កម្ពុជា បន្តពង្រាយតំបន់សេដ្ឋកិច្ចពិសេសបន្ថែម ខណៈខេត្តស្វាយរៀង ក្លាយជាប៉ូលទាក់ទាញឧស្សាហកម្មធុនធ្ងន់ឈានមុខគេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា បន្តពង្រាយតំបន់សេដ្ឋកិច្ចពិសេសបន្ថែម ខណៈខេត្តស្វាយរៀង ក្លាយជាប៉ូលទាក់ទាញឧស្សាហកម្មធុនធ្ងន់ឈានមុខគេ

កម្ពុជា បន្តពង្រាយតំបន់សេដ្ឋកិច្ចពិសេសបន្ថែម ខណៈខេត្តស្វាយរៀង ក្លាយជាប៉ូលទាក់ទាញឧស្សាហកម្មធុនធ្ងន់ឈានមុខគេ

ភ្នំពេញ ៖ បើទោះបីជាស្ថិតនៅក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាសេដ្ឋកិច្ចសកលយ៉ាងណាក្ដី ប៉ុន្តែសម្រាប់ដំណើរវឌ្ឍនភាពតំបន់សេដ្ឋកិច្ចពិសេស (SEZ) នៅក្នុងប្រទេសកម្ពុជា នៅតែបន្តពង្រីកដើម្បីជួយសម្រួល និងទាក់ទាញការវិនិយោគ ក៏ដូចជាផ្តល់ទំនុកចិត្ត ផលប្រយោជន៍ដល់បណ្តាវិនិយោគិន​នៅលើទឹកដីកម្ពុជា។ ជាក់ស្តែង គិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុប ៦៥កន្លែង និងកំពុងមានដំណើរការយ៉ាងមមាញឹកចំនួន ៣៦ ខណៈដែលខេត្តស្វាយរៀងមានចំនួន ១៣កន្លែង កំពុងមានសកម្មភាពព្រមគ្នាទាំងអស់ និងក្លាយជាប៉ូលដ៏ទាក់ទាញផ្នែកឧស្សាហកម្មធុនធ្ងន់ឈានមុខគេប្រចាំប្រទេស។

Advertisement

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ប្រាប់បណ្តាញព័ត៌មាន AMS ថា រាជរដ្ឋាភិបាលបានជំរុញឱ្យមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តជាប់ព្រំដែន ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដើម្បីជំរុញឱ្យវិនិយោគិនបរទេសមានភាពជឿជាក់ បង្ហាញពីជំនឿទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជាដែលមើលឃើញពីឱកាសចំណេញ និងចូលទៅបណ្តាក់ទុននៅទីនោះ។
អ្នកឧកញ៉ា បានបញ្ជាក់ថា ៖

« ថ្មីៗនេះ រំហូរនៃគម្រោងវិនិយោគចូលទៅខេត្តស្វាយរៀងមានច្រើន ដូចជា រោងចក្រផលិតសំបកកង់រថយន្ត គ្រឿងបង្គុំ ឧស្សា​ហកម្មយានយន្ត គ្រឿងអេឡិចត្រូនិក ការដំឡើងកង់អគ្គិសនី ការផលិតសំបកកង់រថយន្ត និងគ្រឿងបង្គុំសង្ហារិមជាដើម ព្រមគ្នាជាមួយនឹងរោងចក្រកាត់ដេរសម្រាប់នាំចេញតាមច្រកនៅកំពង់ផែប្រទេសវៀតណាម ដើម្បីបន្តចេញទៅទីផ្សារអន្តរជាតិ»។

អ្នកឧកញ៉ា លឹម ហេង បន្តថា វិនិយោគិនទាំងក្នុង និងក្រៅប្រទេស បានសម្លឹងឃើញខេត្តស្វាយរៀងជាទីតាំងមានសក្តានុពលវិនិយោគលើវិស័យផ្សេងៗជាច្រើន ដោយសារលក្ខខណ្ឌភូមិសាស្រ្តមានភាពអំណោយផល និងមានវត្ថុធាតុដើមច្រើន ងាយស្រួលទាំងការផ្គត់ផ្គង់សង្វាក់ផលិតកម្ម ហើយងាយស្រួលទាំងការនាំចេញផលិតផលក្រោយការផលិត។

បណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានកតសម្គាល់ បើគិតពីខេត្តស្វាយរៀងទៅកាន់ទីផ្សារវៀតណាម មានផលចំណេញច្រើនសម្រាប់សេវាដឹកជញ្ជូន និងភស្តុភាកម្ម។ ចំណុចនេះគឺមានផលចំណេញច្រើនក្នុងការដឹកជញ្ជូនទៅដល់កំពង់ផែសមុទ្រវៀតណាម។ ដូច្នេះទើបទាក់ទាញគម្រោងវិនិយោគធំៗ ក្នុងវិស័យឧស្សាហកម្មធុនធ្ងន់ទៅកាន់ខេត្តស្វាយរៀងច្រើន។

បណ្ឌិត ហុង វណ្ណៈបញ្ជាក់ថា ៖ « ជាធម្មតាទេ បើប្រៀបធៀប ជាមួយតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ គឺមានផលចំណេញម៉្យាងម្នាក់ ។ សម្រាប់ការវិនិយោគ ផ្លូវណា ច្រកណា ដែលមានផលចំណេញជាង អ្នកវិនិយោគគឺគេអាចសម្រេចចិត្តទៅតាមមធ្យោបាយ ឬផ្លូវនោះហើយ»។

លោកបណ្ឌិត បានបន្ថែមថា ទោះជាយ៉ាងណាត្រូវតែមានការលើកចិត្តបន្ថែមដល់សេវាកម្មអ្នកដឹកជញ្ជូន ស្ថាប័នពាក់ព័ន្ធ ពោលគឺត្រូវធ្វើយ៉ាងណាឱ្យវិនិយោគិនមានជំនឿទុកចិត្ត ដោយការលើកទឹកចិត្តពីគោលនយោបាយ ដើម្បីទទួលប្រយោជន៍ពីការវិនិយោក ហើយវា៏ជួយដល់រាជរដ្ឋាភិបាលវិញ តាមរយៈការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជា និងភាពប្រកួតប្រជែង៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា