កម្ពុជា រកចំណូលបានជាង ១,៧០០លានដុល្លារអាម៉េរិក ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា រកចំណូលបានជាង ១,៧០០លានដុល្លារអាម៉េរិក ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ

កម្ពុជា រកចំណូលបានជាង ១,៧០០លានដុល្លារអាម៉េរិក ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ

ភ្នំពេញ ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ១,៧៥១លានដុល្លារអាម៉េរិក ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិ ដែលបង្ហាញពីភាពរឹងមាំឈរលំដាប់ថ្នាក់លេខ ០១ ក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ាន បន្ទាប់ពីវ៉ាដាច់ប្រទេសឥណ្ឌាកាលពីឆ្នាំ២០២៤។  

Advertisement

យោងតាមទិន្នន័យក្រៅផ្លូវការរបស់សមាគមស្វាយចន្ទីកម្ពុជា(សសក)បានបង្ហាញថា កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួន ១,០៣ លានតោន ទៅកាន់ប្រទេសវៀតណាមនៅឆមាសទី០១ ឆ្នាំ២០២៦ ដោយរកចំណូលបានប្រហែល ១,៧៥១ លានដុល្លារអាមេរិក កើនឡើងប្រមាណជា ២៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា មានប្រសាសន៍ថា ទោះបីជាលទ្ធផលនៃការនាំចេញមានភាពរឹងមាំក៏ដោយ ប៉ុន្តែកម្ពុជានៅតែបន្តកែច្នៃទិន្នផលស្វាយចន្ទីក្នុងស្រុក ក្នុងសមាមាត្រធៀបមួយដ៏តិចតួចនៅឡើយ។

លោកបានបន្តថា៖ 

«ទោះបីជាកម្ពុជានៅតែជាប្រទេសផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឈានមុខគេក៏ដោយ ការបង្កើនការកែច្នៃក្នុងស្រុកនឹងក្លាយជាកត្តាចាំបាច់បំផុត ដើម្បីចាប់យកតម្លៃបន្ថែម បង្កើតឱកាសការងារកាន់តែច្រើន និង​​ពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងឧស្សាហកម្មស្វាយចន្ទីសកល»។

តាមរយៈតួលេខខាងលើនេះបង្ហាញថា កម្ពុជាឈរលំដាប់លេខ ០២ នៅលើពិភពលោក បន្ទាប់ពីប្រទេសកូឌីវ័រ ខណៈរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ ប្រទេសមួយនេះបាននាំចេញសាច់គ្រាប់ស្វាយចន្ទីកែច្នៃរួច ក្នុងកម្រិតឯកទគ្គកម្មរហូតដល់ ៤៤,៤០៣ តោន ដែលកើនឡើង ៥១ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រុមអ្នកជំនាញឧស្សាហកម្មចន្ទីបានលើកឡើងថា នៅពេលដែលការប្រកួតប្រជែនៅក្នុងទីផ្សារស្វាយចន្ទីសកលកាន់តែមានភាពស្វិតស្វាញ បណ្តាប្រទេសផលិតកម្មទាំងឡាយណា ដែលវិនិយោគលើការកែច្នៃក្នុងស្រុក និងការបង្កើតតម្លៃបន្ថែម នឹងមានជំហរកាន់តែប្រសើរ ក្នុងការទាញយកផលប្រយោជន៍ពីកំណើនរយៈពេលវែង និងការប្រែប្រួលនៃរចនាសម្ព័ន្ធទីផ្សារ។

លោក Jim Fitzpatrick អ្នកវិភាគឧស្សាហកម្មមានប្រសាសន៍ថា៖ 

«រយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ នឹងកំណត់ថា តើតម្រូវការដ៏ខ្លាំងក្លានឹងរុញច្រានតម្លៃសាច់គ្រាប់ឱ្យកាន់តែខ្ពស់ ឬក៏ការទិញដោយប្រុងប្រយ័ត្ននឹងពន្យារពេលនៃការហក់ឡើងថ្លៃនៅវគ្គបន្ទាប់»។

ដោយរងការគំរាមកំហែងពីការប្រែប្រួលអាកាសធាតុ នៅរយៈពេល ០៤ឆ្នាំជាប់ៗគ្នា នៅរយៈពេលចុងក្រោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនឹងសមាគមស្វាយចន្ទីកម្ពុជា បានចុះបង្រៀនកសិករឱ្យចេះធ្វើកសិកម្ម ពិសេសដំណាំស្វាយចន្ទី ឱ្យមានភាពបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុនេះ តាមរយៈការបណ្តុះបណ្តាលដល់កសិករប្រមាណជាជិត ៩,០០០នាក់ ក្នុងខេត្តគោលដៅទាំង១០ រួមមានកំពង់ធំ រតនគីរី ក្រចេះ និងស្ទឹងត្រែងជាដើម ដើម្បីឱ្យពួកគាត់មានជំនាញបច្ចេកទេសដាំដុះ អាចសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ពិសេសមានសមត្ថភាពផលិតជីកសិកម្មបានដោយខ្លួនឯងកាត់បន្ថយលើថ្លៃដើមផលិត ជំរុញដល់ការដាំដុះកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងបង្កើនការនាំចេញ។

បើតាមតួលេខរបស់សមាគមស្វាយចន្ទីរកម្ពុជា បង្ហាញថា ក្នុងឆ្នាំ២០២៥ កម្ពុជាមានផ្ទៃដីដាំដំណាំស្វាយចន្ទីរចំនួនជិត ៨០០,០០០ហិកតា ខណៈដែលផ្ទៃដីប្រមូលផលមានជាង ៦៣០,០០០ ហិកតា នៅខេត្តគោលដៅចំនួន១០ នៅទូទាំងប្រទេស។  

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីសរុបចំនួន ១ ២០០ ០០០តោន  ក្នុងនោះ មានគ្រាប់ស្វាយចន្ទីឆៅ​ប្រមាណ ១ ០២០ ៧៥៧តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ផ្ដល់ចំណូលដល់កម្ពុជាប្រមាណ ១,៥ ពាន់លានដុល្លារ៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា