កម្ពុជា​នាំចេញ​ទំនិញ​ជិត ​២៩ ​ពាន់​លាន​ដុល្លារ​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​សរុប​កើន​ជាង​ ​២០​%​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា​នាំចេញ​ទំនិញ​ជិត ​២៩ ​ពាន់​លាន​ដុល្លារ​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​សរុប​កើន​ជាង​ ​២០​%​

កម្ពុជា​នាំចេញ​ទំនិញ​ជិត ​២៩ ​ពាន់​លាន​ដុល្លារ​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​សរុប​កើន​ជាង​ ​២០​%​

​ភ្នំពេញ​៖ ​កម្ពុជា​សម្រេចបាន​ការ​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ​ ២៨​,​៨​ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ក្នុង​រយៈពេល​ ​១០ ​ខែ​ដើម​ឆ្នាំ ​២០២៦ ​កើនឡើង​ ​២០​,​៤​%​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​សរុប​របស់​កម្ពុជា​សម្រេចបាន​ជាង​ ​៦​២ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​កើនឡើង​ ​២០​,​៩​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥​។

យោង​តាម​ទិន្នន័យ​ផ្លូវការ​របស់​អគ្គ​នាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា​ ​ក្នុង​រយៈពេល​ ​១០​ខែ​នេះ​ ​កម្ពុជា​បាន​នាំចេញ​ទំនិញ​មាន​តម្លៃ​ ២៨​,​៨​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ខណៈ​ការ​នាំចូល​ទំនិញ​ពី​បរទេស​មាន​តម្លៃ​ ៣៣​,​៤​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​កើនឡើង​ ​២១​,​២​%​។ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​ ​ទំហំ​ពាណិជ្ជកម្ម​សរុប​បាន​កើនឡើង​ពី​ ​៥​២​,​៥​ពាន់​លាន​ដុល្លារ​ ​មក​ជាង​ ៦​២​ពាន់​លាន​ដុល្លារ​អាម៉េរិក​។​

​ក្នុង​ចំណោម​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ៗ ​ចិន​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កម្ពុជា​ ​ដោយ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​សម្រេចបាន​ ​១៩​,​៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​កើនឡើង​ ​២៣​,​៣​%​។ ក្នុង​នោះ​ ​កម្ពុជា​នាំចេញ​ទំនិញ​ទៅ​ចិន​មាន​តម្លៃ​ ១​,​៦៨​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ខណៈ​ការ​នាំចូល​ពី​ប្រទេស​នេះ​មាន​ទំហំ​ ១៧​,​៩៦​ពាន់​លាន​ដុល្លារ​អាម៉េរិក​។​

​សហរដ្ឋ​អាមេរិក​ឈរ​នៅលំដាប់​ទី​២ ​ជាមួយ​ទំហំ​ពាណិជ្ជកម្ម​សរុប​ ១៣​,​៨២​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​កើនឡើង​ ​២៩​,​១​%​។ ​អាមេរិក​ក៏​ជា​ទីផ្សារ​នាំចេញ​ធំ​បំផុត​របស់​កម្ពុជា​ផងដែរ​ ​ដោយ​ការ​នាំចេញ​ទៅកាន់​ទីផ្សារ​នេះ​មាន​តម្លៃ​ ១៣​,​២៧​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​កើនឡើង​ ​២៧​,​៨​%​ ​ខណៈ​ការ​នាំចូល​ពី​អាមេរិក​មាន​តម្លៃ​ប្រមាណ​ ៥៥០​លាន​ដុល្លារ​អាម៉េរិក​។​

​ចំណែក​វៀតណាម​ឈរ​នៅលំដាប់​ទី​៣ ​ជាមួយ​ទំហំ​ពាណិជ្ជកម្ម​ ៧​,​១៦​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​កើនឡើង​ ​៨​,​៨​%​។ ​ក្នុង​នោះ​ ​កម្ពុជា​នាំចេញ​ទៅ​វៀតណាម​មាន​តម្លៃ​ ៣​,​៤​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​និង​នាំចូល​ពី​ប្រទេស​នេះ​មាន​តម្លៃ​ ៣​,​៧៦​ពាន់​លាន​ដុល្លារ​អាម៉េរិក​។​ រី​ឯ​ជប៉ុន​ឈរ​នៅ​លំដាប់​ទី​៤ ​ដោយ​មាន​ទំហំ​ពាណិជ្ជកម្ម​សរុប​ ​២​,​៤៧​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​កើនឡើង​ ​១៨​,​៤​%​។

​ផ្ទុយ​ទៅវិញ​ ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា​ ​និង​ថៃ​បាន​ធ្លាក់ចុះ​ ២៧​,​៨​%​ ​មក​នៅ​ត្រឹម​ ​២​,​៣១​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ក្នុង​រយៈពេល​ ​១០​ខែ​ដើម​ឆ្នាំ​នេះ​។ ការ​ធ្លាក់ចុះ​នេះ​កើតឡើង​ដោយសារ​ការ​នាំចូល​ពី​ប្រទេស​ថៃ​បាន​ថយចុះ​ ៣៣​,​១​%​ ​ខណៈ​ការ​នាំចេញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ថៃ​ក៏​បាន​ថយចុះ​ ៦​,​៣​%​ ​ផងដែរ​។

ទន្ទឹម​នឹង​នេះ​ ទីផ្សារ​អឺរ៉ុប​មួយចំនួន​ក៏​បាន​បង្ហាញ​ពី​កំណើន​ពាណិជ្ជកម្ម​គួរឱ្យ​កត់សម្គាល់​ផងដែរ​។ ​ជាក់ស្ដែង​ ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​អេស្ប៉ាញ​សម្រេចបាន​ ១​,​២២​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​កើនឡើង​ ​២១​,​៥​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។

​ទិន្នន័យ​ពាណិជ្ជកម្ម​ទាំង​នេះ​បង្ហាញ​ថា​ ​ក្នុង​រយៈពេល​ ​១០​ខែ​ដើម​ឆ្នាំ​២០២៦ ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​បាន​បន្ត​កើនឡើង​ ​ដោយ​មាន​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ ​និង​សហរដ្ឋ​អាមេរិក​ជា​ទីផ្សារ​នាំចេញ​ធំ​បំផុត​របស់​កម្ពុជា​៕

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា