កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ភ្នំពេញ ៖ កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ ដែលមានការ​ចូលរួមពី​តំណាង​ក្រុមហ៊ុន​សហគ្រាស​ចិន​ជាច្រើន ទាំង​សហគ្រាស​ ក្រុមហ៊ុន ដែលកំពុងធ្វើប្រតិបត្តិការ​នៅកម្ពុជាស្រាប់ និង​សហគ្រាស ក្រុមហ៊ុន​ថ្មីៗមកពីប្រទេស​ចិនផ្ទាល់។

នៅក្នុងកិច្ច​សន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា​-ចិន​ ឯកឧត្តម ​ស៊ុន ចាន់​ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានមានប្រសាសន៍ថា ឆន្ទៈនយោបាយ​ និងការ​ប្ដេជ្ញា​ចិត្ត​យ៉ាងមុត​មាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​បោស​សម្អាត​ និងលុប​បំបាត់បទល្មើស​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា​ឱ្យអស់ពីកម្ពុជា នឹង​ធានា​បាននូវ​បរិយកាស​ធុរកិច្ច​ប្រកបដោយ​សុវត្ថិភាព និងទំនុកចិត្តខ្ពស់ជូន​វិនិយោគិន ។

ឯកឧត្តម​បន្តថា កម្ពុជា​នឹងធ្វើជា​ម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ​ស្ដីពីការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យានៅចុងខែកញ្ញា ឆ្នាំ២០២៦ខាងមុខ​នេះ នៅរាជធានីភ្នំពេញ ។ តាមរយៈសន្និសីទអន្តរជាតិមួយនេះ គឺជា​សក្ខីភាពស្ដែងឱ្យឃើញ​ពីកិច្ច​ខិតខំប្រឹងប្រែង​យ៉ាង​សកម្ម និងការទទួល​ខុសត្រូវ​ខ្ពស់របស់កម្ពុជា​ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ។​​

ឯកឧត្តម​បានរំលឹកអំពីលទ្ធផលវិជ្ជមានដែលទទួលបានពីបេសកកម្មគោះទ្វារវិនិយោគនៅតាមបណ្តាប្រទេសនានាកន្លងមក ព្រមទាំងបានគូសបញ្ជាក់អំពីផែនការក្នុងការដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញបេសកកម្មគោះទ្វារទាក់ទាញ និងជំរុញការវិនិយោគនៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងទីក្រុង Xiamen និង Shenzhen នាពេលឆាប់ៗខាងមុខ ដើម្បីបន្តកៀរគរទុនវិនិយោគបន្ថែម និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ ។

ឯកឧត្តម វ៉ាង វិនពីន​ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា​បានមានប្រសាសន៍ថា ​តាមរយៈការផ្លាស់ប្តូរមតិយោបល់ប្រកបដោយស្មារតីស្ថាបនានៅក្នុងកិច្ចសន្ទនាលើកទី១ ស្ថានទូតមានសេចក្តីរីករាយដោយបានកត់សម្គាល់ឃើញថា សំណូមពរនិងបញ្ហាប្រឈមមួយចំនួនធំ ដែលវិស័យឯកជនចិនបានលើកឡើង ត្រូវបានយកចិត្តទុកដាក់ដោះស្រាយបានទាន់ពេលវេលា ដោយភាពសមស្រប និងមានប្រសិទ្ធភាពខ្ពស់ ដែលនេះឆ្លុះបង្ហាញឱ្យឃើញពីតម្លៃយ៉ាងធំធេង នៃការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែទាំគាំទ្រការវិនិយោគពីវិស័យឯកជន ។

សូមជម្រាបថា នៅក្នុងវេទិកាធុរកិច្ច​កម្ពុជា-ចិន នៅខេត្តព្រះសីហនុ​កាលពីពេលថ្មីៗនេះ ឯកឧត្តម​ ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ​ បានមានប្រសាសន៍ថា កម្ពុជា​-ចិន បាន​ប្ដេជ្ញា​គាំទ្រ​គ្នាទៅវិញទៅមកយ៉ាងពេញទំហឹង ក្នុងកិច្ចការពារអធិបតេយ្យ​ សន្តិសុខ និងផល​ប្រយោជន៍អភិវឌ្ឍន៍​ទៅវិញទៅមក ការ​ផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន​កាន់តែទូលំទូលាយ និងកិច្ច​សហប្រតិបត្តិការ​កាន់តែជិត​ស្និទ្ធិ​ជាពិសេស​ភាគីទាំងពីរ​នឹង​បន្តជំរុញ​ក្របខណ្ឌកិច្ច​សហប្រតិបត្តិការត្បូងពេជ្រ​កម្ពុជា-ចិន ។ ខេត្តព្រះសីហនុ ជា​ខេត្ត​ដែលមានសក្ដានុពល​ បន្តទាក់ទាញ​វិនិយោគិនចិន​ចូលមកបណ្ដាក់ទុន​លើវិស័យ​អាទិភាព​ជាច្រើន​ ហើយរដ្ឋបាលខេត្ត​ក៏បានត្រៀម​ខ្លួនរួច​ជាស្រេច​ក្នុងការ​ស្វាគមន៍​វិនិយោគិន​ចិន​ ទាំងវិនិយោគិនដែល​នៅកម្ពុជាស្រាប់ និង​វិនិយោគិន​ចិនថ្មីៗ ។

គួរ​រម្លឹកថា ក្នុង​រយៈពេល​៧ខែ ដើមឆ្នាំ ២០២៦នេះ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិនប្រមាណ ១,៨៦ពាន់​លានដុល្លារអាម៉េរិក​ និងឈរ​នៅលំដាប់ទី​២ ជា​វិនិយោគិនដែលបានបោះទុនវិនិយោគច្រើនជាង​គេ​នៅកម្ពុជាបន្ទាប់ពីវិនិយោគិនកម្ពុជា  ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យ​បានមើលឃើញថា លំហូរ​វិនិយោគិនចិន​នៅតែ​បន្ត​រួមចំណែក​ដល់​ការ​វិនិយោគក្នុងប្រទេស​កម្ពុជា ។ ជាក់ស្ដែង ក្នុងឆ្នាំ២០២៦នេះ ចិននៅតែបន្ត​ឈរលំដាប់ទី១ ជា​វិនិយោគិនបរទេស​ដាក់ទុនវិនិយោគ​នៅកម្ពុជា​ច្រើនជាង​គេ​ ដោយឃើញ​មានគម្រោង​វិនិយោគធំៗលេច​រូបរាង​ជា​បន្ត​បន្ទាប់ ។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ២០២៦នេះ គម្រោង​ក្រោមការ​វិនិយោគ​របស់​វិនិយោគិន​ចិន​នៅកម្ពុជា​ដែល​លេច​ធ្លោ​រួមមាន គម្រោងវិនិយោគ​បង្កើតរោងចក្រ​ផលិតសំបករថយន្ត​ និងពោះវៀន​កង់ តម្លៃ ៤៥០លានដុល្លារ​នៅខេត្តក្រចេះ គម្រោង​វិនិយោគអភិវឌ្ឍន៍ស្ថានីយផលិត​អគ្គិសនី​ដើរដោយថាមពល​ពន្លឺព្រះអាទិត្យ​អានុភាព​២០០មេហ្កាវ៉ាត់ តម្លៃ ៣០០លានដុល្លារនៅខេត្តស្ទឹង​ត្រែង និងគម្រោង​វិនិយោគជាច្រើន​ទៀត តាមបណ្ដារាជធានី-ខេត្ត​សក្ដានុពល​របស់កម្ពុជា​ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា