កម្ពុជា​-​ចិន ​ចុះ​ហត្ថលេខា​ហិរញ្ញប្បទាន​ជិត ​​១ ពាន់​លាន​ដុល្លារ​ ​សម្រាប់​គម្រោង​ហ្វូណនតេជោ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា​-​ចិន ​ចុះ​ហត្ថលេខា​ហិរញ្ញប្បទាន​ជិត ​​១ ពាន់​លាន​ដុល្លារ​ ​សម្រាប់​គម្រោង​ហ្វូណនតេជោ​

កម្ពុជា​-​ចិន ​ចុះ​ហត្ថលេខា​ហិរញ្ញប្បទាន​ជិត ​​១ ពាន់​លាន​ដុល្លារ​ ​សម្រាប់​គម្រោង​ហ្វូណនតេជោ​

​កម្ពុជា​ ​និង​ចិន​ បាន​ឈាន​ដល់​សមិទ្ធផល​ថ្មី​មួយ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ហិរញ្ញវត្ថុ​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ ​បន្ទាប់ពី​ធនាគារ​ ​China ​Exim ​Bank ​និង​ក្រុមហ៊ុន​ហ្វូណនតេជោ​ ​ខូសថល​-​អ៊ីនឡេន វ័រ​ធើ​វេយ ​ឯ​.​ក ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​មាន​តម្លៃ​ជិត​ ​១ ពាន់​លាន​ដុល្លារ​ ​សម្រាប់​គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះហ្វូណនតេជោ​។

ពិធី​ចុះ​ហត្ថលេខា​នេះ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​៩ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ក្នុង​ព្រឹត្តិការណ៍​សហប្រតិបត្តិ​ការ​វិនិយោគ​អន្តរជាតិ​ ក្រោម​ប្រធានបទ «​ប្រាជ្ញា​សកល​,​ ​ការ​ពង្រឹង​កម្លាំង​រួមគ្នា​លើ​ការ​វិនិយោគ​អន្តរជាតិ ​និង​ការ​ផ្លាស់ប្តូរ​កិច្ច​សហប្រតិបត្តិការ​» ​(​Global ​Wisdom​,​ ​Mutual ​Empowerment:​ ​International ​Investment ​&​ ​Cooperation ​Exchange​)​ ​ដោយ​មាន​ ​ឯកឧត្តម​ ​ស៊ុន ​ចាន់​ថុល ​ឧប​នាយករដ្ឋមន្ត្រី ​និង​អនុ​ប្រធាន​ទី​១​ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​ក.​អ.​ក.​)​ ​អញ្ជើញ​ចូលរួម​ជា​សក្ខី​ភាព​ដ៏​ខ្ពង់ខ្ពស់​។

​ពិធី​នេះ​មាន​ការ​ចូលរួម​ពី​តំណាង​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​តំណាង​ក្រុមហ៊ុន​ហ្វូណនតេជោ​ ​ខូសថល​-​អ៊ីនឡេន វ័រ​ធើ​វេយ ​ឯ​.​ក ​ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់ ​និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​អន្តរជាតិ​ជា​ច្រើន​រូប​។

​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​ ​ស៊ុន ​ចាន់​ថុល ​បាន​សម្តែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ​ ​និង​រដ្ឋាភិបាល​កម្ពុជា​-​ចិន​ ​ធនាគារ​ ​China ​Exim ​Bank ​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍ ​និង​កំណែទម្រង់​ចិន​ ​(​NDRC​)​ ​និង​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ចិន ​(​CID​CA​)​ ​ព្រមទាំង​គ្រប់​ភាគី​ពាក់ព័ន្ធ​ ​ដែល​បាន​ផ្តល់​កិច្ច​សហការ​យ៉ាង​ស្មោះស្ម័គ្រ ​និង​ជិតស្និទ្ធ ​រហូត​សម្រេចបាន​នូវ​សមិទ្ធផល​ដ៏​សំខាន់​នេះ​។

​ឯក​ឧត្តម​បាន​គូសបញ្ជាក់​ថា​ ​គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះ​ហ្វូណនតេជោ ​គឺជា​ «​តួអង្គ​ផ្លាស់ប្តូរ​មុខ​មាត់​កម្ពុជា​» ​(​Game ​Changer​)​ ​ដែល​មិន​ត្រឹមតែ​បង្កើត​ផ្លូវ​ទឹកភ្ជាប់​ទៅកាន់​សមុទ្រ​ ​ដើម្បី​កាត់បន្ថយ​ថ្លៃ​ដើម​ដឹកជញ្ជូន​ ​និង​លើក​កម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ក្នុង​វិស័យ​ភស្តុភារ​កម្ម​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែមទាំង​ជា​ការ​បង្កើត​ ​«​របៀង​សេដ្ឋកិច្ច​ថ្មី​» និង​ជា​សរសៃ​ឈាម​សេដ្ឋកិច្ច​ដ៏​រស់រវើក​សម្រាប់​កម្ពុជា​។

​តាមរយៈ​គម្រោង​នេះ​ ​ឯកឧត្តម​បាន​លើកឡើង​ថា​ ​តំបន់​ឧស្សាហកម្ម​ ​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម ការ​កែច្នៃ​កសិផល ការ​អភិវឌ្ឍ​ក្រុង​រណប ​និង​វិស័យ​ទេសចរណ៍​ ​នឹង​រីកចម្រើន​យ៉ាង​ខ្លាំងក្លា​តាម​បណ្តោយ​ផ្លូវ​ទឹក​នេះ​ក្នុង​ទសវត្សរ៍​ខាង​មុខ​។

​គម្រោង​នេះ​ក៏​ត្រូវ​បាន​ដាក់​ក្នុង​ចក្ខុ​វិស័យ​អភិវឌ្ឍ​ ​«​របៀង​សេដ្ឋកិច្ច​» ​នៅ​តាម​បណ្តោយ​គម្រោង​ ​និង​ការ​តភ្ជាប់​ទៅ​នឹង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​ ​ដើម្បី​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​ផ្នែក​ដឹកជញ្ជូន​ ​និង​ភស្តុភារ​កម្ម​របស់​កម្ពុជា​។

​ជា​កិច្ច​បញ្ចប់​ ​ឯកឧត្តម​ ​ស៊ុន ​ចាន់​ថុល ​បាន​លើកឡើង​ពី​សុភាសិត​ចិន​មួយ​ឃ្លា​ថា​ ​«​កាលណា​ប្រជាជន​មាន​ចិត្ត​គំនិត​តែ​មួយ ​សូម្បីតែ​ភ្នំ​តៃ​សាន​ក៏​អាច​រំកិល​បាន​ដែរ​» ​ដោយ​សង្កត់​ធ្ងន់​ថា ​កិច្ច​សហប្រតិបត្តិការ​ ​និង​ការ​រួបរួម​គ្នា​ជា​ធ្លុងមួយ ​គឺជា​កម្លាំង​សំខាន់​ក្នុង​ការ​សម្រេច​គោលដៅ​ធំ​ៗ​ប្រកប​ដោយ​ប្រសិទ្ធភាព​។

​ឯក​ឧត្តម​ក៏​បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ធុរកិច្ច​អន្តរជាតិ​ឱ្យ​អញ្ជើញ​មកកាន់​កម្ពុជា​ ​ដើម្បី​សម្លឹង​មើល​ឱកាស​វិនិយោគ​ ​និង​រីកចម្រើន​ជាមួយ​កម្ពុជា​ ​ខណៈ​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ស្វាគមន៍​ ​សម្របសម្រួល​ ​និង​ធ្វើ​ការ​រួមគ្នា ​ដើម្បី​សម្រេចបាន​នូវ​ភាព​ជោគជ័យ​ប្រកបដោយ​ចីរភាព​ ​ព្រមទាំង​ប្រែក្លាយ​ការ​តភ្ជាប់​ទៅ​ជា​កាលានុវត្តភាព ​និង​ការ​វិនិយោគ​ទៅ​ជា​ការ​លូតលាស់​រួមគ្នា​៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា