ទំហំពាណិជ្ជកម្មកម្ពុជា-អូស្ត្រាលី ហក់ឡើងជាង ៣.៥ពាន់លានដុល្លារនៅក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទំហំពាណិជ្ជកម្មកម្ពុជា-អូស្ត្រាលី ហក់ឡើងជាង ៣.៥ពាន់លានដុល្លារនៅក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយ

ទំហំពាណិជ្ជកម្មកម្ពុជា-អូស្ត្រាលី ហក់ឡើងជាង ៣.៥ពាន់លានដុល្លារនៅក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយ

ភ្នំពេញ ៖ ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា -អូស្ត្រាលី នាពេលបច្ចុប្បន្នបានកើនឡើងប្រមាណ ៣ដង គិតត្រឹមរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដែលកាន់តែបង្កើតឱកាសការងារជាច្រើនសម្រាប់ពលរដ្ឋក្នុងស្រុក ក៏ដូចជាអាជីវកម្មរបស់អូស្ត្រាលីផងដែរ។ 

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា បច្ចុប្បន្ន ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងអូស្ត្រាលី បានកើនឡើងលើសពី ៣ ០០០លានដុល្លារ គិតចាប់ពីឆ្នាំ២០២០ រហូតដល់ដំណាច់ខែតុលា ឆ្នាំ២០២៦។ តួលេខនេះរួមបញ្ចូលទាំងទំហំពាណិជ្ជកម្មជាង​ ២.៨ពាន់លានដុល្លារ កាលពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ បូករួមនឹងទឹកប្រាក់ជាង ៦៨៤ លានដុល្លារ ដែលសម្រេចបានក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ។

តាមរយៈគណនីបណ្តាញទំនាក់ទំនងសង្គម (facebook) ផ្លូវការ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានលើកឡើងក្រោយកិច្ចជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នាប្រទេសហ្វីលីពីនថា ៖ «យើងបានពង្រឹងទំនាក់ទំនងនៅក្នុងតំបន់របស់យើង ហើយយើងកំពុងឃើញលទ្ធផលជាក់ស្តែង។ ពិតជារីករាយណាស់ដែលបានជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ម្តងទៀត និងបានបន្តពង្រីកកិច្ចសហប្រតិបត្តិការរបស់យើង»។

ថ្លែងប្រាប់ AMS នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា តាំងពីប្រទេសអូស្ត្រាលីបានក្លាយជាផ្នែកមួយរបស់សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-អូស្ត្រាលី គឺមានកំណើន ហើយមានលក្ខណៈទូលំទូលាយកាន់តែខ្លាំង។

«កត្តាទីមួយ គឺដោយសារយើងជាសមាជិក(RCEP) ដូចគ្នា ហើយទីពីរ អូស្ត្រាលី ក៏មានកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអាស៊ានផងដែរ។ ក្រៅពីវិស័យពាណិជ្ជកម្មទំនិញ កិច្ចសហប្រតិបត្តិការនេះបានគ្របដណ្តប់លើវិស័យជាច្រើនទៀត ដូចជា កិច្ចការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែង វិស័យអប់រំ (តាមរយៈការផ្តល់អាហារូបករណ៍) និងវិស័យសុខាភិបាលជាដើម»។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ប៉ែន សុវិជាតិ។

សូមជម្រាបដែរថា មកដល់ពេលនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២ នៅតែមានកំណើនខ្ពស់ ដែលជាឱកាសដ៏ល្អសម្រាប់កម្ពុជាក្នុងការពង្រីកទីផ្សារ ព្រោះអូស្ត្រាលីឱ្យតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការពហុភាគីក្នុងតំបន់។

ឯកឧត្តមបានបន្តថា កម្ពុជា និងអូស្ត្រាលី តែងតែមានទំនាក់ទំនងល្អប្រសើរជាមួយគ្នាគ្រប់កាលៈទេសៈ ជាពិសេសចាប់តាំងពីក្រោយថ្ងៃទី៧ ខែមករា រហូតមក។ អូស្ត្រាលី បានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាតាំងពីថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ហើយបច្ចុប្បន្នក៏មាននិស្សិតខ្មែរជាច្រើនកំពុងសិក្សានៅទីនោះ ទាំងតាមរយៈអាហារូបករណ៍ និងបង់ថ្លៃសិក្សាដោយខ្លួនឯង។ 

ដោយឡែក លើវិស័យពាណិជ្ជកម្ម ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងច្បាស់លាស់ ទាំងក្រោមក្របខ័ណ្ឌអាស៊ាន និងអាសិប (RCEP) ព្រមទាំងទំនាក់ទំនងទ្វេភាគីដោយផ្ទាល់លើផ្នែកសំខាន់ៗផ្សេងទៀត ដូចជា កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ជាពិសេសច្បាប់ពាណិជ្ជកម្ម។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា កំណើនទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអូស្ត្រាលីនាពេលបច្ចុប្បន្ន គឺកើតចេញពីកត្តាចម្បងនៃការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូនៃ RCEP ដែលបានជំរុញឱ្យការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំង២ មានការកើនឡើងគួរឱ្យកត់សម្គាល់។

ចំពោះមុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអូស្ត្រាលី រួមមាន កាបូប ស្បែកជើង ផលិតផលវាយនភណ្ឌ និងកសិផលជាច្រើនមុខទៀត។​ ទន្ទឹមនឹងនេះ ដោយសារទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអូស្ត្រាលី មានភាពល្អប្រសើរ សភាពាណិជ្ជកម្មកម្ពុជាបានបង្កើតការិយាល័យតំណាងរបស់ខ្លួនចំនួន ៣ កន្លែងនៅប្រទេសអូស្ត្រាលី រួមមាន នៅទីក្រុងម៉ែលប៊ន (Melbourne) ស៊ីដនី (Sydney) និងអាដេឡែត (Adelaide)។ 

អ្នកឧកញ៉ា លឹម ហេង បានបន្តថា ការិយាល័យតំណាងទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច ពាណិជ្ជកម្ម នយោបាយ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺជាកត្តាគន្លឹះក្នុងការជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីត្រៀមខ្លួនឱ្យកម្ពុជាចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ និងឈានទៅសម្រេចចក្ខុវិស័យក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា