កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។ 

កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់ មកពីទូទាំងទ្វីបអាស៊ី បានជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីរួមគ្នារៀបចំផែនទីបង្ហាញផ្លូវថ្នាក់តំបន់ (Regional Roadmap) សម្រាប់សិទ្ធិ និងការពង្រឹងអំណាចសម្រេចចិត្តរបស់ស្ត្រីកសិករ។ 

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGOF)  សិក្ខាសាលានេះធ្វើឡើង ក្រោមប្រធានបទ «សារៈសំខាន់នៃស្ត្រីក្នុងវិស័យកសិកម្ម៖ គុណតម្លៃដីធ្លី កសិអេកូឡូស៊ី ភាពធន់ និងអាកាសធាតុនៅអាស៊ី» ត្រូវបានរៀបចំឡើងដោយសម្ព័ន្ធដីធ្លីជាតិកម្ពុជា (NLC Cambodia) និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOF) ជាមួយសម្ព័ន្ធដីធ្លីអន្តរជាតិ (ILC) ដោយសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រះរាជាណាចក្រកម្ពុជា និងអង្គការសង្គមស៊ីវិលដទៃទៀត។

សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ស្ត្រីគឺជាឆ្អឹងខ្នងនៃវិស័យកសិកម្មអាស៊ី។ នៅកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្ត្រីមានចំនួនដល់ទៅ ៧៨–៨១% នៃកម្លាំងពលកម្មកសិកម្ម ប៉ុន្តែទូទាំងអាស៊ី ស្ត្រីជាម្ចាស់ដីធ្លីមធ្យមតិចជាង ១៥%។

ឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ពីតម្លៃ និងតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងសង្គមខ្មែរតាំងពីបុរាណកាលមកដល់បច្ចុប្បន្ននេះ ដោយឆ្លុះបញ្ចាំងតាមរយៈទស្សនទានមាតាធិបតេយ្យ និងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ការបន្តលើកកម្ពស់តម្លៃស្ត្រី មិនត្រឹមតែជាការថែរក្សាមរតកវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាសំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងសិទ្ធិអំណាច និងការបង្កើនឱកាសឱ្យស្ត្រីចូលរួមកាន់តែពេញលេញក្នុងការអភិវឌ្ឍសង្គមជាតិ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានផ្តល់អនុសាសន៍មួយចំនួនសម្រាប់អង្គវេទិកាយកទៅពិភាក្សា និងបន្តធ្វើការរួមគ្នាដើម្បីជួយដល់ស្រ្តី ដោយគូសបញ្ជាក់ ៣ចំនុចសំខាន់រូមមាន៖ ទី១- គួរជំរុញ និងលើកទឹកចិត្តស្រ្តីតាមរយៈការរៀបចំគម្រោងខ្លីៗដើម្បីគាំទ្រដល់វិស័យកសិកម្ម , ទី២ – ស្ត្រី មិនត្រឹមតែមានសារៈសំខាន់ក្នុងវិស័យកសិកម្មប៉ុណ្ណោះទេ តែលើសេដ្ឋកិច្ច និងសង្គមទាំងមូល។ ដូច្នេះ គប្បីរៀបចំឱ្យមានការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញបន្ថែមដល់ស្ត្រី ដើម្បីឱ្យស្រ្តីមានជម្រើស និងឱកាសការងារដទៃផ្សេងទៀត ដែលនាំឱ្យស្ត្រីរួចផុតពីភាពលំបាកក្នុងការប្រកបរបរកសិកម្មតែមួយមុខដែលជារបរប្រើកម្លាំងច្រើន ហើយទី៣- ត្រូវរៀបចំគោលការណ៍ណែនាំ ឬគោលនយោបាយដើម្បីបន្តលើកតម្កើងឧត្តមភាព និងសក្តានុពលរបស់ស្ត្រីឱ្យកាន់តែប្រសើរឡើង។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាទិវាអន្តរជាតិនៃស្ត្រីកសិករ ដែលអ្នកចូលរួមបានមើលឃើញពីកិច្ចពិភាក្សាទៅកាន់សហគមន៍ ផ្តោតលើការគាំទ្រកសិកម្មអេកូឡូស៊ីដឹកនាំដោយស្ត្រី ការអភិវឌ្ឍតំបន់ឆ្នេរ និងកសិកម្មឆ្លាតវៃ សម្របតាមអាកាសធាតុ មុនពេលឯកភាពលើផែនការសកម្មភាពកម្ពុជា (Cambodia Action Plan) និងផែនទីបង្ហាញផ្លូវថ្នាក់តំបន់ (Regional Roadmap)។

លោកស្រី អាធូ វើម៉ា អ្នកសម្របសម្រួលតំបន់នៃ ILC Asia បានលើកឡើងថា ៖ «ស្ត្រីកសិករ មិនខ្វះចំណេះដឹងនោះទេ ថែមទាំងមានភាពក្លាហាន ក្នុងការដោះស្រាយបញ្ហា ប៉ុន្តែ អ្វីដែលខ្វះនៅពេលនេះ គឺការទទួលស្គាល់សិទ្ធិ និងអំណាចក្នុងការសម្រេចចិត្ត។ តាមរយៈកិច្ចប្រជុំអន្តរជាតិនៃស្ត្រីកសិករ (International Year of the Woman Farmer) គឺកំពុងធ្វើការដើម្បីផ្លាស់ប្ដូរការទទួលស្គាល់ទៅជាសិទ្ធិ និងសកម្មភាព ដើម្បីធានាថា ការអភិវឌ្ឍមិនប៉ះពាល់ដល់សហគមន៍ និងស្ត្រីកសិករ ហើយក៏ដើម្បីផ្លាស់ប្តូរអំណាច ជាជាងគ្រាន់តែបញ្ចូលស្ត្រីក្នុងប្រព័ន្ធដែលមានស្រាប់»។

លោក សឿង សារឿន នាយកប្រតិបត្តិនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា និងជាប្រធានគណៈកម្មាធិការដឹកនាំ ILC Asia បានមានប្រសាសន៍ថា នៅពេលស្ត្រីកសិករមានសិទ្ធិ មានសុវត្ថិភាពលើវិស័យដីធ្លី និងសហគមន៍ ក្រោមការទទួលស្គាល់យ៉ាងពេញលេញ សហគមន៍ទាំងមូលនឹងកាន់តែមានភាពធន់ និងមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

សូមជម្រាបដែរថា វេទិកាខាងលើនេះក៏បានពិភាក្សាលម្អិតទៅលើប្រធានបទចំនួន ៣ ដើម្បីជាធាតុចូលក្នុងការយកទៅអនុវត្តរួមគ្នាដើម្បីលើកកម្ពស់ និងជួយស្រ្តីបន្ថែមទៀតនៅក្នុងវិស័យកសិកម្ម ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលក្នុងនោះ រួមមាន៖
១. សក្តានុពលធនធានដីធ្លី ការជំរុញសុវត្ថិភាពនៃការកាន់កាប់/គ្រប់គ្រងដីធ្លី និងគុណតម្លៃនៃការប្រើប្រាស់ដីសម្រាប់ស្ត្រីកសិករ
២. ការទទួលបានទុន ប្រាក់កម្ចី ធាតុចូលកសិកម្ម ការកែច្នៃ និងទីផ្សារសម្រាប់ស្ត្រីកសិករ
៣. សិទ្ធិរបស់ស្ត្រីកសិករក្នុងបរិបទនៃការផ្លាស់ប្តូរ៖ បម្រែបម្រួលអាកាសធាតុ បច្ចេកវិទ្យា ថាមពល និងសេដ្ឋកិច្ចថ្មី។

ដោយឡែក ពិធីបិទវេទិកាថ្នាក់តំបន់ស្តីពី “ភាពសំខាន់របស់ស្ត្រីនៅក្នុងវិស័យកសិកម្ម៖ គុណតម្លៃដី កសិ-អេកូឡូស៊ី និងភាពធន់នឹងអាកាសធាតុនៅតំបន់អាស៊ី” នៅថ្ងៃដំបូង ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន វិរៈ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងអង្គការមិនមែនរដ្ឋាភិបាល បងប្អូនប្រជាសហគមន៍ និងបងប្អូនជនជាតិដើមភាគតិចផងដែរ៕

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា