សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ភ្នំពេញ៖ គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានសម្រេចធានាឥណទានជូនដល់សហគ្រាស និងអាជីវកម្មក្នុងស្រុកសរុបចំនួន ១០.២៨៩ គណនី ជាមួយទំហំទឹកប្រាក់កម្ចីកើនឡើងដល់ប្រមាណ ៦០២,៩៥ លានដុល្លារអាមេរិក។ សមិទ្ធផលមួយនេះបានឆ្លុះបញ្ចាំងពីតួនាទីយ៉ាងសំខាន់របស់ CGCC ក្នុងការដោះស្រាយបញ្ហាប្រឈមលើកង្វះទ្រព្យធានា និងការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានផ្លូវការនៅកម្ពុជាសម្រាប់ម្ចាស់សហគ្រាស ក៏ដូចជាអាជីវកម្មខ្នាតតូច និងមធ្យម។

យោងតាមព្រឹត្តិបត្រព័ត៌មានចុងក្រោយរបស់ CGCC​ បានឱ្យដឹងថា ទិន្នន័យនៃការធានាឥណទាន គិតចាប់តាំងពីការដាក់ឱ្យដំណើរការគម្រោងដំបូងកាលពីអំឡុងខែមករា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ មានការរីកចម្រើនជាលំដាប់ ដោយចំនួនគណនីមានការកើនឡើងពី ៩.៨៤១ គណនីក្នុងខែឧសភា មក ៩.៨៩១ គណនីក្នុងខែមិថុនា និងបន្តកើនដល់ ១០.២៨៩ គណនីនៅចុងខែកក្កដា ឆ្នាំ២០២៦។

តាមរយៈការវិភាគលើទិន្នន័យហិរញ្ញវត្ថុ ក្នុងចំណោមទំហំឥណទានដែលមានការធានា (Guaranteed Loan Amount – GLN) ទាំង ៦០២,៩៥ លានដុល្លារអាមេរិក គឺមានសន្និធិឥណទាន (Guaranteed Outstanding) ប្រមាណ ២៥៨,៦០ លានដុល្លារអាមេរិក ខណៈដែលសន្និធិទំហំការធានាឥណទាន (Guarantees Outstanding) មានចំនួន ១៧៧,៧៩ លានដុល្លារអាមេរិក។ ទន្ទឹមនឹងភាពរីកចម្រើននៃកម្ចី ឥណទានមិនដំណើរការដែលមានការធានា (Non-Performing Guarantee – NPG) ស្ថិតក្នុងអត្រា ៩,៧០% ដែលទាមទារឱ្យមានការគ្រប់គ្រងហានិភ័យប្រកបដោយប្រុងប្រយ័ត្នបន្ថែមទៀត។

ពាក់ព័ន្ធនឹងទិសដៅយុទ្ធសាស្ត្រ CGCC ក៏បានចូលរួមយ៉ាងសកម្មនៅក្នុង «វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦» ដែលបានរៀបចំកាលពីពេលកន្លងទៅនៅសណ្ឋាគារ សុខា ភ្នំពេញ រយៈពេល២ថ្ងៃ ក្រោមវត្តមានថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន ពាក់ព័ន្ធ រួមទាំងវិស័យឯកជន ដែលមានជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាច្រើននាក់ ។

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល CGCC បានចាត់ទុកវេទិកាមួយនេះជាថ្នាលយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ ការប្រមូលមតិយោបល់ពីវិស័យឯកជន និងការបន្តកែលម្អយន្តការគាំទ្រផ្នែកហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការរបស់ធុរកិច្ចកម្ពុជា ជាពិសេស សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា។

សូមរំលឹកដែរថា នៅក្នុងវេទិកាដែលបានរៀបចំដូចបានជម្រាបខាងលើនេះ លោកស្រី ជុន សុថានី ប្រធាននាយកដ្ឋានយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍អាជីវកម្មរបស់ CGCC បានដឹកនាំកិច្ចពិភាក្សាជាមួយតំណាងសហគ្រាសធុនតូច និងមធ្យម ដើម្បីស្វែងយល់ពីតម្រូវការហិរញ្ញវត្ថុជាក់ស្តែង ហើយជាលទ្ធផលទទួលបានពីកិច្ចពិភាក្សានេះ នឹងត្រូវយកទៅប្រើប្រាស់ជាធាតុចូលដ៏សំខាន់សម្រាប់ CGCC និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធសាស្ត្រ គោលនយោបាយថ្មីៗ ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា សំដៅលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងបង្កើតភាពធន់មាំសម្រាប់សេដ្ឋកិច្ចជាតិក្នុងរយៈពេលវែង។

លោកបណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ រាជបណ្ឌិត្យ​សភាកម្ពុជា បានមានប្រសាសន៍ថា​ សមិទ្ធផលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតួនាទីយ៉ាងសំខាន់របស់ CGCC ក្នុងការដោះស្រាយបញ្ហាប្រឈមលើកង្វះទ្រព្យធានារបស់ម្ចាស់អាជីវកម្ម និងការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានផ្លូវការនៅកម្ពុជាឱ្យកាន់តែមានភាពទូលំទូលាយ។

លោកបណ្ឌិត បានគូសបញ្ជាក់ថា ការកើនឡើងជាលំដាប់នៃចំនួនគណនីពី ៩.៨៤១ គណនីក្នុងខែឧសភា រហូតដល់ ១០.២៨៩ គណនីនៅចុងខែកក្កដា ឆ្នាំ២០២៦ គឺជាសូចនាករវិជ្ជមានដ៏ច្បាស់លាស់មួយដែលបង្ហាញថា CGCC បាន និងកំពុងបំពេញតួនាទីជាស្ពានចងភ្ជាប់រវាងស្ថាប័នហិរញ្ញវត្ថុ និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ព្រមតាំងឆ្លើយតបទៅនឹងគោលនោយបាយ រាជរដ្ឋាភិបាលដែលកំពុងជំរុញ និងលើកស្ទួយដល់MSMEs ។ ការស្ដាប់ និងការរៀបចំយុទ្ធសាស្ត្រប្រទាក់ក្រឡា ជាមួយតំណាង SMEs គឺដើម្បីស្វែងយល់ពីតម្រូវការហិរញ្ញវត្ថុពិតប្រាកដ ហើយវានឹងជួយឱ្យ CGCC អាចបង្កើតផលិតផលធានាឥណទានថ្មីៗ មានភាពបត់បែន ឆ្លើយតបចំតម្រូវការអាជីវកម្ម ៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា