កម្ពុជា​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​​ អ្នក​ជំនាញ​ជំរុញ​ឱ្យ​ផ្តោត​លើ​គុណភាព​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​​ អ្នក​ជំនាញ​ជំរុញ​ឱ្យ​ផ្តោត​លើ​គុណភាព​

កម្ពុជា​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​​ អ្នក​ជំនាញ​ជំរុញ​ឱ្យ​ផ្តោត​លើ​គុណភាព​

ភ្នំពេញ​៖​ ​រដ្ឋាភិបាល​បាន​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​ខណៈ​អ្នក​ជំនាញ​សុខភាព​ ​និង​អប់រំ​ជំរុញឱ្យ​ក្រុមហ៊ុន​ផលិតផល​ងាក​មក​ផ្តោត​លើ​គុណភាព​ ​ស្តង់ដារ ​និង​អាហារូបត្ថម្ភ​ត្រឹមត្រូវ ​ជា​ជាង​ប្រើ​ការ​ផ្តល់​រង្វាន់​ដើម្បី​ទាក់ទាញ​អតិថិជន​។

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ជ័យលាភី ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ ​នា​ព្រឹក​ថ្ងៃ​ទី​៧ ​ខែ​តុលា​ ​សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី ​បាន​លើកឡើង​ពី​សារៈសំខាន់​នៃ​ការ​គិតគូរ​អំពី​អាហារូបត្ថម្ភ ​និង​ការ​អប់រំ​កុមារ​អំពី​ផលប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ភេសជ្ជៈ​កំប៉ុង​។

​សម្តេច​ធិបតី​បាន​ឱ្យ​ដឹង​ថា​ ​រដ្ឋាភិបាល​បាន​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ផលិត​គ្រឿង​ស្រវឹង ​និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង ​ដើម្បី​កាត់បន្ថយ​ការ​ផ្សព្វផ្សាយ​ហួសហេតុ​។ ចាប់​ពី​ខែ​កក្កដា ​ឆ្នាំ​២០២៤​ ការ​ដកចេញ និង​កាត់បន្ថយ​ប៉ាណូផ្សព្វផ្សាយ​ធំ​ៗ​នៅ​តាម​ផ្លូវ​ជាតិ​ ​និង​ផ្លូវ​ធំ​ៗ​បាន​ចាប់ផ្តើម​អនុវត្ត​។

​យោង​តាម​ប្រសាសន៍​សម្តេច​ធិបតី ​ក្នុង​ចំណោម​ប៉ាណូ​ផ្សព្វផ្សាយ​ធំ​ៗ​ជាង​ ៦​ពាន់​កាលពី​មុន​ ​បច្ចុប្បន្ន​នៅសល់​ប្រមាណ​ ​១៧​%​ ​ប៉ុណ្ណោះ​នៅ​តាម​ដង​ផ្លូវ​ ខណៈ​ប៉ាណូ​ផ្សព្វផ្សាយ​ទឹក​សុទ្ធ​មាន​ការ​កើនឡើង​ជំនួស​វិញ​។

​សម្តេច​ធិបតី​ក៏​បាន​បញ្ជាក់​ថា ​ចាប់​ពី​ខែ​តុលា ​ឆ្នាំ​២០២៦ ការ​ធ្វើ​ទីផ្សារ​ដោយ​ដាក់​រង្វាន់​ក្នុង​ក្រវិល​កំប៉ុង​ត្រូវ​បាន​ផ្អាក​ទាំងស្រុង ​ហើយ​ការ​ដាក់​រង្វាន់​នា​ពេល​ខាង​មុខ​គួរ​ពិចារណា​ទៅលើ​ផលិតផល​ផ្សេង​ទៀត ​ដូចជា​ទឹក​សុទ្ធ​ជាដើម​។​

​សម្តេច​ធិបតី​បាន​បញ្ជាក់​ថា​ ​វិធានការ​នេះ​មិន​មែន​ជា​ការ​ហាមឃាត់​មិន​ឱ្យ​ប្រជា​ពលរដ្ឋ​ទទួលទាន​គ្រឿង​ស្រវឹង​នោះ​ទេ​ ​ប៉ុន្តែ​ការ​ទទួលទាន​គួរ​ធ្វើឡើង​ក្នុង​កម្រិត​មិន​ហួស​ហេតុ ​និង​មាន​ទំនួលខុសត្រូវ​។ ​ចំណុច​សំខាន់ ​គឺ​រដ្ឋាភិបាល​ចង់​កាត់បន្ថយ​ការ​ផ្សព្វផ្សាយ​ហួសហេតុ​ពេក​។​

​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ ​ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ​តុលា ​ឆ្នាំ​២០២៦​ តទៅ​ ​គ្រប់​សហគ្រាស​ទាំងអស់​មិន​ត្រូវ​បាន​អនុញ្ញាតឱ្យ​ផ្តល់​រង្វាន់ ​និង​មិន​ត្រូវ​មាន​ការ​បញ្ជាទិញ​ថ្មី​ ​នាំចូល​ ​ឬ​ផលិត​ក្រប​ផលិតផល​គ្រឿង​ស្រវឹង​ដែល​មាន​ការ​ផ្តល់រង្វាន់​ទៀត​ឡើយ​។

​ជុំវិញ​ការ​ដាក់​រង្វាន់​លើ​ផលិតផល​ផ្សេងទៀត​ ​លោក​វេជ្ជបណ្ឌិត​ ​គួច​ ​ម៉េង​លី ​បាន​លើកឡើង​ថា​ ​ប្រសិនបើ​មាន​ការ​ដាក់​រង្វាន់​ ​គួរ​ធ្វើក្នុង​រូបភាព​ជា​ការ​លើកទឹកចិត្ត​ ​ប៉ុន្តែ​មិន​គួរ​ផ្តល់​ជា​សាច់ប្រាក់​ទេ​។ ​លោក​បាន​លើក​ជា​ឧទាហរណ៍​ថា​ ​អាច​ប្រើ​ជា​គូប៉ុង​សម្រាប់​ទិញ​របស់របរ​មួយចំនួន​ជំនួស​។

​លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា​ ​នៅ​កម្ពុជា​ ទំនោរ​ភាគ​ច្រើន​គឺ​ការ​ដាក់​រង្វាន់​ដើម្បី​ទទួល​បាន​ប្រាក់ ​ដូចជា​ករណី​ផលិតផល​ស្រាបៀរ ​ដែល​អាច​ធ្វើឱ្យ​ប្រជា​ពលរដ្ឋ​ព្យាយាម​ផឹក ​ដើម្បី​ស្វែងរក​រង្វាន់​ធំ​ៗ​។

​ដោយ​ផ្អែក​លើ​បទពិសោធន៍​ក្នុង​វិស័យ​អប់រំ​ ​និង​សុខភាព​ ​លោក​វេជ្ជបណ្ឌិត​ ​គួច​ ​ម៉េង​លី ​មិន​សូវ​លើកទឹកចិត្ត​ឱ្យ​មាន​ការ​ដាក់​រង្វាន់​បែបនេះ​ទេ​។ ​លោក​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ផ្តោត​លើ​ការ​លក់​ផលិតផល​ដែល​ត្រឹមត្រូវ​តាម​ទីផ្សារ ​មាន​គុណភាព​ ​និង​ស្រប​តាម​ស្ដង់​ដារ ​ដើម្បី​ទទួល​បាន​ការ​ទទួល​ស្គាល់​ពី​អ្នក​ប្រើប្រាស់​៕

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា