កម្ពុជា​រំពឹង​សម្រេច​កំណើន​សេដ្ឋកិច្ច​ ៤​%​ ​នៅ​ឆ្នាំ​ ២០២៦ ​និង​កើន​ដល់​ ៤​,​៨​%​​ នៅ​ឆ្នាំ ​២០២៧ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា​រំពឹង​សម្រេច​កំណើន​សេដ្ឋកិច្ច​ ៤​%​ ​នៅ​ឆ្នាំ​ ២០២៦ ​និង​កើន​ដល់​ ៤​,​៨​%​​ នៅ​ឆ្នាំ ​២០២៧

កម្ពុជា​រំពឹង​សម្រេច​កំណើន​សេដ្ឋកិច្ច​ ៤​%​ ​នៅ​ឆ្នាំ​ ២០២៦ ​និង​កើន​ដល់​ ៤​,​៨​%​​ នៅ​ឆ្នាំ ​២០២៧

​ភ្នំពេញ​៖​ ​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា​នឹង​សម្រេច​កំណើន​ក្នុង​រង្វង់​ ៤​%​ ​នៅ​ឆ្នាំ ​២០២៦ ​និង​បន្ត​កើន​ដល់​ ៤​,​៨​%​ ​នៅ​ឆ្នាំ​២០២៧ ​ដោយ​រាជ​រដ្ឋាភិបាល​គ្រោង​ប្រមូល​ចំណូល​ថវិកា​រដ្ឋ​ប្រមាណ​ ​១៥​,​២៤​%​ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​ផ.ស.ស.​) ​និង​កំណត់​ចំណាយ​សរុប​ថ្នាក់​ជាតិ​ក្នុង​ទំហំ​ ១៥​,​៨៩​%​ ​នៃ​ ​ផ.​ស.ស. ​ដើម្បី​រក្សា​លំនឹង​សង្គម​-​សេដ្ឋកិច្ច​ ​និង​គាំទ្រ​កំណើន​ក្នុង​បរិការណ៍​នៃ​ភាព​មិន​ប្រាកដប្រជា​។

ការ​ព្យាករ​នេះ​ត្រូវ​បាន​លើកឡើង​ក្នុង​កិច្ច​ប្រជុំ​អន្តរ​គណៈកម្មការ​រដ្ឋសភា​ ​ដើម្បី​ពិនិត្យ​ ​ពិភាក្សា​ ​និង​ផ្តល់​មតិ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៥ ​និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៧ ​ដែល​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៦​។

​កិច្ច​ប្រជុំ​នេះ​ដឹកនាំ​ដោយ​ឯកឧត្តម​ ​ឈាង​ វុន ​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ ​ហិរញ្ញវត្ថុ​ ធនាគារ​ ​និង​សវនកម្ម ​នៃ​រដ្ឋសភា​ ​ជាមួយ​គណៈ​ប្រតិភូ​រាជ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ឯកឧត្តម​អគ្គ​បណ្ឌិត​សភា​ចារ្យ​ ​អូន ព័ន្ធ​មុនី​រ័ត្ន​ ​ឧប​នាយករដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​។

យោង​តាម​ការ​លើកឡើង​របស់​ឯកឧត្តម​ ​អូន ព័ន្ធ​មុនី​រ័ត្ន​ ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៧ ​ត្រូវ​បាន​រៀបចំឡើង​ដោយ​ផ្អែក​លើ​ទិន្នន័យ​ជាក់ស្តែង​នៃ​លទ្ធផល​រយៈពេល​ ៩​ ខែ​ដើម​ឆ្នាំ ​២០២៦ ​ដែល​បង្ហាញ​ថា​ ​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​វាយតម្លៃ​ថា​នឹង​អាច​សម្រេច​កំណើន​ ៤​%​ ​នៅ​ឆ្នាំ ​២០២៦ ​មុននឹង​កើនឡើង​ដល់​ ៤​,​៨​%​ ​នៅ​ឆ្នាំ ​២០២៧​។

​តាម​ក្របខ័ណ្ឌ​តុល្យភាព​រយៈពេល​មធ្យម​ឆ្នាំ ​២០២៧​-​២០​២៩​ ​ចំណូល​សរុប​ថវិកា​រដ្ឋក្នុង​ឆ្នាំ ​២០២៧ ​ត្រូវ​បាន​ព្យាករ​ថា​នឹង​សម្រេចបាន​ប្រមាណ ​១៥​,​២៤​% ​នៃ​ ​ផ.​ស.​ស. ​កើនឡើង​ប្រមាណ​ ៩​,​៨​%​ ​ធៀប​នឹង​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០២៦​។ ​ក្នុង​នោះ​ ​ចំណូល​ចរន្ត​ថវិកា​រដ្ឋ​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ទំហំ​ ១៤​,​៧៦​%​ ​នៃ​ ​ផ.​ស.​ស. ​កើនឡើង​ប្រមាណ​ ​១០​,​២​%​។

​ចំណែក​ចំណូល​សារពើពន្ធ​ថវិកា​រដ្ឋ​ត្រូវ​បាន​រំពឹង​ថា​នឹង​សម្រេចបាន​ ​១២​,​៨៥​%​ ​នៃ​ ​ផ.​ស.​ស. ​កើនឡើង​ប្រមាណ​ ​១០​,​៩​%​ ​ធៀប​នឹង​ឆ្នាំ ​២០២៦​។ ​ក្នុង​នោះ​ ​ចំណូល​ប្រមូល​ដោយ​អគ្គ​នាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា​នឹង​មាន​ទំហំ​ ៥​,​៨៦​%​ ​នៃ​ ​ផ.​ស.​ស. ​កើនឡើង​ ​១៤​,​៨​%​ ​ខណៈ​ចំណូល​ប្រមូល​ដោយ​អគ្គ​នាយកដ្ឋាន​ពន្ធដារ​មាន​ទំហំ​ ៦​,​៩៩​%​ ​នៃ​ ​ផ.​ស.​ស. ​កើនឡើង​ ៧​,​៨​%​។

ដោយឡែក ​ចំណូល​មិន​មែន​សារពើពន្ធ​ត្រូវ​បាន​ព្យាករ​ថា​នឹង​សម្រេចបាន​ ១​,​៩១​%​ ​នៃ​ ​ផ.​ស.​ស. ​កើនឡើង​ ៥​,​៤​%​ ​ខណៈ​ចំណូល​ផ្សេង​ៗ​មាន​ទំហំ​ ០​,​៤៨​%​ ​នៃ​ ​ផ.​ស.ស. ​ថយចុះ​ប្រមាណ ​១​%​ ​បើ​ធៀប​នឹង​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ ​២០២៦​។

​សម្រាប់​ផ្នែក​ចំណាយ​វិញ​ ​ចំណាយ​សរុប​ថ្នាក់​ជាតិ​ក្នុង​ឆ្នាំ​២០២៧ ​ត្រូវ​បាន​គ្រោង​ក្នុង​ទំហំ​ ១៥​,​៨៩​%​ ​នៃ​ ​ផ.​ស.ស. ថយចុះ​ប្រមាណ​ ​២​,​៥​%​ ​ធៀប​នឹង​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ ​២០២៦​។ ​ចំណែក​ក្នុង​ឆ្នាំ​ ២០២៨​-​២០​២៩ ​ចំណាយ​សរុប​ថ្នាក់​ជាតិ​ត្រូវ​បាន​គ្រោង​ឱ្យ​កើនឡើង​ជា​មធ្យម​ប្រមាណ​ ៥​,​៥​%​ ​ក្នុង​មួយ​ឆ្នាំ​ ​ដោយ​រំពឹង​ថា​នឹង​មាន​ទំហំ​ប្រមាណ​ ១៥​,​២៧​%​ ​នៃ​ ​ផ.​ស.ស. ​នៅ​ឆ្នាំ ​២០២៩​។

​ឯក​ឧត្តម ​អូន ព័ន្ធ​មុនី​រ័ត្ន ​បាន​បញ្ជាក់​ថា​ ​កំណើន​សេដ្ឋកិច្ច​ដែល​បាន​ព្យាករ​នេះ​ស្ថិត​ក្នុង​កម្រិត​ទាប​ជាង​ការ​រំពឹងទុក​ពីមុន​ ​ដោយសារ​កម្ពុជា​ប្រឈម​នឹង​សម្ពាធ​ពី​កត្តា​ខាង​ក្រៅ​ ​និង​ក្នុង​ស្រុក​មួយ​ចំនួន រួម​មាន​ ​ភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​សកល ​ការ​កើនឡើង​ថ្លៃ​ប្រេងឥន្ធនៈ​ ​បញ្ហា​ប្រឈម​នៃ​បទល្មើស​បច្ចេកវិទ្យា ​និង​ផលប៉ះពាល់​ពី​ការ​បិទ​ខ្ទប់​ច្រក​ព្រំដែន​គោក​កម្ពុជា​-​ថៃ​។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ ​រាជ​រដ្ឋាភិបាល​នៅតែ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​បុរេ​ស​កម្ម ​ក្រោម​គោលការណ៍​ ​«​សង្ឃឹម​សម្រាប់​ស្ថានភាព​ប្រសើរ​ តែ​ត្រៀម​ខ្លួន​សម្រាប់​ស្ថានភាព​អាក្រក់​» ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ហានិភ័យ​ដែល​អាច​កើតមាន​។

​ឯក​ឧត្តម​បាន​បន្ត​ថា​ ថវិកា​ជាតិ​ឆ្នាំ ​២០២៧ ​ត្រូវ​បាន​រៀបចំឡើង​ក្រោម​ជំហរ​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​គាំពារ​កំណើន​ចំ​គោលដៅ ​ក្នុង​គោលបំណង​រក្សា​លំនឹង​សង្គម​-​សេដ្ឋកិច្ច​។ ​ថវិកា​នេះ​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា​ ​«​ថវិកា​ដើម្បី​ការពារ​អធិបតេយ្យភាព​ ​និង​បូរណភាព​ទឹកដី​ ​រក្សា​លំនឹង​ជីវភាព​ប្រជា​ពលរដ្ឋ​ ​និង​គាំពារ​កំណើន​ចំ​គោលដៅ ​ក្នុង​បរិការណ៍​នៃ​ភាព​មិន​ប្រាកដ​ប្រជា​ខ្ពស់​» ​ដើម្បី​ធានា​សមត្ថភាព​ឆ្លើយតប​គ្រប់​ជ្រុងជ្រោយ​ ​និង​រក្សា​ចីរភាព​ហិរញ្ញវត្ថុ​សាធារណៈ​ក្នុង​រយៈពេល​វែង​។

​ជាមួយគ្នា​នេះ​ ​ក្របខ័ណ្ឌ​ចំណាយ​តាម​វិស័យ​រយៈពេល​មធ្យម​ឆ្នាំ ​២០២៧​-​២០​២៩ ​ក៏​បាន​គិត​បញ្ចូល​ទាំង​ចំណាយ​ចរន្ត ​និង​ចំណាយ​មូលធន ​ព្រមទាំង​លទ្ធភាព​ហិរញ្ញប្បទាន​ពី​ថវិកា​ជាតិ​ ​និង​ប្រភព​ហិរញ្ញប្បទាន​ក្រៅ​ប្រទេស​ ទាំង​ទ្វេ​ភាគី​ ​និង​ពហុភាគី​ផងដែរ​៕

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា