កម្ពុជា កំពុងបោះជំហ៊ានឆ្ពោះទៅអភិវឌ្ឍន៍វិស័យកម្មន្តសាលកម្រិតខ្ពស់

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា កំពុងបោះជំហ៊ានឆ្ពោះទៅអភិវឌ្ឍន៍វិស័យកម្មន្តសាលកម្រិតខ្ពស់

កម្ពុជា កំពុងបោះជំហ៊ានឆ្ពោះទៅអភិវឌ្ឍន៍វិស័យកម្មន្តសាលកម្រិតខ្ពស់

ភ្នំពេញ ៖ ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ កម្ពុជា បាន និងកំពុងបោះជំហានឆ្ពោះទៅមុខ ឈានទៅរកកាអភិវឌ្ឍវិស័យកម្មន្តសាលកម្រិតខ្ពស់ តាមរយៈបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្តជាដើម។ នេះជាការលើកឡើងរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «បរិវត្តកម្មអាស៊ាន ៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម» ។

Advertisement

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា (ASEAN-BAC Cambodia) បានបញ្ជាក់ថា កម្ពុជាកំពុងផ្លាស់ប្តូរឆ្ពោះទៅរកកម្មន្តសាលកម្រិតខ្ពស់ ជាពិសេសនៅក្នុងវិស័យអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត ដោយមានការគាំទ្រពីថវិកាជាតិចំនួន ១០,១ ពាន់លានដុល្លារអាម៉េរិក ដែលផ្តល់អាទិភាពដល់ការធ្វើទំនើបកម្មភាពប្រកួតប្រជែង និងអធិបតេយ្យភាពសេដ្ឋកិច្ច។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានមើលឃើញថា ការឈានទៅរកការអភិវឌ្ឍវិស័យកម្មន្តសាលកម្រិតខ្ពស់ សមស្របទៅនឹងស្ថានភាពជាក់ស្តែង នៃវិស័យឧស្សាហកម្មដែលកំពុងតែរីកចម្រើនខ្លាំងជាគេធៀបនឹងវិស័យផ្សេងៗទៀត។

លោកបញ្ជាក់ថា ៖

«បច្ចុប្បន្នកម្ពុជាមានកម្លាំងពលកម្មច្រើន ប៉ុន្តែសម្រាប់ពលករជំនាញបច្ចេកវិទ្យាកម្រិតខ្ពស់នៅមានចំនួនតិចនៅឡើយ ភាគច្រើនពលកររបស់យើងគេហៅថាពលករមិនមានជំនាញ ហើយក៍យើងមានកម្រិតកើនឡើងដែរ តាមរយៈការអន្តរាគមន៍កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ នោះគឺកម្លាំងពលកម្មយើងជាកម្មករជំនាញពាក់កណ្តាលបច្ចេកវិទ្យា ប៉ុន្តែកម្រិតខ្ពស់គឺយើងនៅមានកម្រិតខ្លាំងនៅឡើយ»។

លោក សេង វឹង នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Ford Cambodia បានមានប្រសាសន៍ គាំទ្រចំពោះដំណើរការឆ្ពោះទៅរកកិច្ចអភិវឌ្ឍន៍វិស័យកម្មន្តសាលកម្រិតខ្ពស់របស់កម្ពុជា ដោយលោកបញ្ជាក់ថា អាចធ្វើទៅបាន ប៉ុន្តែទាមទារឱ្យមានការបណ្តុះបណ្តាលជំនាញបន្ថែម។

លោកបញ្ជាក់ថា ៖

«ឧបមាថាយើងមកបើករោងចក្រដើម្បីផលិត ក៍យើងនៅតែត្រូវបណ្តុះបណ្តាលគាត់ ប៉ុន្តែគ្រាន់តែថា យើងបណ្តុះបណ្តាលនៅក្រៅប្រទេស ឬបណ្តុះបណ្តាលនៅក្នុងប្រទេស ហើយយើងមានកម្មករគ្រប់គ្រាន់ហើយឬនៅ?»

ឆ្លើយតបនឹតតម្រូវការកម្លាំងពលកម្មជំនាញ បច្ចុប្បន្នក្រុមហ៊ុន Ford បានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតសាលាបណ្តុះបណ្តាលជំនាញពលកម្មក្នុងវិស័យកម្មន្តសាលកម្រិតខ្ពស់ ដោយមានការបណ្តុះបណ្តាលពីគ្រូជំនាញទាំងក្នុង និងក្រៅប្រទេស។

បច្ចុប្បន្ន ប្រទេសកម្ពុជាបានផ្តល់អាទិភាពដល់វិស័យបច្ចេកវិទ្យាជាសមាសធាតុស្នូលនៃគោលនយោ​បាយជាតិ ដោយសារកំណើនដែលមានតម្លៃខ្ពស់មិនអាចបំបែកចេញពីភាពចាស់ទុំផ្នែកឌីជីថលបានឡើយ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអស៊ាន-កម្ពុជា ឆ្នាំ២០២៦ ថា បច្ចុប្បន្ន កម្ពុជាកំពុងអនុវត្តបដិវត្តកម្មជំនាញដ៏ធំមួយ តាមរយៈកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) សម្រាប់យុវជន ១.៥លាននាក់ ដោយមានកិច្ចសហការជាមួយមេដឹកនាំឧស្សាហកម្ម ដូចជា ក្រុមហ៊ុន Toyota កម្ពុជា ធានាថាកម្លាំងពលកម្មនៅកម្ពុជា មិនត្រឹមតែត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុលោមតាមតម្រូវការក្នុងបដិវត្តឧស្សាហកម្មទី៤ ផងដែរ។

បើតាមតួលេខក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥ កម្ពុជា មានរោងចក្រធុនធំចំនួន ៣ ០៨១ កើនឡើង ៦៥៨រោងចក្រ ស្មើនឹង ២៧,១៣ ភាគរយ ធៀបនឹងឆ្នាំ២០២៤។ ក្នុងនោះមានតំបន់សេដ្ឋកិច្ចពិសេស ដែលមានរោងចក្រកំពុងដំណើរការចំនួន ៣៤តំបន់ ស្ថិតក្នុង ១១រាជធានី កើនឡើង ០៤តំបន់ស្មើនឹង ១១,៣៣% ធៀបនឹងឆ្នាំ២០២៤។

ដោយឡែក សម្រាប់វិស័យកម្មន្តសាល បានចូលរួមផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរសរុបចំនួន ១ ២៦៨ ៩៥៣នាក់ ស្រ្តីចំនួន ៩០២ ៩៩១ ស្មើនឹង ៧១,២៤% កើនឡើង ១០៨ ៧៧២នាក់  ស្មើនឹង ៩,៣៨% ធៀបនឹងឆ្នាំ២០២៤៕   

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា