សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​ អ.ប.ព ត្រៀម​ចុះ​ M​OU ​ពង្រឹង​តម្លាភាព ​និង​ទំនុកចិត្ត​វិនិយោគិន​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​ អ.ប.ព ត្រៀម​ចុះ​ M​OU ​ពង្រឹង​តម្លាភាព ​និង​ទំនុកចិត្ត​វិនិយោគិន​

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​ អ.ប.ព ត្រៀម​ចុះ​ M​OU ​ពង្រឹង​តម្លាភាព ​និង​ទំនុកចិត្ត​វិនិយោគិន​

​ភ្នំពេញ​៖​ សភាពាណិជ្ជកម្ម​កម្ពុជា​ ​(​ស.ព.​ក​) ​និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​(​អ.ប.ព​) ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​(​MOU​)​ ​ស្តីពី​ ​«​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​អំពើ​ពុករលួយ​» ​ដើម្បី​ពង្រឹង​កិច្ច​សហការ​រវាង​ភាគី​ទាំង​ពីរ ​លើក​កម្ពស់​តម្លាភាព ​និង​បង្កើន​ទំនុកចិត្ត​របស់​ធុរជន ​និង​វិនិយោគិន​។

​កិច្ច​ប្រជុំ​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​២០​ ​ខែ​សីហា ​ឆ្នាំ​២០២៦ ​នៅ​អគារ​ធនាគារ​វីង ​(​Wing Tower​)​ ​ក្រោម​អធិបតីភាព​ ​ឯក​ឧត្ត​ម​កិត្តិ​នីតិកោសល​បណ្ឌិត​ ​ឱម​ យ៉ិន​ទៀង​ ​ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​ ​និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​និង​អ្នក​ឧកញ៉ា ​គិត​ ​ម៉េង ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​ជា​ប្រធាន​គណៈកម្មការ​សម្របសម្រួល​ក្រុមការងារ​ផ្នែក​ឯកជន​ ​សម្រាប់​យន្តការ​វេទិកា​រដ្ឋាភិបាល​-​ផ្នែក​ឯកជន ​(​គ.ស.​ឯ​.រ.ជ​) ​ព្រមទាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះយោបល់​ធុរកិច្ច​អាស៊ាន​សម្រាប់​កម្ពុជា​។

​កិច្ច​ប្រជុំ​នេះ​មាន​ការ​ចូលរួម​ពី​អនុ​ប្រធាន​ ​និង​សមាជិក​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​ព្រមទាំង​អនុ​ប្រធាន ​និង​មន្ត្រី​ពាក់ព័ន្ធ​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​។

​កិច្ច​ពិភាក្សា​មាន​គោលបំណង​ពិនិត្យ​ ​និង​ពិភាក្សា​លម្អិត​លើ​ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​ MOU ​មុន​ឈាន​ទៅ​ដល់​ការ​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​។

​អនុស្សរណៈ​នេះ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ជំហាន​សំខាន់​ក្នុង​ការ​ពង្រឹង​កិច្ច​សហការ​រវាង​ អ.ប.ព ​និង​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​ក្នុង​ការ​លើកកម្ពស់​ភាព​ស្អាតស្អំ​របស់​ស្ថាប័ន​តំណាង​វិស័យ​ឯកជន ​និង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ធុរជន ​និង​វិនិយោគិន​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​ប្រកប​ដោយ​តម្លាភាព​។

​តាម​សេចក្តី​ព្រាង M​OU ស​ភាពាណិជ្ជកម្ម​កម្ពុជា​នឹង​ដើរ​តួនាទី​ជា​ច្រក​ចេញ​ចូល​ផ្លូវការ​សម្រាប់​ទទួល​ពាក្យបណ្តឹង​របស់​ធុរជន ​និង​វិនិយោគិន ​ដើម្បី​បញ្ជូន​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​សម្រាប់​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​។ ​កិច្ច​សហការ​នេះ​ក៏​ផ្តោត​លើ​ការ​ធានា​រក្សា​ការ​សម្ងាត់ និង​ការ​លុបបំបាត់​ចំណាយ​ក្រៅ​ផ្លូវការ​ផងដែរ​។

​អ្នក​ឧកញ៉ា ​គិត​ ​ម៉េង ​បាន​មានប្រសាសន៍​ថា ​ពេលវេលា​បច្ចុប្បន្ន​គឺជា​ពេលវេលា​ដ៏​សមស្រប​សម្រាប់​ការ​ចុះ MO​U ​នេះ​ ​ខណៈ​ការ​រៀបចំ​អនុស្សរណៈ​នេះ​ជា​ការ​ស្នើសុំ​ជា​ច្រើន​ពីសំណាក់​ធុរជន ​និង​វិនិយោគិន​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស ​ដើម្បី​ពង្រឹង​អភិបាលកិច្ច​ល្អ ​ជួយ​កែលម្អ ​និង​ជំរុញ​ការ​ស្តារ ​និង​បង្កើន​ទំនុកចិត្ត​។

​អ្នក​ឧកញ៉ា​បាន​លើកឡើង​ថា​ ​ការ​បង្កើន​ទំនុកចិត្ត​នឹង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​តាមរយៈ​ការ​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មកកាន់​កម្ពុជា​។ ​អ្នក​ឧកញ៉ា​ក៏​បាន​ស្នើ​ឱ្យ​បង្កើត​គណៈកម្មការ​មួយ​សម្រាប់​ត្រួតពិនិត្យ​ខ្លឹមសារ​នៃ​ MOU ​និង​រៀបចំ​នីតិវិធី​អនុវត្ត​ជា​ស្តង់ដារ ​(​SOP) ​សម្រាប់​ការ​អនុវត្ត​អនុស្សរណៈ​នេះ​។

​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​ ​ឱម​ យ៉ិន​ទៀង ​បាន​មានប្រសាសន៍​ថា​ ការ​ចុះ MO​U ​របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា​នេះ​ ​គឺ​ជា​ការ​បង្ហាញ​អំពី​កិច្ច​សហប្រតិបត្តិការ​ដោយ​ចំហ ​ព្រមទាំង​ឆន្ទៈ​យ៉ាង​ស្មោះស្ម័គ្រ ​និង​ភាព​ស្អាតស្អំ​ក្នុង​នាម​វិស័យ​ឯកជន ​ដែល​តំណាង​ឱ្យ​ធុរជន ​និង​វិនិយោគិន​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​។

​ឯក​ឧត្តម​បាន​បន្ថែម​ថា​ ​ក្តី​កង្វល់​របស់​វិស័យ​ឯកជន​គឺជា​កង្វល់​រួម​របស់​ប្រទេសជាតិ​ ​ហើយ​ទទួល​បាន​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ពី​រាជ​រដ្ឋាភិបាល​។ ​ទោះបី​បញ្ហា​មួយចំនួន​មិន​អាច​ទទួល​បាន​ការ​ដោះស្រាយ​ភ្លាម​ៗ​ក៏​ដោយ​ ​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលការណ៍​ផ្សេង​ៗ​ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​របស់​វិស័យ​ឯកជន​ជា​រួម​។​

​ឯកឧត្តម​ក៏​បាន​ឯកភាព​ចំពោះ​ការ​លើកឡើង​របស់​អ្នក​ឧកញ៉ា ​គិត​ ​ម៉េង​ ​ថា​ ​ពេលវេលា​នេះ​គឺជា​ពេលវេលា​ដ៏​សមស្រប​បំផុត​សម្រាប់​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​ក្នុង​គោលបំណង​ថែរក្សា​អ្នក​វិនិយោគ​ចាស់ ​និង​ទាក់ទាញ​អ្នក​វិនិយោគ​ថ្មី​បន្ថែម​ទៀត​មកកាន់​កម្ពុជា​។​

​ការ​រៀបចំ MO​U ​នេះ​ស្រប​ទៅ​នឹង​តួនាទី​របស់​ អ.ប.ព ​ក្នុង​ការ​អប់រំ​ ​បង្ការ​ទប់ស្កាត់ ​និង​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ ​ខណៈ​ស្ថាប័ន​នេះ​ក៏​មាន​យន្តការ​ទទួល​ ​និង​ដោះស្រាយ​ពាក្យ​បណ្តឹង​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ផងដែរ​។

តាម​ការ​គ្រោង​ទុក​ ​ភាគី​ទាំង​ពីរ​នឹង​បន្ត​ពិនិត្យ​ ​និង​កែសម្រួល​ខ្លឹមសារ ​មុន​ឈាន​ទៅ​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​លើ MOU ​នា​ពេល​ខាង​មុខ​៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា