កម្ពុជារកចំណូលបានជាង ៩០លានដុល្លារពីការប្រមូលសួយសារលើវិស័យរ៉ែ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជារកចំណូលបានជាង ៩០លានដុល្លារពីការប្រមូលសួយសារលើវិស័យរ៉ែ

កម្ពុជារកចំណូលបានជាង ៩០លានដុល្លារពីការប្រមូលសួយសារលើវិស័យរ៉ែ

ភ្នំពេញ ៖ គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ៩០លានដុល្លារអាម៉េរិក ពីការប្រមូលសួយសារលើការធ្វើអាជីវកម្មរ៉ែសំខាន់ៗ ដោយនៅមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀតនៅឡើយ ។ នេះបើតាមការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល។

Advertisement

ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ថា នៅឆមាសទី១ ដើមឆ្នាំ២០២៦នេះ កម្ពុជារកចំណូលពីការប្រមូលសួយសារលើការធ្វើអាជីវកម្មរ៉ែសំខាន់ៗសរុបបានចំនួន ៩២.៧២ លានដុល្លារអាម៉េរិក កើនលើស ១២៨,៩៥ភាគរយ នៃច្បាប់ថវិកា ឆ្នាំ២០២៦ ដែលមានចំនួនសរុបប្រមាណជា ៧១,៩០ លានដុលា្លរអាម៉េរិក។

ឯកឧត្តមបញ្ជាក់បន្ថែមថា ៖

«ចំណូលខាងលើនេះនៅមិនទាន់រាប់បញ្ចូលនូវចំណូលសារពើពន្ធផ្សេងៗទៀតនោះឡើយ ហើយបើយើងគិតបូកបញ្ចូលបន្ថែមទៀតនោះ យើងទទួលបានចំណូលសរុបប្រមាណជា ១៥០លានដុល្លារអាមេរិក ដោយធនធារ៉ែសំខាន់ៗ ដែលមានសក្តានុពលក្នុងការធ្វើអាជីវកម្មនៅកម្ពុជា មានដូចជា រ៉ែស៊ីម៉ង់ត៍ រ៉ែខ្សាច់ រ៉ែដែក អាជីកម្មថ្មអារ និងអាជីកម្មរ៉ែមាសជាដើម»។

សូមជម្រាបថា ក្នុងចំណោមផលិតផលទាំងអស់របស់កម្ពុជា ផលិតកម្មរ៉ែមាស បាន និងកំពុងដើរតួនាទីជាប្រភពចំណូលជាតិថ្មី​ ដោយគិតចាប់តាំងពីឆ្នាំ២០២១-២០២៥ កម្ពុជាផលិតដុំមាសបានប្រមាណ ១៨តោន នៅតាមការដ្ឋានរ៉ែចំនួន ១៥គម្រោង ស្ថិតនៅខេត្តមណ្ឌលគិរី ព្រះវិហារ កំពង់ធំ រតនគិរី ក្រចេះ និងខេត្តបាត់ដំបង។ ដោយឡែក រ៉ែថ្ម និងខ្សាច់សំណង់ បានដើរតួនាទីសំខាន់ក្នុងការធានានិរន្តរភាពនៃការផ្គត់ផ្គង់វត្ថុធាតុគ្រប់គ្រាន់ក្នុងតម្លៃសមរម្យ រួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសំណង់តូច-ធំនៅទូទាំងប្រទេស និងសម្រាប់នាំចេញទៅក្រៅប្រទេសថែមទៀត មានដូចជា ប្រទេសវៀតណាម និងសឹង្ហបុរី សម្រាប់ចាក់បំពេញសមុទ្រ និងប្រើប្រាស់លើវិស័យសំណង់។​

ក្រៅពីផ្តល់ចំណូលខាងលើ វិស័យរ៉ែនៅកម្ពុជាបានចូលរួមផ្តល់ការងារដល់ពលរដ្ឋខ្មែរសរុបចំនួន ១២,០០០នាក់ ក្នុងនោះស្រី ៧ភាគរយ ដែលមានកម្លាំងពលកម្មក្នុងស្រុក ៩៥ភាគរយ និងកម្លាំងពលកម្មមកពីក្រៅប្រទេសចំនួន ៥ភាគរយ។

គិតចាប់តាំងពីឆ្នាំ ២០១៥ ដល់ ២០២៥ មានគម្រោងអភិវឌ្ឍន៍សហគមន៍មូលដ្ឋានចំនួន១១៧ ត្រូវបានអនុវត្តឡើងក្រោមថវិកាមូលនីធិរ៉ែ មានចំនួនដល់ ១០លានដុល្លារ ក្នុងនោះមានដូចជា ការសាងសង់សាលារៀន ផ្លូវដីក្រហម ផ្លូវបេតុង ស្ពាន ប្រព័ន្ធធារាសាស្ត្រ អំពូលសូឡា អណ្តូងទឹក និងស្រះទឹកសហគមន៍ជាដើម។ 

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ក្នុងពិធីបើកពិព័រណ៍ផលិតផលិតផលរ៉ែឆ្នាំ២០២៦ ថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ចំណូលពីវិស័យរ៉ែបានរួមចំណែកយ៉ាងសំខាន់ក្នុងថវិកាជាតិ ដែលមានទឹកប្រាក់រាប់រយលានដុល្លារក្នុងមួយឆ្នាំៗ ជាក់ស្តែងក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ចំណូលពីសួយសាររ៉ែ(មិនរាប់បញ្ចូលពន្ធដារ ពន្ធគយ និងអាករផ្សេងៗ) កម្ពុជាទទួលបានប្រមាណជា ១៣៥លានដុល្លារ ខណៈដែលកាលពី ១០ឆ្នាំមុន ការប្រមូលសួយសារពីវិស័យរ៉ែបានចំនួនប្រមាណតែ ១៣លានដុល្លារប៉ុណ្ណោះ៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា