈស្តង់ដារ និងអនុលោមទៅតាមគុណភាពស្តង់ដារនៃការនាំចេញ។

លោកបញ្ជក់បន្ថែម

ប៉ុន្តែយ៉ាងណានោះ ការដាំដុះត្រូវអនុលោមទៅតាមស្តង់ដារនៃការនាំចេញ ពិសេសការងារវេចខ្ចប់ត្រូវអនុលោមតាមស្តង់ដារអនាម័យ ហើយកសិករត្រូវមានភាពស្មោះត្រង់ធ្វើកសិកម្ម ដែលមិនផ្ទុកសារធាតុគីមីបង្ករផលប៉ះពាល់ដល់សុខភាព“។

កាលពីថ្ងៃទី ៦ ខែមីនា កន្លងទៅ ក្រុមហ៊ុន អេមរុរ៉ាយស៍ (Amru Rice) បានចុះកិច្ចព្រមព្រៀងថ្មីមួយ ដើម្បីនាំចេញអង្ករក្រអូបប្រណិតផ្កាម្លិះចំនួន ៤០០ តោន ទៅកាន់ក្រុមហ៊ុនអូស្រ្តាលី Green Group ដែលជាក្រុមហ៊ុនបោះដុំផលិតផលចំណីអាហារដ៏ធំជាងគេ និងមានឈ្មោះល្បីល្បាញមួយនៅក្នុងប្រទេសអូស្ត្រាលី។ កិច្ចព្រមព្រៀងដែលបានចាប់ផ្តើមចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ ២០២៦ នេះ ត្រូវបានរំពឹងថានឹងក្លាយជាកិច្ចព្រមព្រៀងរយៈពេលវែង ដែលនឹងនាំយកអង្ករកម្ពុជាទៅកាន់ផ្សារទំនើបធំៗក្នុងប្រទេសអូស្ត្រាលី។

យោងរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អូស្ត្រាលី ក្នុងឆ្នាំ២០២៥ គិតជាទឹកប្រាក់ឈានដល់ ១,២ ពាន់លានដុល្លារអាមេរិក ក្នុងនោះ​ទឹកប្រាក់​ប្រមាណ ៨៥០ លានដុល្លារជាការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា