វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ភ្នំពេញ ៖ តំណាងវិស័យរដ្ឋ និងឯកជន រវាងកម្ពុជា និងភាគីចិន បានជួបជជែក ពិភាក្សាគ្នាជាលើកទី២​ (កិច្ចសន្ទនាលើកទី២ រវាងរដ្ឋ និងឯកជន កម្ពុជា-ចិន) នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមវត្តមានជាអធិបតីភាពរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល, តំណាងក្រុមហ៊ុនចិន, ក្រុមប្រតិភូសមាគមពាណិជ្ជកម្មចិននៅកម្ពុជា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម ស៊ុន ចាន់ថុល បានជម្រាបជូនភាគីចិនអំពីការកែទម្រង់ និងការពង្រឹងប្រសិទ្ធភាពការងាររបស់ CDC ដើម្បីទាក់ទាញវិនិយោគិន ជាពិសេសក្រុមធុរជនមកពីប្រទេសចិន ខណៈដែល CDC ក៏កំពុងរៀបចំយន្តការផ្តល់សេវាច្រកចេញចូលតែមួយ ដើម្បីផ្តល់អាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតគ្រប់ប្រភេទជំនួសមុខឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ជូនដល់វិនិយោគិន ក្នុងគោលបំណងសម្រួលនីតិវិធី និងចៀសវាងកុំឱ្យវិនិយោគិនត្រូវរត់ការឆ្លងកាត់ពីស្ថាប័នមួយទៅស្ថាប័នមួយទៀត ដោយ CDC ជាអ្នកធ្វើការផ្ទាល់ជាមួយគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធជំនួសវិនិយោគិន។​

​ជាការឆ្លើយតប ឯកឧត្តម Wang Wenbin បានមានប្រសាសន៍ថា ការរៀបចំកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន ចិន-កម្ពុជា គឺជាសកម្មភាពជាក់ស្តែងក្នុងការអនុវត្តកម្រិតលទ្ធផលនៃទស្សនកិច្ចរបស់ឯកឧត្តមប្រធានរដ្ឋចិន Xi Jinping និងជាជំហានដ៏សំខាន់ក្នុងការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា ក្នុងយុគសម័យថ្មី។

នៅក្នុងកិច្ចសន្ទនានេះ ក្រុមហ៊ុនចិនជាច្រើនត្រូវលើកឡើងនូវសំណូមពរ និងបញ្ហាប្រឈមជាក់ស្តែងមួយចំនួន ហើយត្រូវបានឆ្លើយតប និងដោះស្រាយយ៉ាងវិជ្ជមានពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបង្ហាញថា តាមរយៈទំនាក់ទំនងដ៏ស្មោះត្រង់ ការប្រាស្រ័យទាក់ទងដោយបើកចំហ និងការយោគយល់គ្នាទៅវិញទៅមក ភាគីទាំងពីរអាចដោះស្រាយរាល់បញ្ហាលំបាកក្នុងប្រតិបត្តិការអាជីវកម្ម និងជួយកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា ឱ្យកាន់តែល្អប្រសើរ។

ជាមួយគ្នានេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ឯកឧត្តម Wang Wenbin ក៏បានណែនាំអំពីទិសដៅសំខាន់ៗ រួមមាន៖ ការដោះស្រាយបញ្ហានីតិវិធី៖ បន្តសម្រួលនីតិវិធីការងារ ការប្រមូលពន្ធ និង​គយ ដើម្បីបង្កើតទំនុកចិត្តដល់ក្រុមហ៊ុនចិនក្នុងការវិនិយោគ, ការស្វែងរកកាលានុវត្តភាពថ្មីៗ៖ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ, ឧស្សាហកម្មកែច្នៃកម្រិតខ្ពស់, កសិកម្មទំនើប, សេដ្ឋកិច្ចឌីជីថល និងថាមពលបៃតង, ការលើកកម្ពស់គុណភាព​៖ ជំរុញការផ្លាស់ប្តូរពី “ការកើនឡើងនៃបរិមាណ” ទៅជា “ការលើកកម្ពស់គុណភាព” នៃគម្រោងវិនិយោគ ដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍​រយៈពេលវែងរបស់កម្ពុជា។

ឯកឧត្តម Wang Wenbin ក៏បានសង្កត់ធ្ងន់ថា ស្មារតីរួមគ្នារវាងប្រទេសទាំងពីរ នឹងជួយឱ្យកិច្ចសហប្រតិបត្តិការវិនិយោគ ចិន-កម្ពុជា ជម្នះបានរាល់ឧបសគ្គ និងឈានទៅមុខប្រកបដោយចីរភាព និងស្ថិរភាព ព្រមទាំង បានជូនពរឱ្យកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន ប្រទេសទាំងពីរ នាឱកាសនេះ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងសម្រេចបាននូវផ្លែផ្កាជាវិជ្ជមានសម្រាប់ភាគីទាំងសងខាង៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា