កម្ពុជា-ជប៉ុន ឈានដល់​របត់ថ្មីក្រោម​យុទ្ធសាស្ដ្រ Co- Creation ឆ្ពោះ​ទៅ​អនាគតរួមគ្នា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-ជប៉ុន ឈានដល់​របត់ថ្មីក្រោម​យុទ្ធសាស្ដ្រ Co- Creation ឆ្ពោះ​ទៅ​អនាគតរួមគ្នា

កម្ពុជា-ជប៉ុន ឈានដល់​របត់ថ្មីក្រោម​យុទ្ធសាស្ដ្រ Co- Creation ឆ្ពោះ​ទៅ​អនាគតរួមគ្នា

រាជធានីភ្នំពេញ៖ កិច្ចសហប្រតិបត្ដិការ​កម្ពុជា-ជប៉ុន បានឈានដល់​របត់ថ្មីមួយនៃ​ការ​បោះជំហាន​ពី​ទំនាក់ទំនង​បែប​ប្រពៃណី​ដែល​គេ​ធ្លាប់​មើល​ឃើញថា ​គ្រាន់​តែ​ជាសកម្មភាព​ផ្ដល់ និង​ទទួលជំនួយ ទៅ​កាន់គំរូសេដ្ឋកិច្ច​រីកចម្រើនឆ្លាតវៃ​ ​ក្រោម​យុទ្ធសាស្ដ្រ “Co-Creation”។

​នៅ​ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ​២០២៦ នេះ ឯកអគ្គរាជទូតជប៉ុនថ្មី​ប្រចាំនៅកម្ពុជា មន្ត្រីតំណាង​រាជរដ្ឋាភិបាល​កម្ពុជា វិស័យឯកជន និង​តំណាង​អង្គការ​ដៃគូ​ក្រៅ​រដ្ឋាភិបាល បាន​រៀបចំ​សិក្ខាសាលាមួយនៅសណ្ឋាគារ Raffles hotel Le Royal​ ដើម្បី​ពិភាក្សា​លម្អិត​លើប្រធាន​បទ៖ “ការ​​បង្កើត​រួម​គ្នា ឬ​​ Co-Creation​ ក្នុង​នាម​ជា​ដៃគូយូរអង្វែងរវាង​កម្ពុជា-ជប៉ុន ឆ្ពោះ​ទៅ​រក​អនាគត​រួម​គ្នា”។

ទីប្រឹក្សា​ជាន់ខ្ពស់ នៃមជ្ឈមណ្ឌលខ្មែរសិក្សា​កិច្ចការតំបន់​ ឯកឧត្ដម ពូ សុធីរៈ ថ្លែង​ប្រាប់​បណ្ដាញ​សារព័ត៌មាន ​AMS ​ នៅ​ក្រោយ​បញ្ចប់​កម្មវិធីសិក្ខា​សាលា​ភ្លាមៗ​ថា វា​ជាឱកាស​របស់​មន្ដ្រី និង​ភាគី​ពាក់ព័ន្ធ​របស់​ជប៉ុន -​កម្ពុជា​​ បានជួប​ពិភាក្សា និងចែករំលែកបទពិសោធន៍គ្នា ដើម្បីរឹតចំណង​មេត្រីភាព កិច្ចសហការល្អ​ដែល​ប្រទេស​ទាំង​ពីរ​បាន​យល់​ព្រម​ជាមួយ​គ្នា​ក្នុង​ការ​លើក​កម្រិត​​កិច្ច​សហ​ប្រតិបត្ដិការ​ស៊ីជម្រៅ និង​គ្រប់​ជ្រុង​ជ្រោយ​កាលពី​ឆ្នាំ​២០២៣ ហើយ​ឈាន​ដល់​ការ​ដាក់​ចេញ​យុទ្ធសាស្ដ្រ “បង្កើត​រួម​គ្នា” នៅ​ឆ្នាំ​២០២៥។

ឯកឧត្ដម​ ពូ សុធីរៈ យល់​ឃើញ​ថា កម្ពុជា ពិត​ជា​សម្រេចចិត្ដ​ត្រូវដោយ​​ចាប់​ដៃ​ជាមួយ​ប្រទេសជប៉ុន ដើម្បី​បង្កើតកិច្ច​សហប្រតិបត្ដិការសេដ្ឋកិច្ច ក្នុង​ក្របខណ្ឌ “Co- Creation​​” គឺ​ជា​រឿង​ល្អ​បំផុត​សម្រាប់​ខ្មែរ ព្រោះ​លោក​មិន​ទាន់​ឃើញ​កម្ពុជាចាប់​ដៃ​ជាមួយ​ប្រទេស​ណា​ផ្សេង ហើយ​អនុវត្ដ​នូវ​យុទ្ធសាស្ដ្រ​ល្អ​បែប​នេះ​នៅ​ឡើយ​ទេ។ ដូច្នេះ ​កម្ពុជា ត្រូវ​តែមាន​ភាព​ឈ្លាសវៃ និង​មាន​ភាព​បត់បែន​ខ្ពស់ ដោយ​រក​ដៃគូ​អភិវឌ្ឍសេដ្ឋកិច្ច​ណា​មួយ ដើម្បី​កុំ​ឱ្យ​កម្ពុជា​ជាប់គាំង​នៅ​ក្នុង​វិវាទ​របស់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច។

ចំណែកឯកអគ្គរាជទូតជប៉ុន​ប្រចាំ​នៅ​កម្ពុជា លោក អ៉ីស៉ីហ្ស៊ីគិ ហ៊ីដេអុ បានបញ្ជាក់​ថា ប្រទេស​កម្ពុជា និង​ជប៉ុន មាន​ដំណើរសេដ្ឋកិច្ចប្រកួត​ប្រជែង​ស្រដៀងគ្នា ដែលត្រូវ​ពង្រឹង​ខ្លួន​ទៅ​កាន់​បច្ចេក​វិទ្យា​ទំនើប ហើយ​​អាច​ប្រើប្រាស់បច្ចេកវិទ្យាបាន​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ការងារ និង​អាជីវកម្ម​បាន​កាន់​តែ​លឿន​ទៅ​មុខ។ លោក​ថា សមិទ្ធិផល​សម្រេច​បាន​កន្លង​មក និងកំពុង​​អនុវត្ដ​​យុទ្ធសាស្រ្ដ​សេដ្ឋកិច្ច បង្កើត​រួម​គ្នា​នេះ គឺផ្ដើមពី​ទំនុក​ចិត្ដ​កសាង​អនាគត​រួម​គ្នា។

​បទបង្ហាញ​​ពី​តំណាងជាន់ខ្ពស់អង្គការ​ Jica ប្រចាំនៅ​កម្ពុជា ​អ្នកស្រី Miura Yoshiko​ បានឱ្យដឹង​ថា កិច្ច​សហប្រតិបត្ដិការ​រវាង​កម្ពុជា-ជប៉ុន ដែល​ហៅ​ថា “បង្កើត​រួម​គ្នា ឆ្ពោះ​ទៅ​អនាគត​រួម​គ្នា” ត្រូវ​បាន​កំណត់​ឡើង​ក្នុង​គោលដៅ​គន្លឹះ​ចំនួន ៣ គឺ​ទី១ រក្សាភាព​ជា​ដៃគូ​យូរអង្វែង ដោយ​កសាង​ទំនុក​ចិត្ដ​គ្នាទៅវិញ​ទៅមក ទី២ បង្កើត​កិច្ច​សហប្រតិបត្ដិការបើកទូលាយ និង​ទី៣ បង្កើត​វិធីសាស្ដ្រ​រួម​បញ្ចូល​គ្នា ឆ្ពោះ​ទៅ​រក​ការអភិវឌ្ឍប្រកប​ដោយ​ចីរភាព។ នៅ​ក្នុង​បទបង្ហាញ​ដដែល​នេះ ក៏បាន​រំលេច​អំពី​សកម្មភាព​អភិវឌ្ឍ​ក្រោម​ជំនួយ​ផ្លូវការ(ODA)របស់​ជប៉ុន។ មាន​ដូច​ជា ជំនួយ​លើ​ការ​អភិវឌ្ឍន៍វិស័យធ្វើ​ដំណើរ និង​ដឹកជញ្ជូន ប្រព័ន្ធ​ធារាសាស្ដ្រ កសិកម្ម និង​អភិវឌ្ឍជនបទ អប់រំ អភិវឌ្ឍធនធានមនុស្ស សុខាភិបាល ទឹកស្អាត អនាម័យ និងពង្រឹង​អភិបាលកិច្ច​រដ្ឋបាល​សាធារណៈ និង​ផ្នែក​ឯកជន។

តាម​រយៈវេទិកាតុមូល​ដែល​មាន​វាគ្មិនជាមន្ដ្រីជាន់ខ្ពស់កម្ពុជា និងពី​ភាគីជប៉ុន សរុបចំនួន ៤រូប សម្របសម្រួល​ដោយ​នាយកមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់ បាន​លើក​ទស្សនៈ ​ចែករំលែក​បទពិសោធន៍ និងដៅ​លើ​ចំណុច​អាទិភាព​អភិវឌ្ឍសេដ្ឋកិច្ចរួម​គ្នា ក្នុង​កាលៈទេសៈដែល​​ពិភព​លោក​កំពុងប្រកួត​ប្រជែងខ្លាំង​លើភូមិសាស្ដ្រនយោបាយ និងសង្គ្រាមដែល​ធ្វើឱ្យ​សេដ្ឋកិច្ច​ពិភព​លោក​ពុំមាន​ភាព​ប្រាកដប្រជា។

ចំណុច​គន្លឹះទាំង៦ ពីសិក្ខាសាលារួមាន៖
ទី១. ពីទំនាក់ទំនងអ្នកផ្ដល់-អ្នកទទួល ឆ្ពោះទៅរកការបង្កើតថ្មីរួមគ្នា៖ ទំនាក់ទំនងទ្វេភាគីបានវិវត្តយ៉ាងពេញលេញទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។ ការយកចិត្តទុកដាក់បានផ្លាស់ប្តូរពីជំនួយអភិវឌ្ឍន៍បែបផ្លូវតែមួយ មកជាតម្លៃពាណិជ្ជកម្មទៅវិញទៅមក ការដោះស្រាយបញ្ហារួមគ្នា និងគោលដៅយុទ្ធសាស្ត្ររួមគ្នាវិញ។

ទី២. ស្វ័យភាពយុទ្ធសាស្ត្រតាមរយៈភាពជាដៃគូដែលទុកចិត្តបាន៖ ក្នុងបរិបទភូមិសាស្ត្រនយោបាយដែលបែងចែកជាបំណែកៗ ជប៉ុនដើរតួនាទីជាកម្លាំងទប់លំនឹងដ៏សំខាន់។ ការចាប់ដៃគូជាមួយតូក្យូជួយឱ្យកម្ពុជាអាចអនុវត្តយុទ្ធសាស្ត្រការពារហានិភ័យភូមិសាស្ត្រនយោបាយ ជៀសវាងការការពឹងផ្អែកខ្លាំងពេកលើមហាអំណាចណាមួយ និងការពារការសម្រេចចិត្តប្រកបដោយអធិបតេយ្យភាពរបស់ខ្លួន។

ទី៣. ការនាំចេញជំនាញ និងបទពិសោធន៍របស់កម្ពុជា៖ ភាពជោគជ័យនៃភាពជាដៃគូនេះត្រូវបានបង្ហាញតាមរយៈសមត្ថភាពថ្មីរបស់កម្ពុជា ក្នុងការចែករំលែកជំនាញដែលខ្លួនទទួលបានទៅកាន់ឆាកអន្តរជាតិ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការបោសសម្អាតមីនមនុស្សធម៌ ឥឡូវនេះត្រូវបានយកមកប្រើប្រាស់ដើម្បីបណ្តុះបណ្តាលបុគ្គលិកមកពីប្រទេសអ៊ុយក្រែន និងបណ្តាប្រទេសនានានៅទ្វីបអាហ្វ្រិក។

ទី៤. សារៈសំខាន់នៃភាពជាដៃគូអន្តរជាតិ៖ ការងើបឡើងវិញយ៉ាងពេញលេញនៃវិស័យទឹកស្អាតទីក្រុងរបស់កម្ពុជា បង្ហាញថាការរួមបញ្ចូលគ្នារវាងជំនួយបច្ចេកទេសអន្តរជាតិ ជាមួយនឹងភាពជាម្ចាស់ផ្ទះនិងការដឹកនាំក្នុងស្រុក គឺផ្តល់នូវលទ្ធផលផ្លែផ្កាជាខ្លាំង។

ទី៥. ការបណ្តុះបណ្តាលធនធានមនុស្ស មិនមែនត្រឹមតែហេដ្ឋារចនាសម្ព័ន្ធ៖ កេរដំណែលរបស់ជប៉ុននៅកម្ពុជាគឺផ្តោតជាខ្លាំងលើការអភិវឌ្ឍធនធានមនុស្ស។ អាហារូបករណ៍ ការស្រាវជ្រាវរួមគ្នា និងការអប់រំផ្អែកលើបន្ទប់ពិសោធន៍ បានពង្រឹងសមត្ថភាពដល់វិស្វករ និងអ្នកបង្កើតគោលនយោបាយជំនាន់ក្រោយរបស់កម្ពុជា ដើម្បីដឹកនាំស្ថាប័នផ្ទាល់ខ្លួន។

ទី៦. ទិសដៅថ្មីនៃការសហការ៖ បញ្ញាស្មារតីសិប្បនិម្មិត (AI) អនាម័យជនបទ និងសង្គមស៊ីវិល៖ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធទីក្រុងមានការរីកចម្រើនយ៉ាងខ្លាំង ការសហការគ្នានាពេលអនាគតត្រូវតែដោះស្រាយបញ្ហាប្រឈមថ្មីៗ។ ភារកិច្ចអាទិភាពដែលបានកំណត់រួមមាន ការចាប់យកបដិវត្តន៍ AI ការដោះស្រាយបញ្ហាខ្វះខាតអនាម័យធ្ងន់ធ្ងរនៅតាមតំបន់ជនបទនិងសហគមន៍លើទឹក និងការស្វែងរកមធ្យោបាយគាំទ្រ និងប្រាស្រ័យទាក់ទងជាមួយអង្គការសង្គមស៊ីវិល។

សូម​រំលឹក​ជូន​ថា យុទ្ធសាស្ដ្រ ​​“បង្កើត​រួម​គ្នា ឆ្ពោះ​ទៅ​រក​អនាគត​រួម​គ្នា”​ រវាង​កម្ពុជា-ជប៉ុន​ បាន​ផ្តួចផ្តើមឡើង​ក្នុងពេល​ដំណើរ​ទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសជប៉ុន កាលពីអំឡុងខែឧសភា ឆ្នាំ២០២៥។ កញ្ចប់កិច្ចសហប្រតិបត្ដិការ​នេះ មានមន្ត្រីពីក្រសួង​ជំនាញ​របស់​កម្ពុជាចំនួន ៣៣ រូប និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធជប៉ុន ដូចជាស្ថានទូតជប៉ុន និងអង្គការ JETRO ដើម្បីដោះស្រាយចម្ងល់របស់អ្នកវិនិយោគ ធ្វើការវាយតម្លៃជាទៀងទាត់លើការដ្ឋាន និងឱកាសវិនិយោគ ព្រមទាំងផ្តល់ការណែនាំបច្ចេកទេស និងការណែនាំទូទៅដល់​វិនិយោគិនផងដែរ៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា