កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

​ភ្នំពេញ​៖​ ​កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់​។

Advertisement

​យោង​តាម​សេចក្ដីព័ត៌មាន​របស់​អគ្គិសនី​កម្ពុជា​ ​ចេញផ្សាយ​នៅ​ថ្ងៃទី​៩​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​បាន​ឱ្យដឹង​ថា​ ​អគ្គិសនី​កម្ពុជា​បាន​គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ស្ថានីយ​សាក​យានយន្ត​អគ្គិសនី​ជាបន្តបន្ទាប់ ​ចាប់តាំងពី​មាន​ស្ថានីយ​តិចតួច​ រហូតដល់​បច្ចុប្បន្ន​មាន​ទូសាក​ជាង​ ​៤០០​ ​ទូ​។

​អគ្គិសនី​កម្ពុជា​បាន​បញ្ជាក់​ថា​ ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ស្ថានីយ​សាក​ទាំងនេះ​ ​មិន​បាន​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ប្រជាពលរដ្ឋ​ទូទៅ​នៅក្បែរ​ស្ថានីយ ​ឬ​អ្នកប្រើប្រាស់​ខ្សែ​បណ្ដាញ​អគ្គិសនី​ជាមួយគ្នា​នោះ​ទេ​។

​ជាទូទៅ​ ​អគ្គិសនី​កម្ពុជា​ទទួល​សំណូមពរ​ពី​សាលា​រាជធានី​-​ខេត្ត​ ​និង​ក្រុង​-​ស្រុក​ ​ដើម្បី​ជួយ​វិនិយោគ​ដោយ​ប្រើប្រាស់​ថវិកា​អគ្គិសនី​កម្ពុជា​ ​លើ​ទីតាំង​សាធារណៈ​ដែល​ជា​ប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​ ​និង​មិន​មែន​ជា​ទីតាំង​អាជីវកម្ម​រក​ប្រាក់​ចំណេញ​ ​ដូចជា​ ​សួនច្បារ ​កន្លែង​ហាត់ប្រាណ​ ​និង​របង​ស្ថាប័ន​រដ្ឋ ​ដែល​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​បាន​។

​ចំពោះ​ទីតាំង​អាជីវកម្ម​របស់​បុគ្គល ​ឬ​ក្រុមហ៊ុន​ឯកជន ​ប្រសិនបើ​មាន​ការ​ប្រើប្រាស់​អគ្គិសនី​ច្រើន​ និង​មាន​លក្ខណៈ​អចិន្ត្រៃយ៍ ​អគ្គិសនី​កម្ពុជា​អាច​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​។ ​អគ្គិសនី​កម្ពុជា​បាន​ឱ្យដឹង​ថា​ ​កន្លងមក​បាន​វិនិយោគ​រាប់​ម៉ឺន​ និង​រាប់​សែន​ដុល្លារ​លើ​ខ្សែ​បណ្ដាញ​ ​និង​ត្រង់​ស្វូរ ​សម្រាប់​ទីតាំង​នីមួយ​ៗ​រួច​មកហើយ​។

​ទោះជា​យ៉ាងណា ​អគ្គិសនី​កម្ពុជា​រក្សា​សិទ្ធិ​មិន​អន្តរាគមន៍​លើ​ទីតាំង​តូច​ៗ​ដែល​មិន​មាន​សក្ដានុពល ​ឬ​ទីតាំង​ដែល​អ្នកស្នើសុំ​អាច​ប្រើប្រាស់​ក្នុង​រយៈពេល​ខ្លី​នោះ​ទេ​។

​ទន្ទឹមនឹង​ការ​ពង្រីក​បណ្ដាញ​សាក​ថាមពល ​អ្នកប្រើប្រាស់​យានយន្ត​អគ្គិសនី​ក៏​បាន​លើកឡើង​ពី​អត្ថប្រយោជន៍​ និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ពី​ការ​ប្រើប្រាស់​យានយន្ត​ប្រភេទ​នេះ​។

​លោក​ ​ភក្ត្រា ​អ្នកប្រើប្រាស់​រថយន្ត​អគ្គិសនី​លាយ​សាំង ​ឬ​ហាយ​ប្រ៊ីដ ​បាន​ឱ្យដឹង​ថា​ ​លោក​មិន​សូវ​បារម្ភ​ពី​ការ​សាក​ថាមពល​រថយន្ត​របស់​លោក​ទេ ​ព្រោះ​ប្រសិនបើ​មិន​មាន​ស្ថានីយ​សាក ​ឬ​រថយន្ត​អស់​ថាមពល​អគ្គិសនី​ រថយន្ត​របស់​លោក​អាច​ចាក់​សាំង​ និង​បន្ត​ដំណើរ​បាន​ធម្មតា​។ ​លោក​ក៏​អាច​សាក​ថាមពល​នៅ​ផ្ទះ​បាន​ផងដែរ​។

​លោក​បាន​និយាយ​ថា​ ​តាំងពី​ប្រើ​រថយន្ត​ហាយ​ប្រ៊ីដ​មក​ លោក​មិន​ដែល​ទៅ​សាក​ថាមពល​នៅ​ស្ថានីយ​ឡើយ​ ​ដោយសារ​ការ​ប្រើប្រាស់​រថយន្ត​របស់​លោក​ភាគ​ច្រើន​ស្ថិត​នៅក្នុង​ក្រុង​ ​ដូចជា​ ​ដឹក​កូន​ទៅ​សាលារៀន​ ​ឬ​ជូន​ភរិយា​ទៅ​កន្លែង​ធ្វើការ​។

​ដោយឡែក​ លោក​ ​ទ្រី ​សីហា ​អ្នកប្រើប្រាស់​រថយន្ត​អគ្គិសនី​មួយ​រូប ​បាន​ឱ្យដឹង​ថា​ ​មុនពេល​ប្រើ​រថយន្ត​អគ្គិសនី ​លោក​ប្រើ​រថយន្ត​ដែល​ប្រើ​សាំង ​ហើយ​ត្រូវ​ចំណាយ​ថ្លៃ​ប្រេងសាំង​ច្រើន​។ ​ជាក់ស្ដែង​ សម្រាប់​ការ​ធ្វើដំណើរ​ពី​ផ្ទះ​ទៅ​កន្លែង​ធ្វើការ​ លោក​ត្រូវ​ចំណាយ​ថ្លៃ​សាំង​ប្រមាណ​ ​៣​ ​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​។

​បន្ទាប់ពី​ចាប់ផ្ដើម​ប្រើ​រថយន្ត​អគ្គិសនី ​លោក​បាន​កាត់បន្ថយ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​មក​នៅ​ត្រឹម​ប្រមាណ​ ​៣,០០០​ ​ទៅ​ ​៥,០០០​ រៀល​ប៉ុណ្ណោះ​។

​លោក​ សីហា ​បាន​បន្ត​ថា​ ​បច្ចុប្បន្ន ​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​បាន​ជួយ​សន្សំ​សំចៃ​ការ​ចំណាយ​ផ្ទាល់ខ្លួន​បាន​ច្រើន​ ​ប៉ុន្តែ​លោក​នៅ​មិន​ទាន់​អាច​ដឹង​ថា​ ​ក្រោយពេល​រថយន្ត​ផុត​រយៈពេល​ធានា​ពី​ក្រុមហ៊ុន​ ​តើ​ថ្លៃ​គ្រឿង​បន្លាស់​ និង​ការ​ជួសជុល​នឹង​មាន​តម្លៃ​ថ្លៃ​ជាង​ ​ឬ​ប្រហាក់ប្រហែល​នឹង​រថយន្ត​ប្រើប្រាស់​សាំង​នោះ​ទេ​។​

ក្នុង​នាមជា​អ្នកប្រើប្រាស់​រថយន្ត​អគ្គិសនី ​លោក​ សីហា ​បាន​ស្នើ​ឱ្យ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​ ​ឬ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ស្ថានីយ​សាក​ថាមពល​យានយន្ត​អគ្គិសនី ​សម្របសម្រួល​ឱ្យ​អ្នកប្រើប្រាស់​មាន​ភាព​ងាយស្រួល​ក្នុង​ការ​សាក​ថាមពល​តាម​ផ្លូវ​ជាតិ​ ​និង​តាម​បណ្ដា​ខេត្ត​។​

លោក​បាន​ស្នើ​ឱ្យ​បញ្ចូល​កម្មវិធី​របស់​ក្រុមហ៊ុន​វិនិយោគ​ស្ថានីយ​សាក​នានា​ចូល​ជាមួយ​កម្មវិធី​របស់​ក្រសួង​ក្នុង​ប្រព័ន្ធ​តែ​មួយ​ ​ព្រោះ​បច្ចុប្បន្ន​ ​ប្រសិនបើ​ក្រុមហ៊ុន​នីមួយ​ៗ​មាន​កម្មវិធី​ផ្ទាល់ខ្លួន​ ​អ្នកប្រើប្រាស់​រថយន្ត​អគ្គិសនី​ត្រូវ​ទាញយក​កម្មវិធី​ជាច្រើន​មក​ប្រើប្រាស់​នៅលើ​ទូរសព្ទ​ដៃ​។

​ឯកឧត្តម​ ​ឧត្តម​ផន ​រឹម ​អ្នកនាំពាក្យ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​ ​បាន​ឱ្យដឹង​ថា​ ​ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​២០២៦​ ​យានយន្ត​អគ្គិសនី​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​មាន​ចំនួន​សរុប​ ​៧,៦៣២​ ​គ្រឿង​ ក្នុង​នោះ​រថយន្ត​អគ្គិសនី​មាន​ចំនួន​ ​៦,១៧៤​ ​គ្រឿង​ ម៉ូតូ​អគ្គិសនី​មាន​ចំនួន​ ​១,២៩៦​ ​គ្រឿង​ ​និង​ត្រី​ចក្រ​យានយន្ត​មាន​ចំនួន​ ​១៦២​ ​គ្រឿង​។

​ដោយឡែក​ ​គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ​២០២៦​ ​យានយន្ត​អគ្គិសនី​ដែល​បាន​ចុះបញ្ជី​សរុប​មាន​ចំនួន​ ​២០,៦០០​ ​គ្រឿង​ ក្នុង​នោះ​រថយន្ត​មាន​ចំនួន​ ​១៥,២៣៩​ ​គ្រឿង​ ​កង់​បី​អគ្គិសនី​មាន​ចំនួន​ ​៨៦២​ ​គ្រឿង​ និង​ម៉ូតូ​អគ្គិសនី​មាន​ចំនួន​ ​៤,៤៩៩​ ​គ្រឿង​។

​តួលេខ​ទាំង​នេះ​បង្ហាញ​ពី​ការ​កើនឡើង​នៃ​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា​ ​ខណៈ​ការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កំពុង​បន្ត ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អ្នកប្រើប្រាស់​ដែល​កើនឡើង​ជាបន្តបន្ទាប់​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា