កម្ពុជា​ត្រៀមអនុវត្ត​យុទ្ធសាស្ត្រ​ ​SME​ ​២០២៦​-​២០៣០​ រំពឹងថានឹងក្លាយ​ជា​ចលករ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា​ត្រៀមអនុវត្ត​យុទ្ធសាស្ត្រ​ ​SME​ ​២០២៦​-​២០៣០​ រំពឹងថានឹងក្លាយ​ជា​ចលករ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​

កម្ពុជា​ត្រៀមអនុវត្ត​យុទ្ធសាស្ត្រ​ ​SME​ ​២០២៦​-​២០៣០​ រំពឹងថានឹងក្លាយ​ជា​ចលករ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​

​ភ្នំពេញ​៖​ រាជ​រដ្ឋាភិបាល​កម្ពុជា​ ​គ្រោង​ដាក់​ឱ្យ​អនុវត្ត​ «​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ឆ្នាំ​២០២៦​-​២០៣០​» ​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​ ​ដោយ​រំពឹង​ថា​នឹង​ក្លាយជា​ក្របខណ្ឌ​គោលនយោបាយ​ដ៏​សំខាន់​ ​សម្រាប់​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ​(​SMEs​) ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​មាន​ភាព​ធន់​ ​និង​ចីរភាព​។

Advertisement

​យុទ្ធសាស្ត្រ​ជាតិ​នេះ​ ត្រូវបាន​រៀបចំឡើង​ដោយ​មាន​ចក្ខុវិស័យ​១​ ​គោលបំណង​ស្នូល​៣​ ​សសរ​ស្តម្ភ​យុទ្ធសាស្ត្រ​៤​ ​និង​វិធានការ​សំខាន់​ៗ​១២​ ​ដើម្បី​គាំទ្រ​ ​SMEs​ ​នៅ​គ្រប់​ដំណាក់កាល​នៃ​វដ្ត​ជីវិត​អាជីវកម្ម​ ​ចាប់ពី​ការ​បង្កើត​អាជីវកម្ម​ ​ការ​ចុះបញ្ជី​ ​ការ​ពង្រីក​អាជីវកម្ម​ ​ការ​រៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ​ រហូតដល់​ការ​បញ្ចប់​ប្រតិបត្តិការ​អាជីវកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​។

​ថ្លែង​ក្នុង​វេទិកា​ថ្នាក់​ជាតិ​ស្តីពី​ហិរញ្ញប្បទាន​សម្រាប់​ធុរកិច្ច ​ឆ្នាំ​២០២៦​ កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ឯកឧត្តម​ ហេង ​សុខ​គង់​ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​និង​ន​វានុវត្តន៍​ ​បាន​ឱ្យដឹង​ថា​ ​សម្តេច​ធិបតី​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ​ម៉ាណែត ​បាន​ចុះហត្ថលេខា​លើ​យុទ្ធសាស្ត្រ​ជាតិ​នេះ​ កាលពី​ថ្ងៃទី​១០​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​អនុវត្ត​ជាក់ស្តែង​។

​ឯកឧត្តម​បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន​ ​AMS​ ​នៅ​ថ្ងៃទី​៧​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​ថា​៖​ «​គោលបំណង​សំខាន់​នៃ​យុទ្ធសាស្ត្រ​នេះ​ ​គឺ​គាំទ្រ​ដល់​ ​SMEs​ ​នៅ​គ្រប់​ដំណាក់កាល​នៃ​វដ្ត​ជីវិត​របស់​ពួកគេ​ ​រួមមាន​ការ​បង្កើត​ ​ការ​ចុះបញ្ជី​ ​ការ​រីកចម្រើន​ ​ហើយ​នៅពេល​អាជីវកម្ម​ជួប​ការ​លំបាក ​ឬ​បញ្ឈប់​ប្រតិបត្តិការ​ ត្រូវ​ធានា​ថា​មាន​យន្តការ​គាំទ្រ​សមស្រប​»​។

​ឯកឧត្តម​ ហេង ​សុខ​គង់​ ​បាន​ឱ្យដឹង​ថា​ ​រាជ​រដ្ឋាភិបាល​ក៏​បាន​ប្តេជ្ញា​សម្រួល​នីតិវិធី​ចុះបញ្ជី​ ​SMEs​ ​ឱ្យ​កាន់តែ​ងាយស្រួល​ និង​ឆាប់រហ័ស​ជាង​មុន​។ ​ជំហាន​ដំបូង​ ​គម្រោង​សាកល្បង​សម្រាប់​សហគ្រាស​ផលិត​សាប៊ូ ​មាន​គោលដៅ​កាត់បន្ថយ​រយៈពេល​ចុះបញ្ជី​មក​ត្រឹម​៦​ថ្ងៃ​ ​សម្រាប់​អាជីវកម្ម​ដែល​មាន​ខ្សែ​ច្រវាក់​ផលិតកម្ម​រួចរាល់ ​ខណៈ​នីតិវិធី​សម្រាប់​រោងចក្រ​ថ្មី​ៗ​ ​នឹង​ត្រូវ​អនុវត្ត​ជាបន្តបន្ទាប់​។​

បន្ថែម​ពី​នេះ​ រាជ​រដ្ឋាភិបាល​គ្រោង​បង្កើត​យន្តការ​ថ្មី​ចំនួន​៣​ ​រួមមាន​ ​ក្រុមការងារ​ដឹកនាំ​ដោយ​ផ្ទាល់​ពី​នាយក​រដ្ឋមន្ត្រី​ ​ដើម្បី​តាមដាន​កំណែទម្រង់​ ​SMEs​ ​អង្គភាព​សម្របសម្រួល​សម្រាប់​ធានា​ឱ្យ​ប្រព័ន្ធ​ចុះបញ្ជី​ដំណើរការ​រលូន​ ​និង​មជ្ឈមណ្ឌល​សេវា​ច្រក​ចេញ​ចូល​តែ​មួយ​ ​ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​) ​ដើម្បី​ទទួល​ និង​ដំណើរការ​ពាក្យ​ស្នើសុំ​ចុះបញ្ជី​ទាំង​តាម​ផ្ទាល់​ ​និង​តាម​ប្រព័ន្ធ​អនឡាញ​។ ​រាជ​រដ្ឋាភិបាល​ក៏​កំពុង​ពិចារណា​បង្កើត​កម្មវិធី​ទូរស័ព្ទ​សម្រាប់​តាមដាន​វឌ្ឍនភាព​នៃ​ការ​ចុះបញ្ជី​ ​SMEs​ ​ផងដែរ​។

​ឯកឧត្តម​បាន​បញ្ជាក់​ថា​ ​ការ​ចុះបញ្ជី​ ​SMEs​ ​បាន​កើនឡើង​ប្រមាណ​៤០​ភាគរយ​ ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦​។ ​ទន្ទឹមនឹង​នេះ​ ​ការ​លក់​របស់​ ​SMEs​ ​ដែល​ពីមុន​កើនឡើង​ត្រឹម​៥​ដល់​៨​ភាគរយ​ ​បាន​កើនឡើង​ប្រមាណ​៣៥​ដល់​៤៥​ភាគរយ​ ​បន្ទាប់ពី​មាន​និន្នាការ​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​នា​ពេល​ថ្មី​ៗ​នេះ​។

​បន្ទាប់ពី​យុទ្ធសាស្ត្រ​នេះ​ត្រូវបាន​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ រាជ​រដ្ឋាភិបាល​គ្រោង​ចេញ​អនុក្រឹត្យ​ចំនួន​២​បន្ថែម​ទៀត​។ ​អនុក្រឹត្យ​ទី​១​ ​នឹង​កំណត់​និយមន័យ​ ​និង​ចំណាត់ថ្នាក់​ថ្មី​សម្រាប់​ ​SMEs​ ​ខណៈ​អនុក្រឹត្យ​ទី​២​ ​នឹង​កំណត់​ការ​លើកទឹកចិត្ត​វិនិយោគ​សម្រាប់​ ​SMEs​ ​រួមមាន​អត្ថប្រយោជន៍​ពន្ធ​ ​និង​ការ​លើកទឹកចិត្ត​វិនិយោគ​ផ្សេង​ៗ​ ​ស្រដៀង​នឹង​គម្រោង​វិនិយោគ​ធំ​ៗ​។

​លោក​ឧកញ៉ា​ ​តែ​ ​តាំង​ប៉ ​ប្រធាន​សហព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ ​(​FASMEC​) ​បាន​លើកឡើង​ថា​ ​ទោះបី​មាន​ការ​រីកចម្រើន​ក៏ដោយ​ ​SMEs​ ​នៅតែ​ប្រឈម​នឹង​បញ្ហា​នីតិវិធី​រដ្ឋបាល​ដែល​ត្រួតស៊ី​គ្នា​រវាង​ស្ថាប័ន​រដ្ឋ​។ ​លោក​បាន​អំពាវនាវ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​បន្ត​សម្រួល​ឯកសារ​ ​និង​ដំណើរការ​ចុះបញ្ជី​ឱ្យ​កាន់តែ​ងាយស្រួល ​ខណៈ​ម្ចាស់​អាជីវកម្ម​ក៏​ត្រូវ​ចូលរួម​កែលម្អ​សមត្ថភាព​អាជីវកម្ម​របស់​ខ្លួន​ផងដែរ​។

​លោក​បណ្ឌិត​ ​ហុង ​វណ្ណៈ​ ​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ​បាន​លើកឡើង​ថា​ វិស័យ​ ​SMEs​ ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​ ​និង​ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​កម្ពុជា​។​

​លោក​បាន​គាំទ្រ​យុទ្ធសាស្ត្រ​នេះ​ ​ដោយ​ជឿជាក់​ថា​ ​ប្រសិនបើ​អនុវត្ត​បាន​ប្រកបដោយ​ប្រសិទ្ធភាព​ វា​នឹង​ក្លាយជា​ចលករ​ដ៏​សំខាន់​សម្រាប់​ការ​រីកចម្រើន​របស់​ ​SMEs​ ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​។

​ចំណែក​លោក​បណ្ឌិត​ ស៊ឺន ​សំ ​អ្នកវិភាគ​គោលនយោបាយ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ​បាន​ចាត់ទុក​ថា​ ​គោលនយោបាយ​ថ្មី​នេះ​ ​នឹង​ជួយ​លើកទឹកចិត្ត​វិនិយោគិន​ក្នុង​ស្រុក​ ​ជាពិសេស​សហគ្រិន​ដែល​ទើប​ចាប់ផ្តើម​អាជីវកម្ម​។​

​ទោះជា​យ៉ាងណា​ ​លោក​បាន​ស្នើ​ឱ្យ​រាជ​រដ្ឋាភិបាល​បន្ត​ដោះស្រាយ​បញ្ហា​ប្រឈម​ជាក់ស្តែង​ ​ដូចជា​នីតិវិធី​រដ្ឋបាល​ ​និង​ការ​ឆ្លើយតប​ចំពោះ​បញ្ហា​របស់​អ្នកផលិត​ ​ដើម្បី​ធានា​ថា​ការ​អនុវត្ត​យុទ្ធសាស្ត្រ​នេះ​អាច​សម្រេចបាន​នូវ​គោលដៅ​ដែល​បាន​កំណត់​​៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា