រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ភ្នំពេញ ៖ ទោះបីជា​កម្ពុជា​ជួបប្រទះនឹង​បញ្ហាប្រឈមពហុវិបត្តិ​យ៉ាង​ណាក្ដី តែកម្ពុជា​នៅតែ​បន្ត​ទទួល​បាន​គម្រោងវិនិយោគ​ថ្មីៗ ដែលមានប្រភពទុនទាំងក្នុង​ និងក្រៅប្រទេស​​ជា​បន្តបន្ទាប់។ ជាក់ស្ដែង​ក្នុងរយៈពេល ​៣ត្រី​មាស ​ឬ៩ខែ ដើមឆ្នាំ២០២៦ នេះ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​​បានអនុម័ត​គម្រោង​វិនិយោគ​ស​រុបចំនួន ៤៨០​គម្រោង ជាមួយ​នឹង​ទឹកប្រាក់​វិនិយោគសរុបប្រមាណ​ជិត៦​ពាន់​លាន​ដុល្លារអា​ម៉េរិក ។

យោង​តាម​របាយការណ៍​របស់​​ក្រុម​ប្រឹក្សាអ​ភិវឌ្ឍន៍កម្ពុជាចេញផ្សាយ​ជា​បន្ត​​បន្ទាប់​បានបង្ហាញថា គិតចាប់ពីខែមករា​ ដល់​ដំណាច់​ខែកញ្ញា ឆ្នាំ២០២៦ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​​កម្ពុជា និងអនុគណៈក​ម្មាធិការ​វិនិយោគ រាជធានី ខេត្ត​ បានសម្រេច​ចុះបញ្ជីគម្រោង​វិនិយោគសរុប​ចំនួន​ ៤៨២​គម្រោង​ ជាមួយ​នឹង​ទឹកប្រាក់​​វិនិយោគ​សរុប​ចំនួន​ ៥ ៩២៨ ​លាន​ដុល្លារ​អាម៉េរិក​ ។

យោង​តាមរបាយការណ៍​នេះ​ ក៏បានបង្ហាញថា ប្រភពទុនវិនិយោគ​ក្នុងស្រុកមានកំ​ណើ​ន​​ខ្ពស់ក្នុងឆ្នាំ២០២៦នេះ​ ជាក់ស្ដែង​ក្នុងរយៈ​ពេល​៩ខែនេះ ប្រភព​ទុន​វិនិយោគ​ដែល​​វិនិយោគ​ដោយ​វិនិយោគិន​ក្នុង​ស្រុក​​​​មាន​​ទំ​ហំ​ទឹក​ប្រាក់​រហូតដ​ល់​២,៦៦ពាន់​លានដុល្លារ ឬស្មើនឹ​ង​ប្រមាណ​ជិ​ត ៤៥ភាគរយនៃទុនវិនិយោគសរុប​ ។ នេះ បា​ន​សបញ្ជា​ក់ឱ្យ​ឃើញថា ឆ្នាំ២០២៦​នេះ វិនិយោគិន​ក្នុង​ស្រុក​បាន​បោះទុ​នវិនិយោគ​ច្រើន ជាពិសេស ​លើ​រោងចក្រ សហគ្រាស​ ផលិត​​ទំនិញប្រើប្រាស់​ជំនួស​ឱ្យទំនិញរបស់ថៃ ។​

បើតាម​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍កម្ពុជា ​ក៏បានបង្ហា​ញ​ពីវិស័យ​សំខាន់ៗ​មួយ​ចំនួន​​ដែល​ទាក់​ទាញ​​បាន​ទុនវិនិ​យោគច្រើនជាង​​ក្នុង​នោះរួ​មមានវិស័យឧ​ស្សាហកម្ម​ វិស័យ​កសិ-​ឧស្សាហកម្ម វិស័យទេ​សចរណ៍ វិស័យ​ហេដ្ឋារចនាស​ម្ព័ន្ធ និងវិស័យ​ហិរញ្ញវត្ថុ​ជាដើម​ ។

ក្នុងរយៈពេល៩ខែនេះដែរ​ រាជធានី ខេត្ត ​ចំនួន៥ ​ទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេ ក្នុងនោះមាន ​ខេត្ត​កំពង់ស្ពឺ ទទួលបានគម្រោង​ ៩៦​គម្រោង ខេត្ត​កណ្ដាល ទទួលបាន​ ៥០គម្រោង ខេត្ត​ស្វាយរៀង​ទទួលបាន ៣៩គម្រោង ខេត្ត​តាកែវ ទទួលបាន ​៤១​គម្រោង ខេត្ត​ព្រះសីហនុ ទទួលបាន ​៤៧គម្រោង និងរាជ​ធានី​ភ្នំពេញ ទទួលបាន​៣៨គម្រោង ។

អ្នកឧកញ៉ា​ សំ សុខនឿន ស្ថាបនិក ​និងជា​ប្រធាន​ក្រុម​ប្រឹក្សាភិ​បាល​នៃ​​ក្រុមហ៊ុន​សម្ព័ន្ធ​ SAM SN Group និងជាអនុប្រធាន​សម្ព័ន្ធសមាគម​​សហគ្រាស​ធុនតូ​ច និងមធ្យម​កម្ពុជា បាន​មានប្រសា​សន៍ថា​ គោលនយោ​បាយ​​រប​ស់​​រា​ជរ​​ដ្ឋាភិបាល​ក្នុងការជំរុញ ​លើកទឹកចិត្ត​​ដល់​សហគ្រាសធុ​នតូ និង​មធ្យម​នៅ​កម្ពុជា និង​​ការ​ដាក់ចេញនូវ​វិធា​នការ​​សម្រ​ប​សម្រួលដ​ល់គ្រិនក្នុងស្រុក បាន​ធ្វើឱ្យ​មានការ​​​​វិនិយោគ​​លើ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅកម្ពុជា​​កាន់តែច្រើន និងបានធ្វើ​ឱ្យសហគ្រិន​ក្នុង​ស្រុ​ក ​​មានឱកាស​ផលិតនូវផលិតផល​ដែល​អាច​ប្រកួត​​ប្រជែង​ជាមួយ​ផលិតផលបរទេស ។

ក្រៅពីកា​រលើ​ក​ទឹ​កចិត្ត​លើ​​វិស័​យ​ស​ហ​គ្រា​ស​ធុ​នតូ​ច​ ​និ​ងមធ្យមនៅកម្ពុជា​ វិធានការ​ផ្សេងៗ​ទៀត​របស់រដ្ឋាភិបាល ដូច​ជា​ការលើកទឹកចិត្ត​សម្រាប់ការ​វិនិយោគនៅតំបន់ភូ​មិ​ភាគ​ឦ​សាន​ ការ​វិនិយោ​គនៅ​ខេ​ត្តព្រះ​សីហនុ ក៏ជាកត្តាដែល​ទាក់​ទាញ​បា​ន​នូ​វ​គម្រោង​ថ្មីៗ​ជា​បន្ត​បន្ទាប់​ផងដែរ ។

លោក ឌុក ពិសិដ្ឋ ប្រធានសមាគម​កាហ្វេ​កម្ពុជា​ និងជា​នាយកប្រតិបត្តិ​ក្រុមហ៊ុន PIDA FARM បានថ្លែង​ប្រាប់​ AMS ឱ្យដឹងថា តាមរយៈកម្មវិធី​ជំរុញការ​វិនិយោគ​ភូមិភាគឦសាន​របស់​រាជរ​ដ្ឋាភិ​បា​ល​ បានធ្វើឱ្យប​ណ្ដា​ខេ​ត្ត​​​នៅភូ​មិ​ភា​គ​ឦសា​ន​​ទ​ទួល​បា​ន​គម្រោង​វិនិយោគ​​លើ​​វិស័យក​សិ-ឧស្សាហកម្ម​កាន់តែច្រើន ពីព្រោះថា ​វិនិយោគនៅពេលនេះ បានផ្ដល់​ឱកាស​នូវ​ប្រាក់ចំណេញយ៉ាង​ច្រើន​ដល់​វិនិយោគិន ដូចជា ​ទទួលបានការ​អនុគ្រោះផ្នែកព​ន្ធពីរដ្ឋាភិបាល និងលើកលែង​ពន្ធនូវ​ការនាំចូល​​ស​ម្ភារៈមួ​យ​ចំ​នួនស​ម្រាប់ដំណើរការ​វិនិយោគជាដើម ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា