កម្ពុជាបង្កើន​ការនាំចូលប្រេង​ពី​សិង្ហបុរី និងម៉ាឡេស៊ី ដើម្បី​ទប់ទល់វិបត្តិថាមពលក្នុងស្រុក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាបង្កើន​ការនាំចូលប្រេង​ពី​សិង្ហបុរី និងម៉ាឡេស៊ី ដើម្បី​ទប់ទល់វិបត្តិថាមពលក្នុងស្រុក

កម្ពុជាបង្កើន​ការនាំចូលប្រេង​ពី​សិង្ហបុរី និងម៉ាឡេស៊ី ដើម្បី​ទប់ទល់វិបត្តិថាមពលក្នុងស្រុក

មន្ត្រីរដ្ឋាភិបាល​ បានអះអាងថា កម្ពុជា កំពុង​ងាក​ទៅរក​ការផ្គត់​ផ្គង់​ប្រេងឥន្ធនៈពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដើម្បីបង្គ្រប់ការខ្វះខាតនៃការផ្គត់ផ្គង់ពីប្រទេសវៀតណាម និងចិន។

Advertisement

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងថាមពល បានប្រាប់ភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធ ទី ១៨ ខែមីនាថា កម្ពុជាកំពុងបង្កើនការនាំចូលពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដោយសារតែការរឹតបន្តឹងលើការនាំចេញនៅកន្លែងផ្សេងទៀត។

យោងតាមទិន្នន័យពីមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) ដែលជាទីភ្នាក់ងារពាណិជ្ជកម្មរបស់ UN-WTO មានមូលដ្ឋាននៅទីក្រុងហ្សឺណែវ បានឱ្យដឹងថា ប្រទេសថៃ និងវៀតណាម គឺជាអ្នកផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ធំជាងគេសម្រាប់​កម្ពុជា គឺមាន​រហូតដល់ ៦០ ភាគរយ កាលពីឆ្នាំ ២០២៤។ ខណៈ​ដែល​ប្រទេសសិង្ហបុរី រួមគ្នាជាមួយ​ម៉ាឡេស៊ី មាន​ចំណែកប្រមាណជា ១ ភាគ ៣ ​នៃទីផ្សារថាមពលរបស់​កម្ពុជា។ ប្រទេសចិន​មានចំណែក​ប្រមាណជា ៧ ភាគរយ។

ក៏ប៉ុន្តែ ស្របពេលដែល​សង្រ្គាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងធ្វើឱ្យប៉ះពាល់ដល់ការផ្គត់​ផ្គង់​ប្រេងក្នុង​ពិភព​លោក ប្រទេសវៀតណាម និងចិន បានរឹតបន្តឹងការនាំចេញប្រេងឥន្ធនៈរហូតដល់យ៉ាងហោចណាស់ដំណាច់ខែមីនា ដើម្បីទប់ស្កាត់ការខ្វះខាតក្នុងស្រុកដែលអាចកើតមាន។

ជាមួយគ្នានេះ ប្រទេសកម្ពុជា​បានដាក់បម្រាម​នាំចូល​ប្រេងឥន្ធនៈគ្រប់​ប្រភេទ និងឧស្ម័នពី​ប្រទេសថៃ បន្ទាប់​ពី​ប្រទេសនេះ​ត្រូវស្តីបន្ទោសថា បាន​បង្កសង្គ្រាមឈ្លានពាន​ទឹកដីកម្ពុជា ក្នុងអំឡុង​ឆ្នាំ ២០២៥។

ឯកឧត្តម កែវ រតនៈ មាន​ប្រសាសន៍ថា៖

“កម្ពុជា «នៅតែ​អាច​នាំចូល​បាន​បន្តិចបន្តួច​»ពី​ប្រទេស​ចិន។ ហើយ​កម្ពុជា​មាន​ជា​ដៃគូ​រឹងមាំ​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សកលគឺក្រុមហ៊ុន Total និងក្រុមហ៊ុន​ Chevron។ ក្រុមហ៊ុនទាំងនេះអាច​ជួយ​កាត់បន្ថយ​ហានិភ័យ​បាន​មួយ​ចំនួនដល់កម្ពុជា។”

លោកបណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បារម្ភថា សង្គ្រាម​​​នៅមជ្ឈឹមបូព៌ាអូសបន្លាយ នឹង​នាំឲ្យ​ វិបត្តិប្រេងឥន្ធនៈកាន់តែធ្ងន់ធ្ងរ។

លោកបណ្ឌិត បានថ្លែងថា៖

“ប្រទេសខ្លះគេព្យាយាមកាត់បន្ថយពន្ធប្រេងឲ្យនៅទាប ដើម្បីកុំឲ្យតម្លៃវាខ្ពស់ សម្រួលកុំឲ្យថ្លៃដឹកជញ្ជូនឡើងថ្លៃ ហើយកុំទំនិញវាឡើងថ្លៃតាមតម្លៃដឹកជញ្ជូន។”

លោក អ៊ូ វីរៈ អ្នកវិភាគកម្ពុជាមួយរូបទៀត ផ្តល់​យោបល់ថា ក្នុងអំឡុងពេលស្ថានភាពប្រេងឥន្ធនៈមិនមានសុវត្ថិ កម្ពុជា​ ត្រូវប្រុងប្រយ័ត្នចំពោះការឧបត្ថម្ភទុន ដោយហេតុថា ការឧបត្ថម្ភនេះ​នឹងធ្វើ​ឲ្យតម្លៃថាមពល​ចុះទាប ប៉ុន្តែការប្រើប្រាស់នឹងកើនឡើងខ្ពស់ ហើយវានឹងបង្កហានិភ័យដល់កង្វះខាតថាមពល និងប៉ះពាល់ដល់សេដ្ឋកិច្ច​ទាំងមូល។ ក៏ប៉ុន្តែ​រដ្ឋាភិបាល ត្រូវតែព្យាយាម​ទិញប្រេងឥន្ធនៈបន្ថែមទៀត។

តម្លៃប្រេងពិភពលោកនៅថ្ងៃព្រហស្បត្តិ៍ ទី ១៩ ខែមីនា បានហក់ឡើងដល់ ១១០ ដុល្លារ ក្នុង ១ ធុងបារ៉ែល ដែល​ធ្វើឲ្យមានកង្វល់ថា ការលក់រាយនៅកម្ពុជា នឹង​បន្តឡើងថ្លៃបន្ថែមទៀត៕

អត្ថបទ៖ ខន ណារី និង​ទួន សុផល

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា