ពាណិជ្ជកម្ម​កម្ពុជា​-​បារាំង ​ឈាន​ដល់​ដំណាក់កាល​អនុវត្ត​ឱ្យ​ចេញ​ជា​លទ្ធផល​ជាក់ស្តែង​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពាណិជ្ជកម្ម​កម្ពុជា​-​បារាំង ​ឈាន​ដល់​ដំណាក់កាល​អនុវត្ត​ឱ្យ​ចេញ​ជា​លទ្ធផល​ជាក់ស្តែង​

ពាណិជ្ជកម្ម​កម្ពុជា​-​បារាំង ​ឈាន​ដល់​ដំណាក់កាល​អនុវត្ត​ឱ្យ​ចេញ​ជា​លទ្ធផល​ជាក់ស្តែង​

​ភ្នំ​ពេញ​៖​ ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​កម្ពុជា​ ​និង​បារាំង ​បាន​ឈាន​ដល់​ដំណាក់កាល​អនុវត្ត ​ដើម្បី​បង្កើត​លទ្ធផល​ជាក់ស្តែង​ ​ដោយ​ផ្អែក​លើ​សក្តានុពល​សេដ្ឋកិច្ច​ ​និង​ចំណុច​ខ្លាំង​របស់​កម្ពុជា​ ​ដែល​អាច​ទាក់ទាញ​វិនិយោគិន​បារាំង​។ ​នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នក​ឧកញ៉ា ​គិត​ ​ម៉េង ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​។​

ថ្លែង​ក្នុង​ពិធី​បិទ​វេទិកា​ធុរកិច្ច​បារាំង​-​កម្ពុជា កាលពី​ថ្ងៃ​ទី​១៦​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦ ​អ្នក​ឧកញ៉ា ​គិត​ ​ម៉េង ​បាន​លើកឡើង​ពី​សូចនាករ​សំខាន់​ៗ​ចំនួន​ ៤ ​ដែល​បង្ហាញ​ពី​ភាព​ទាក់ទាញ​របស់​កម្ពុជា​ ​សម្រាប់​វិនិយោគិន​បារាំង​។

​សូចនាករ​ទាំង ៤ ​រួម​មាន​៖​ ទី​១ ភាព​ធន់​នៃ​ការ​នាំចេញ​របស់​កម្ពុជា​ ​ដែល​បាន​កើនឡើង​ ​២០​%​ ​ទោះបីជា​មាន​ការ​រំខាន​ដល់​សេដ្ឋកិច្ច​សកល​ក៏​ដោយ​។ ទី​២ ​កម្លាំង​ពលកម្ម​ដែល​មាន​តម្លៃ​ទាប ​និង​មាន​អំណោយផល​ជាង​ប្រទេស​ជិតខាង​។ ទី​៣ ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ឌីជីថល ​តាមរយៈ​ប្រព័ន្ធ​បាគង​ ​ដែល​មាន​ទំហំ​ប្រតិបត្តិការ​សរុប​ស្មើនឹង​ ​៤​,​៥ ​ដង​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​GDP​)​។

​ចំណែក​សូចនាករ​ទី​៤ ​គឺ​ប្រសិទ្ធភាព​សារពើពន្ធ​ ​ដោយ​ចំណូល​ពន្ធ​មាន​កំណើន​រហូតដល់​ ​១ ​ដង​ ​ក្នុង​រយៈពេល​ ១៨ ​ឆ្នាំ​ចុងក្រោយ ​ដោយ​មិន​ចាំបាច់​បង្កើត​ពន្ធ​ថ្មី​។

​បន្ថែម​ពីលើ​ការ​បង្ហាញ​សក្តានុពល​ទាំងនេះ​ ​អ្នក​ឧកញ៉ា​ ​គិត​ ​ម៉េង ​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​មាន​ការ​បង្កើត​ជើង​ហោះហើរ​ត្រង់​រវាង​កម្ពុជា​ ​និង​បារាំង ​ដើម្បី​ពន្លឿន​ការ​តភ្ជាប់​លើ​វិស័យ​ពាណិជ្ជកម្ម ​និង​ទេសចរណ៍​។

​អ្នក​ឧកញ៉ា​បាន​បញ្ជាក់​ថា​ សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​សម្របសម្រួល​ជាមួយ​ដៃគូ​ធុរកិច្ច​លើ​វិស័យ​សំខាន់​ៗ រួម​មាន​ ​កសិ​-​ឧស្សាហកម្ម​ ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ទេសចរណ៍​៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា