កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម និងកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម និងកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦

កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម និងកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦

ក្វាងស៊ី ប្រទេសចិន ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មជាមួយស្ថាប័នជំនាញរបស់ចិន ក្នុងងគោលបំណងលើកកម្ពស់វិស័យ និងឈានទៅកាត់បន្ថយភាពក្រីក្រឱ្យបានកាន់តែប្រសើរ។

ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។

នាឱកាសនោះ ឯកឧត្តម បានលើកឡើងថា វិស័យកសិកម្មនៅតែជាវិស័យដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជនបទ និងជាផ្នែកសំខាន់ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ។ កម្ពុជាបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងផែនការសកម្មភាពអាស៊ាន-ចិន ឆ្នាំ២០២៦-២០៣០ ដែលបានរួមចំណែកក្នុងការកសាងបណ្តាញកសិកម្មប្រកបដោយសមាហរណកម្ម និងពង្រឹងភាពធន់របស់កសិករខ្នាតតូច តាមរយៈការលើកកម្ពស់កសិកម្មបៃតង ពាណិជ្ជកម្មបៃតង និងក្របខ័ណ្ឌអនាម័យ និងភូតគាមអនាម័យ (SPS)។

សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិន កំពុងមានការរីកចម្រើនយ៉ាងសកម្ម ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងក្របខ័ណ្ឌ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ»។ ជាពិសេស គម្រោង «ច្រករបៀងមច្ឆា និងអង្ករ» ត្រូវបានជំរុញតាមរយៈផែនការកិច្ចសហប្រតិបត្តិការដែលគ្របដណ្តប់លើការផលិតដំណាំ ការចិញ្ចឹមសត្វ ជលផល ការលើកកម្ពស់ជីវភាព ពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យកសិកម្ម។

ជាមួយគ្នានេះ គម្រោងសហប្រតិបត្តិការឧស្សាហកម្មអង្ករទំនើបកម្ពុជា-ចិន នៅខេត្តកំពង់ឆ្នាំង ត្រូវបានលើកឡើងជាឧទាហរណ៍ជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការដែលបានចូលរួមលើកកម្ពស់ខ្សែច្រវាក់តម្លៃកសិ-អាហារ។ តាមរយៈការផ្ទេរបច្ចេកវិទ្យា ការធ្វើទំនើបកម្មកសិកម្ម និងការវិនិយោគពីភាគីចិន កម្ពុជាកំពុងបង្កើនតម្លៃបន្ថែមនៃផលិតផលកសិកម្ម និងពង្រីកឱកាសទីផ្សារសម្រាប់កសិករ។

មុនពេលបញ្ចប់ ឯកឧត្តមបានផ្តល់ជាអនុសាសន៍ដល់ភាគីចិនចំនួន ៣ ចំណុច រួមានទី១.ពន្លឿនការធ្វើសមាហរណកម្មបច្ចេកវិទ្យាកសិកម្ម (ការដាំដុះច្បាស់លាស់ និងប្រព័ន្ធឌីជីថល) ទី២.ពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈកសិកម្មបៃតង និងហេដ្ឋារចនាសម្ព័ន្ធស្តុកទុក និងទី៣ធ្វើសុខដុមនីយកម្មហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម កាត់បន្ថយឧបសគ្គ និងពង្រឹងបណ្តាញដឹកជញ្ជូនឆ្លងកាត់ព្រំដែន៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា