កម្ពុជាកំពុងបន្តជំរុញ និងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុន និងសហគ្រាសធំៗប្រែក្លាយខ្លួនទៅជាគំរូអាជីវកម្មបរិយាបន្ន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាកំពុងបន្តជំរុញ និងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុន និងសហគ្រាសធំៗប្រែក្លាយខ្លួនទៅជាគំរូអាជីវកម្មបរិយាបន្ន

កម្ពុជាកំពុងបន្តជំរុញ និងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុន និងសហគ្រាសធំៗប្រែក្លាយខ្លួនទៅជាគំរូអាជីវកម្មបរិយាបន្ន

ភ្នំពេញ ៖ ដូចដែលលោកអ្នកធ្លាប់បានដឹង និងជ្រាបរួចមកហើយថា ធុរកិច្ចបរិយាប័ន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ចសំដៅទៅលើអង្គភាពទាំងឡាយណាដែលបង្កើតដំណោះស្រាយជាប្រព័ន្ធ មានភាពច្នៃប្រតិដ្ឋ និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប (BoP និង B40)។ បន្ទាត់អាជីវកម្មបរិយាប័ន្ន ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ប្រាក់ចំណូលខ្ពស់គួរសម និងបង្កើននូវស្តង់ដារជីវភាពរស់នៅប្រសើរជាងមុនដល់ក្រុមមនុស្សដែលមានចំណូលទាបនៅបាតពីរ៉ាមីត ៤០% និងក្រុមមនុស្សដែលងាយរងគ្រោះ។

អាស្រ័យដូចបានលើកឡើខាងលើនេះ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាសេនាធិការ បាន និងកំពុងបន្តយកចិត្តទុកដាក់ក្នុងការចូលរួមជួយជំរុញ និងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុន ក៏ដូចជាសហគ្រាសធំៗដែលមានលទ្ធភាពប្រែក្លាយខ្លួនពីអាជីវកម្មបែបចលករសង្គម ទៅជាគំរូអាជីវកម្មបរិយាបន្ន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើនកំណើនសេដ្ឋកិច្ចសង្គម ជាពិសេស ផ្តល់ឱកាសដល់ប្រជាជនក្រីក្រដែលមានចំណូលទាបអាចមានឱកាសទទួលប្រាក់ចំណូល ផលិតផល និងសេវាកម្មពាក់ព័ន្ធចាំបាច់ក្នុងតម្លៃសមរម្យ និងការលើកកម្ពស់ជីវភាព។

ឯកឧត្តម បណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្លាប់បានមានប្រសាសន៍ថា ទម្រង់អាជីវកម្មរបស់ក្រុមហ៊ុនគំរូអាជីវកម្មបរិយាបន្នជាច្រើនបានបង្ហាញយ៉ាងច្បាស់លាស់នូវការខិតខំដល់ការលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពផ្នែកយេនឌ័រ។ ក្រុមហ៊ុនអាជីវកម្មបរិយាបន្នមួយចំនួនទៀត ក៏បានយកចិត្តទុកដាក់ទៅលើដំណោះស្រាយបញ្ហាបរិស្ថានផងដែរបើទោះជាគោលបំណងចម្បងនៃអាជីវកម្មបរិយាបន្ន គឺការផ្តោតទៅលើប្រជាជនក្រីក្រមិនមែនបរិស្ថាន ឬការប្រែប្រួលអាកាសធាតុក្តី។

ឯកឧត្តមបានបញ្ជាក់ទៀតថា ៖  

«ក្រុមហ៊ុនដែលជាអាជីវកម្មបរិយាប័ន្ននឹងជួយផ្លាស់ប្តូរសេដ្ឋកិច្ច ដោយសារក្រុមហ៊ុន ឬអាជីវកម្មបែបបរិយាប័ន្នចូលរួមដល់ការផ្តល់ផលវិជ្ជមានដល់សង្គមក្នុងវិសាលភាពធំធេង ការច្នៃប្រឌិត ភាពជោគជ័យនៃអាជីវកម្មផ្ទាល់ រួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច និងសម្របខ្លួនដោយជោគជ័យទៅនឹងការផ្លាស់ប្តូរក្នុងរបត់ទីផ្សាររយៈពេលវែង (ចីរភាព និងភាពធន់) ហើយក្រុមហ៊ុនទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការនៃការផ្លាស់ប្តូរ និងទ្រទ្រង់ដល់សេដ្ឋកិច្ច»។

ឯកឧត្តម បណ្ឌិត ហេង សុខគង់ បានបន្តទៀតថា អាជីវកម្មបរិយាប័ន្នបង្កើតស្ថានភាព “ឈ្នះ ឈ្នះ ឈ្នះ” ចំពោះគ្រប់ភាគី – អាជីវកម្មបរិយាប័ន្ន ពិតជាបានជួយដោះស្រាយនូវបញ្ហាសង្គម និងការរកប្រាក់ចំណូលបន្ថែម ក៏ដូចជាការជួយដល់ជីវភាពរស់នៅរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប។ អាជីវកម្មទាំងនោះជាយុទ្ធសាស្ត្រឈ្នះៗ សម្រាប់គ្រប់ភាគី រួមមាន៖

សម្រាប់រាជរដ្ឋាភិបាល ៖ ការជំរុញ និងលើកកម្ពស់បរិយាប័ន្នសង្គម តាមរយៈការចូលរួម របស់វិស័យឯកជនុ។

សម្រាប់ប្រជាជនក្រីក្រ៖ ក្នុងការទទួលបាននូវការជួយគាំទ្រដែលមានលក្ខណៈជាប្រព័ន្ធនិងមាននិរន្តរភាព និងករណី អាជីវកម្ម។

សម្រាប់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នផ្ទាល់ ៖ ការសម្រេចបាននូវប្រាក់ចំណូលអាជីវកម្មខ្ពស់ជាងមុន បង្កើនឱកាសទីផ្សារ ថ្មីៗ និងខ្សែច្រវាក់ផ្គត់ផ្គង់ល្អជាងមុន៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា